កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​លី​បេ​រី​យ៉ា​ចូល​លេង​ឲ្យ​ជម្រើសជាតិ​នា​ជំនួប​មិត្តភាព​ជាមួយ​នី​ហ្សេ​រី​យ៉ា
12, Sep 2018 , 2:23 pm        
រូបភាព
លោកប្រធានាធិបតីលីបេរីយ៉ា-George-Weah
លោកប្រធានាធិបតីលីបេរីយ៉ា-George-Weah
​ប្រធានាធិបតី​លី​បេ​រី​យ៉ា​លោក George Weah បាន​ចូលរួម​ក្នុងនាម​ជា​កីឡាករ​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់លោក​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង​ក្រុម​នី​ហ្សេ​រី​យ៉ា​នៅ​រដ្ឋធានី Monrovia នា​ថ្ងៃទី​១១ ខែកញ្ញា​។​


 
​លោក Weah វ័យ​៥១​ឆ្នាំ ដែលជា​កីឡាករ​បាល់ទាត់​អាហ្វ្រិក​តែ​ម្នាក់​គត់​ដែល​បានឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​លំដាប់​ពិភពលោក Ballon d'Or​ នោះ បានបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​លី​បេ​រី​យ៉ា​រយៈពេល ៧៩​នាទី​ក្នុង​បរាជ័យ​នៅផ្ទះ​ខ្លួនឯង​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​នី​ហ​ហ្សេ​រី​យ៉ា​ដោយ​លទ្ធផល ២-១​។​
 
​លី​បេ​រី​យ៉ា​បានរៀបចំ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ឡើង​ដើម្បី​ជាការ​ប្រកាស​ចូលនិវត្តន៍​អាវ​លេខ​១៤ របស់ Weah ដែល​ពាក់​សម្រាប់​ក្រុម​ជម្រើសជាតិ ក្នុងនាម​ជា​កីឡាករ​ដែលមាន​កម្រិត​ខ្ពស់បំផុត​។​
 

 
​អតីត​ខ្សែប្រយុទ្ធ Paris Saint-Germain, AC Mila, Chelsea, Manchester City, Marseille និង Al Jazira រូបនេះ​បាន​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​ក្នុង​ឆ្នាំ​២០០៣ ដើម្បី​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ ដោយ​ចូល​បម្រើ​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុងប្រទេស​លី​បេ​រី​យ៉ា​តែម្តង​។ លោក​បានឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​កាលពី​ចុងឆ្នាំ​២០១៧ និង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រ​ធនា​ធិបតី​នៃ​ប្រទេស​នេះ​កាលពី​ខែមករា​កន្លងទៅ​។​
 
​សម្រាប់​សមាសភាព​កីឡាករ​របស់​ក្រុម​នី​ហ្សេ​រី​យ៉ា​សម្រាប់​ការប្រកួត​នោះ​សុទ្ធសឹង​កីឡាករ​ល្បីៗ​ដូចជា Wilfred Ndidi និង និង​ខ្សែប្រយុទ្ធ Kelechi Iheanacho របស់ Leicester City និង​ខ្សែបម្រើ​កណ្តាល Peter Etebo របស់ Stoke City ជាដើម​។ ២​គ្រាប់​របស់​នី​ហ្សេ​រី​យ៉ា​រកបាន​ដោយ​កីឡាករ Peter Etebo និង Henry Onyekuru ហើយ​១​គ្រាប់​របស់​លី​បេ​រី​យ៉ា​ធ្វី​បាន​ពី​ខ្សែប្រយុទ្ធ Kpah Sherman ដោយ​បាល់​ប៉េ​ណា​ល់​ទី​៕
 

Tag:
 ​បាល់ទាត់​
  George Weah
  លី​បេ​រី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com