កីឡាជាតិ
ជាតិ
ទោះចាញ់ តែអាចទទួលយកបានសម្រាប់ Honda ដែលដឹកនាំបង្វឹកត្រឹមមួយសប្តាហ៍ លោក Keisuke Honda ឈរបញ្ជាក្រុមកម្ពុជានាជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា។ រូបថត AFP
× ទោះបីចាញ់ក្រុមម៉ាឡេស៊ី ៣-១ នាជំនួបមិត្តភាពអន្តរជាតិ តែលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាសរសើរកីឡាករថា បានធ្វើតាមអ្វីដែលលោកប្រាប់បានយ៉ាងល្អ។ ជាមួយគ្នានេះ Honda ដែលជំរុញឲ្យនិយាយពីចំណុចល្អជាជាងចំណុចខ្សោយ ពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់កូនក្រុម។ ប៉ុន្តែលោកមើលឃើញថា កម្ពុជានៅមានចំណុចខ្វះខាតជាច្រើន ដែលត្រូវកែតម្រូវបន្ថែមទៀត។
ក្រោយប្រមូលផ្តុំហ្វឹកហាត់ប្រមាណ១សប្តាហ៍កន្លងមកនេះ សមាជិកក្រុមជម្រើសជាតិកម្ពុជាបានការសរសើរពីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាថា ពួកគេបានធ្វើតាមបានយ៉ាងល្អនូវអ្វីដែលលោកបានប្រាប់។ បន្ថែមលើនេះ អ្នកចាត់ការទូទៅរូបនេះ បានសរសើរពីទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជាទៀតផង។
«ខ្ញុំពេញចិត្តចំពោះបរិយាកាសបែបនេះ និងកីឡាកររបស់ខ្ញុំ។ អ្វីដែលខ្ញុំពេញចិត្តបំផុតនោះ គឺកីឡាករទាំងអស់ចង់ជោគជ័យក្នុងអាជីពរបស់គាត់ ហើយខ្ញុំចង់គាំទ្រពួកគាត់ឲ្យជោគជ័យក្នុងអាជីពរបស់ខ្ញុំដូចគ្នា។ ថ្ងៃនេះយើងចាញ់ក៏ពិតមែន តែបើយើងមើល៣០នាទីដំបូង គឺពួកគេធ្វើបានយ៉ាងល្អ។ ដូច្នេះមានន័យថា ពួកគេបានធ្វើតាមទស្សនៈបាល់ទាត់ និងអ្វីដែលខ្ញុំចង់បាន»។ ការលើកឡើងបែបនេះរបស់លោក Honda ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយកម្ពុជាប្រកួតចាញ់ម៉ាឡេស៊ី ៣-១ នាជំនួបមិត្តភាពអន្តរជាតិ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។
លោក Keisuke Honda ដែលនិយាយពីចំណុចល្អជាជាងចំណុចចំណុចមិនល្អមើលឃើញថា ក្រុមកម្ពុជានៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវកែតម្រូវ ពិសេសបញ្ហាកម្លាំងតែម្តង។ យ៉ាងណាមិញលោកអះអាងថា គ្មានកីឡាករណាអាចធ្វើបានល្អឥតខ្ចោះរហូត៩០នាទីនោះទេ។
«៣០នាទីដំបូងយើងធ្វើបានល្អ តែបាល់ទាត់គេលេង៩០នាទី ដូច្នេះកម្លាំងនៅតែជាបញ្ហាចោទសម្រាប់យើង។ គ្មានអ្នកណាអាចរត់៩០នាទីបានល្អឥតខ្ចោះនោះទេ ខ្ញុំមិនដែលជួបនោះទេ ទោះបីកីឡាករកម្រិតខ្ពស់ក៏ដោយ។ ដូច្នេះអ្វីដែលយើងត្រូវគិតត្រូវយល់ គឺត្រូវស្វែងរកពិធីលេងឲ្យបានល្អ ពេលយើងថមថយកម្លាំង»។ នេះជាការបន្ថែមរបស់លោក Honda ដែលបានប្តេជ្ញាថា លោកនៅតែបន្ត និងខិតខំស្វែងរកវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានេះ ដើម្បីអភិវឌ្ឍន៍កីឡាបាល់ទាត់នៅកម្ពុជា៕
Tag:
បាល់ទាត់
ជម្រើសជាតិកម្ពុជា
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com