អន្តរជាតិ
ពលរដ្ឋ​ជាង​មួយ​លាន​នាក់​ត្រូវបាន​បញ្ជា​ឲ្យ​ចាក​ចេញពី​រដ្ឋ​នៅ​ប៉ែក​ខាងកើត​អាមេរិក ខណៈ​ព្យុះសង្ឃរា Florence មកដល់​
12, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​មនុស្ស​ជាង​មួយ​លាន​នាក់​ត្រូវបាន​បញ្ជា​ឲ្យ​ចាក​ចេញពី​រដ្ឋ​នៅ​ភាគ​អាគ្នេយ៍​នៃ​សហរដ្ឋអាមេរិក ខណៈដែល​ព្យុះសង្ឃរា​ដ៏​មាន​អានុភាព​មួយ​នឹង​បោកបក់​មកដល់​តំបន់​នេះ​។​

 
​បទបញ្ជា​ឲ្យ​ចាកចេញ​ជាដាច់ខាត​នេះ​ត្រូវបាន​បញ្ជា​ដល់​រដ្ឋ South Carolina រដ្ឋ North Carolina និង​រដ្ឋ Virginia ខណៈដែល​អ្នក​ឧតុនិយម​និង​មន្ត្រី​នានា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ដើម្បី​ការពារ​ពី​កម្លាំង​ខ្យល់​និង​ភ្លៀង​ខ្លាំង​ដែល​កើតឡើង​ដោយសារ​ព្យុះសង្ឃរា Florence​។​
 
​មជ្ឈមណ្ឌល​ព្យុះសង្ឃរា​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹងថា នឹងមាន​ព្យុះ​បោកបក់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ដែល​កម្លាំង​ព្យុះ​នេះ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​។​
 
​ព្យុះសង្ឃរា Florence កម្រិត​ទី​៤​នេះ នឹង​បោកបក់​ជាមួយនឹង​កម្លាំង​អតិបរមា​២១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ អ្នក​ឧតុនិយម​គិតថា ព្យុះសង្ឃរា​នេះ​នឹងមាន​អានុភាព​កាន់តែ​ខ្លាំងក្លា​។ វា​គឺជា​ព្យុះសង្ឃរា​ដ៏​មាន​អានុភាព​បំផុត​ដែល​គំរាមកំហែង​ដល់​តំបន់​នេះ​ក្នុង​រយៈពេល​ជិត​៣​ទសវត្សរ៍​កន្លងមក​នេះ​។​
 
​ព្យុះសង្ឃរា​កម្រិត​ទី​៤​នេះ​មាន​សមត្ថភាព​អាច​បក់​យក​ដំបូលផ្ទះ ធ្វើ​ឲ្យ​ដើមឈើ​រលើង គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​កន្លែង​ស្នាក់នៅ​រហូតដល់​រាប់​សប្តាហ៍ ឬ​រាប់​ខែ​ឯណោះ​។ គេ​រំពឹងថា ព្យុះសង្ឃរា Florence នឹងធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​រហូតដល់​កម្ពស់ ៣៨​ទៅ​៥០​សង់ទីម៉ែត្រ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com