កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ ​កម្ពុជាចាញ់ម៉ាឡេស៊ី ៣-១
10, Sep 2018 , 9:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក Keisuke Honda ចាញ់​ម៉ាឡេស៊ី  ៣-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា នេះ​។​ ​



ការប្រកួត​ដំណើរការ​បាន​ត្រឹម​៣នាទីប៉ុណ្ណោះ ប៊ិន ចន្ថាធារី បាន​ស៊ុត​បាល់ពិន័យពីចម្ងាយ ហើរទៅប៉ះនឹងរបាទី​របស់ម៉ាឡេស៊ី បន្ទាប់មក កែវ សុខផេង មាន​ឱកាសល្អមួយទៀត ប៉ុន្តែអ្នក​ចាំទីរារាំង។ ឈានដល់នាទី១៨ កម្ពុជា វាយលុកទៅ​លើតំបន់គ្រោះថ្នាក់របស់​ក្រុមភ្ញៀវ ហើយ កែវ សុខផេង បានតែតបាល់ទៅឲ្យ សឿយ វិសាល ស៊ុត​បាល់បញ្ចូលទីនាំមុខ​១គ្រាប់។

នៅតង់ទីពីរ កម្ពុជាមានឱកាសមាសនៅនាទី៥០ ក្រោយ កែវ សុខផេង បញ្ជូនទៅ​ឲ្យ គួច សុគម្ភៈ ប៉ុន្តែប្រធាន​ក្រុម​រូបនេះស៊ុត​ខុសគោលដៅ ដោយសារតែខ្លួន​អស់ជំហរ។ នៅនាទី​៥៧ អ្នក​ចាំទីម៉ាឡេស៊ី បាន​រារាំង​ការស៊ុត​យ៉ាងល្អ​របស់ រ៉ឹង ប៊ុនហៀង។

នៅនាទី​៦១ និង៧៤ ម៉ាឡេស៊ី បាន​ស៊ុត​បាល់បញ្ចូលទីជាបន្ត​បន្ទាប់​ដើម្បីនាំមុខម្ចាស់ផ្ទះ ២-១ វិញ។ ឈាន​ដល់នាទី​បន្ថែម ក្រុមភ្ញៀវ​បន្ថែម​បាន​មួយគ្រាប់ទៀតដើម្បី​បញ្ចប់ជាមួយ​នឹងជ័យ​ជម្នះ ៣-១។

ក្នុងការ​ប្រកួតនេះ អ្នក​ចាំទីម៉ាឡេស៊ី Khairul Fahmi Che Mat បាន​បំពេញតួនាទីយ៉ាងល្អក្នុងការរារាំងឱកាស​រក​គ្រាប់បាល់របស់​ម្ចាស់​ផ្ទះ។
 
 
​ជម្រើស​១១​នាក់​ដំបូង​របស់​កម្ពុជា​៖ រ៉ឹង ប៊ុន​ហៀ​ង​, ស៊ិន កក្កដា​ (ប្រាក់ ធីវ៉ា ៦២), សុះ ស៊ូ​ហា​ណា (ទិត្យ ឌីណា ៦២)​, កែវ សុខ​ផេង​, ប៊ិន ចន្ថា​ធា​រី​, គួច សុគ​ម្ភៈ (​ប្រធាន​ក្រុម​), ឆេង ម៉េង (សាត រ៉ស៊ីប ៧៨), សឿ​យ វិសាល​, ហុង ផេង (អ៊ិន សូដាវីដ)​, ឈិន ឈឿន (នេន សុធារដ្ឋ ៧៨)​, ស៊ូ យ៉ា​ទី​។​

Tag:
 ជម្រើសជាតិ
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com