កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ Chelsea ឡើង​ដឹកនាំ U21 ចិន ត្រៀម​ប្រជែង​មេដាយ​អូឡាំពិក​នៅ​តូ​ក្យូ ២០២០
11, Sep 2018 , 8:39 am        
រូបភាព
​លោក Guus Hiddink អតីត​អ្នកចាត់ការ​ទូទៅ Chelsea និង​ជម្រើសជាតិ​ហូ​ឡង់​ដ៏​ល្បីល្បាញ បាន​ឡើងជា​គ្រូបង្វឹក​ថ្មី​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​ក្រោម​អាយុ​២១​ឆ្នាំ (U21) នៅ​ថ្ងៃទី​១០ ខែកញ្ញា​នេះ ដោយ​ទទួល​ភារកិច្ច​សំខាន់​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នាទី​ក្រុង​តូ​ក្យូ​។​


 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ វ័យ​៧១​ឆ្នាំ​រូបនេះ​នឹងត្រូវ​ចូលរួម​ជាមួយ​គ្រូបង្វឹក​ជើងចាស់​ដ៏​ល្បីល្បាញ​ម្នាក់ទៀត​គឺ​លោក Marcello Lippi ដែល​ធ្លាប់ជួយ​អ៊ីតាលី​ឈ្នះ​ពាន World Cup ឆ្នាំ​២០០៦ ដើម្បី​ជំរុញ​កីឡាបាល់ទាត់​ចិន​ឲ្យ​កាន់តែ​ខ្លាំងក្លា​លើ​ឆាក​អន្តរជាតិ​។
 
​លោក Lippi ដែលមាន​សញ្ជាតិ​អ៊ីតាលី និង​មាន​វ័យ​៧០​ឆ្នាំ បានទទួល​បន្ទុក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិចិន​ឈុត​ធំ​តាំងពី​ឆ្នាំ​២០១៦​មក និង​បាន​ជួយ​ក្រុម​អាស៊ី​មួយ​នេះ​រីកចម្រើន​គ្រាន់បើ​ដែរ បើទោះជា​បរាជ័យ​ដើម្បី​ឈានទៅ​ការប្រកួត World Cup នៅ​រុស្ស៊ី និង​ស្ថិតនៅ​លេខ​រៀង​ទី​៧៥​ពិភពលោក​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA Ranking ក៏ដោយ​។​
 
​ក្នុង​ពិធី​ប្រកា​សលោក Hiddink ជា​គ្រូ U21 ចិន​ជា​ផ្លូវការ ប្រធាន​សមាគម​កីឡាបាល់ទាត់​ចិន (CFA) បាន​លើកឡើងថា​៖« កិច្ចការ​ចម្បង​បំផុត​គឺ​ដើម្បី​នាំ​ក្រុម​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០​។ ក្រោម​ការដឹកនាំ​របស់​លោក Hiddink និង​ក្រុម​គ្រូបង្វឹក​របស់គាត់​ក្រុមយុវជន U21​ចិន​នឹង​បន្ត​ក្តី​សុបិន​អូឡាំពិក​របស់​ពួកគេ​ជាមិនខាន​»​។​
 
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន អតីត​គ្រូ​កូរ៉េខាងត្បូង​ដែល​ជួយ​ប្រទេស​នេះ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​២០០២ នឹង​ទទួលបាន​ប្រាក់បៀវត្ស ៤,៧​លា​នុដ​ល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​បន្ទាប់ពី​គិតថ្លៃ​ពន្ធ​រួច​។​
 
​ដូច​ទៅនឹង​លោក Lippi ដែរ Hiddink មានបទពិសោធន៍​ជាច្រើន​នៅ​ក្លិប​កំពូលៗ​នៅ​អឺរ៉ុប និង​ក្រុម​ជម្រើសជាតិ​។ បន្ថែម​ពីលើ​ការដឹកនាំ​ពីរ​របស់ Hiddink នៅ Chelsea លោក​ក៏​ធ្លាប់បាន​ដឹកនាំ​ក្រុម​ធំៗ​ផ្សេងទៀត​ដូចជា Real Madrid, PSV Eindhoven, Valencia និង​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី រុស្ស៊ី និង​តួ​ក​គី​ជាដើម​៕

Tag:
 បាល់ទាត់​
  Guus Hiddink
  ចិន​
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com