ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វីតាមីន និង​ជាតិ​រ៉ែ​ល្អ​បំផុត ដែល​មនុស្ស​ចាស់​ត្រូវកា​រ​
12, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​អស់កម្លាំង ឈឺសន្លាក់ ពុក​ឆ្អឹង ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ សុទ្ធតែជា​អ្វីៗ​ដែល​គួរ​ឲ្យ​បារម្ភ​សម្រាប់​មនុស្ស​ចាស់ ហើយ​វា​ក៏​ជាដើម​ហេតុ​នាំ​ឲ្យ​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​ពួកគាត់​ថយចុះ​ផងដែរ​។ យ៉ាងណាមិញ វីតាមីន និង​ជាតិ​រ៉ែ​ត្រូវបាន​គេ​ស្គាល់​ថា អាចជួយ​ឲ្យ​មនុស្ស​ចាស់​ជាច្រើន​មាន​សុខ​ភាពល្អ​បាន ថ្វីបើ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​ប្រហែលជា​មិនអាច​ផ្តល់នូវ​អ្វីដែល​រាងកាយ​គាត់​ត្រូវការ​បាន​។



ដូច្នេះ​តើ​ជាតិ​រ៉ែ និង​វីតាមីន​អ្វីខ្លះ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​មនុស្ស​ចាស់​ទៅ​?
 
​កាល់ស្យូម​
 
​មនុស្ស​ចាស់​គឹ​ប្រឈម​ខ្ពស់​ណាស់​នឹង​ជំងឺ​ពុក​ឆ្អឹង នេះ​ដោយសារតែ​មនុស្ស​ចាស់​ងាយ​នឹង​រអិលដួល​ដោយ​ចៃដន្យ ដូច្នេះ​ពួកគេ​អាច​នឹង​ជួប​បញ្ហា​បាក់ឆ្អឹង​បាន​គ្រប់ពេល​។ ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង ជាតិ​កាលស្យូម​គឺជា​ជីវជាតិ​ដ៏​សំខាន់បំផុត​សម្រាប់​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​ពួកគាត់​។ 
 
​វីតាមីន D 
 
​ការដែល​ញ៉ាំ​កាល់ស្យូម​តែមួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​ឡើយ​។ វា​គឺជា​រឿង​សំខាន់​សម្រាប់​រាងកាយ​ដើម្បី​អាច​ប្រើប្រាស់​ជាតិ​កាល់ស្យូម​ទាំងអស់​ដែល​បានមកពី​អាហារ​ដែល​ញ៉ាំ​រួច​។ អ្នកជំនាញ​និយាយថា វីតាមីន D គឺជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម​ទៅក្នុង​ឈាម​កាន់តែ​ល្អ​។ វីតាមីន D ក៏​ជួយ​ពង្រឹង​ដល់​សុខភាព​ធ្មេញ និង​ការពារ​ជំងឺមហារីក ព្រមទាំង​ទឹកនោមផ្អែម​បាន​ថែម​ទៀតផង​។ 
 
​វីតាមីន B12 
 
​គ្រូពេទ្យ​ជាច្រើន​និយាយថា វីតាមីន B គឺ​ល្អ​បំផុត​សម្រាប់​ការថែរក្សា​កោសិកា​ខួរក្បាល​ឲ្យ​មាន​សុខ​ភាពល្អ​។ ចាប់តាំងពី​មនុ​ស្ស​ងាយ​នឹងមាន​ការថយចុះ​ខាង​បញ្ញា​ស្មារតី​មក វា​គឺជា​រឿង​សំខាន់បំផុត​ក្នុងការ​ថែរក្សា​កោសិកា​ខួរក្បាល​ឲ្យ​បានល្អ​។ ក្នុងចំណោម​វី​តា​មីន B ទាំងអស់ វីតាមីន B12 ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អះអាងថា ជួយ​ថែរក្សា​ខួរក្បាល​របស់​មនុស្ស​យើង​ឲ្យ​ធ្វើការ​បាន​យ៉ាង​ល្អ និង​មាន​សុខ​ភាពល្អ​រាប់សិប​ឆ្នាំ​។​
 
​ជាតិ​ដែក​
 
​នៅពេល​មនុស្ស​យើង​អាយុ​កាន់តែច្រើន រាងកាយ​នឹង​ថយចុះ​ការ​បឺត​ស្រូប​ជាតិ​ដែក​ពី​របប​អាហារ​។ ហេតុ​ដូច្នេះហើយ ពួកគេ​ក៏​នឹងមិន​អាច​ទទួល​បានជា​តិ​ដែក​គ្រប់គ្រាន់​សម្រាប់​បង្កើត​គ្រាប់​ឈាមក្រហម​ដែរ ហើយក៏​ងាយ​នឹងធ្វើ​ឲ្យ​អស់កម្លាំង​ថែមទៀត​។ ការដែល​មិនមាន​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់ នឹងធ្វើ​ឲ្យ​កង្វះ​គ្រាប់​ឈាម​។ 
 
​វីតាមីន C 
 
​មាន​ហេតុផល​ពីរ​យ៉ាង​ដែល​វិ​តា​មីន C មាន​សារៈ​សំខាន់បំផុត​សម្រាប់​មនុស្ស​ចាស់​។ ទីមួយ វា​អនុញ្ញាតិ​ឲ្យ​មានការ​បឺត​ស្រូប​ជាតិ​ដែក​ពីរ​បប​អាហារ​កាន់តែច្រើន ឬ​ពី​ថ្នាំ​បំប៉ន​។ ទី​ពីរ វា​នឹង​ជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង​។ ដល់ពេល​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង ការបង្ក​ររោគ​នឹងមិន​ងាយ​កើត​ឡើងលើ​រាងកាយ​ឡើយ​។ 
 
​ជាតិ​ស័​ង្គ​សី​
 
​ក្រៅពី​វីតាមីន C ជាតិ​ស័​ង្គ​សី​ក៏​ជា​សារធាតុ​ដ៏​សំខាន់​មួយទៀត​ក្នុងការ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​កាន់តែ​រឹងមាំ​។ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ជាតិ​រ៉ែ​ដ៏​ស​ពិសេស​នេះ​ល្អ​បំផុត​ក្នុង​ការជួយ​កុំ​ឲ្យ​កើត​ការបង្ករ​រោគ​នៅ​ផ្លូវដង្ហើម​។ អ្នកវិទ្យាសាស្ត្រ​និយាយថា ជាតិ​ស័​ង្គ​សី​ក៏​ជួយ​ជម្រុញ​ដល់​មុខងារ​របស់​ខួរក្បាល​លើ​មនុស្ស​ចាស់​ថែមទៀត​។​
 
​វីតាមីន E 
 
​យោងទៅតាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា វីតាមីន E គឺ​ពិតជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំងក្លា​មែន​។ មនុស្ស​យើង​អាច​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​ជីវជាតិ​ដ៏​សំខាន់​មួយ​នេះ​ក្នុង​ការជួយ​កំចាត់​ចោល​រ៉ាឌីកាល​សេរី​ក្នុង​ខ្លួន​។ ការ​ដែលមាន​រ៉ាឌីកាល​សេរី​ច្រើន​ក្នុង​ខ្លួន វា​នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​កោសិកា​ល្អៗ ហើយ​ភាព​ចាស់​ក៏​កើតឡើង​យ៉ាង​លឿន​ដែរ​៕


 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com