កីឡាជាតិ
ជាតិ
​លោក កែវ សារ៉េត ឡើងជា​អគ្គលេខាធិការ FFC សារជាថ្មី ខណៈ លោក យាន ឈៀង គ្រប់គ្រង​មណ្ឌល​បាទី​
12, Sep 2018 , 8:59 pm        
រូបភាព
លោក កែវ សារ៉េត ត្រូវបានតែងតាំងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក កែវ សារ៉េត ត្រូវបានតែងតាំងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
លោក កែវ សារ៉េត ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ចំណែក​លោក យាន ឈៀង ជា​នាយក​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​។​

 
​ក្រោយ​លោក គល់ សុ​ផា​ណា លាលែង​ពី​តំណែង​ជា​អ​គ្គេ​លេខាធិការ កាលពី​ខែតុលា ឆ្នាំ​២០១៦ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពុំមាន​អគ្គលេខាធិការ​នោះទេ​ជិត​ពីរ​ឆ្នាំកន្លងមកនេះ ពោលគឺ​មានតែ​អគ្គលេខាធិការ​ស្តីទី គឺ​លោក ម៉ៃ តុលា តែប៉ុណ្ណោះ​។ ទីបំផុត​លោក សៅ សុខា ប្រធាន​សហព័ន្ធ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ បានសម្រេច​តែ​ងតាំង​លោក កែវ សារ៉េត អតីត​នាយក​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ 
 
​នេះ​ជា​លើក​ទី​២​សម្រាប់ លោក កែវ សារ៉េត ចំពោះ​តួនាទី​ជា​អគ្គលេខាធិការ ពោលគឺ​លោក​ធ្លាប់​កាន់​តួនាទី​នេះ​ម្តង​រួចមក​ហើយពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០៥​។ បន្ទាប់មក​លោក ស​រ៉េត ត្រូវបាន​សហព័ន្ធ​តែងតាំង​ជា​នាយក​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​នៅ​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០១៨ ដែល​ទទួលបាន​តំណែង​ថ្មី​នេះ​។​
 
​ជាមួយគ្នានេះ លោក សៅ សុខា បានតែងតាំង​លោក យាន ឈៀង អតីត​ប្រធានការិយាល័យ​ប្រកួត​នៃ FFC ជា​នាយក​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​ជំនួស​លោក កែវ សារ៉េត ដែល​ទៅកាន់​តួនាទី​ជា​អគ្គលេខាធិការ​៕ 

Tag:
 កែវ សារ៉េត​
  យាន ឈៀង​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com