ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង បែងចែក​ភារកិច្ច​រដ្ឋលេខាធិការ​១៨​នាក់ និង​អនុរដ្ឋលេខាធិការ​៣០​នាក់​
12, Sep 2018 , 2:58 pm        
រូបភាព
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១១ ខែកញ្ញា បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបែងចែក​ភារកិច្ច​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ក្នុង​អាណត្តិ​ទី​៦​នេះ​។ ថ្នាក់ដឹកនាំ​ទាំងនោះ មាន​រដ្ឋលេខាធិការ​ចំនួន​១៨​នាក់ និង​អនុរដ្ឋលេខាធិការ​៣០​នាក់​។

 
​សម្តេច ស ខេង ដែល​ទទួលខុសត្រូវ​ដឹកនាំ​រួម​ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី បានបញ្ជាក់​ក្នុង​សេចក្តីសម្រេច​របស់ខ្លួន​ថា កំណត់​របៀបរបប​ការងារ និង​បែង​ចែង​ភារកិច្ច សំដៅ​ធានា​ការអនុវត្ត​ច្បាប់ និង​ដឹកនាំ​កិច្ចការ​ទូទៅ​របស់​ក្រសួងមហាផ្ទៃ​។​
 
​លោក​រដ្ឋលេខាធិការ សក់ សេដ្ឋា ជា​អ្នកទទួលបន្ទុក​ប្រចាំការ និង​ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​អគ្គនាយកដ្ឋាន​រដ្ឋបាល ដោយមាន​អនុរដ្ឋលេខាធិការ​៦​នាក់​ជួយ​ដល់​ការងារ​របស់លោក ដែល​ក្នុងនោះ​រួមមាន លោក អ៊ុង សាមី លោក លួ រ៉ា​មីន លោក លេង វី លោក អ៊ុំ ម៉ា​រ៉ា លោក អ៊ុត សំអន និង​លោក កុល វីរ​ក្ស​។​
 
​ការជួយ​រដ្ឋមន្ត្រី​លើ​ការងារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​ទំនួល​ខុសត្រូវ​របស់លោក​រដ្ឋលេខា​ធិ​ការ តេង សាវង្ស  ដោយមាន​ជំនួយ​បន្ថែម​ពី លោក ស៊ា​ង ប៊ុន​លាង លោក សួន ឈាង​លី លោក មួន សារ៉ន និង​លោក សោម ច័ន្ទឌីណា ដែលជា​អនុរដ្ឋលេខាធិការ​។​
 


​លោក​រដ្ឋលេខាធិការ អ៊ុក គឹម​លេខ ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​ផែន​សណ្តាប់ធ្នាប់ និង​សាធារណៈ ហើយ​អនុរដ្ឋលេខាធិការ​ដែល​ត្រូវ​ជួយ​កិច្ចការ​របស់លោក​នោះ គឺ​លោក យុន ឈុ​ន្នី និង​លោក សួស អង្គា​រ៍​។​
 
​ការងារ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ជា​បន្ទុក​របស់លោករ​ដ្ឋ​លេខាធិការ ប៉ាវ ហមផាន និង​លោក​អនុរដ្ឋលេខាធិការ ហេង ហាក់ ខណៈ​លោក​រដ្ឋលេខាធិការ ងី ច័​ន្ទ្រ​ផល រ៉ាប់រង​លើ​ការងារ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​អន្តរជាតិ ការងារ​អាស៊ាន និង​កិច្ចការ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដោយមាន​ជំនួយ​ពី​លោក ឡុង ផល និង​លោក ពឹ​ម សំណាង ជា​អនុរដ្ឋលេខាធិការ​។​
 
​លោកស្រី ជូ ប៊ុន​អេង ជា​រដ្ឋលេខាធិការ​ដែល​ទទួល​ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​ប្រឆាំង​ការជួញដូ​មនុស្ស និង​យេនឌ័រ រួមជាមួយ​អនុរដ្ឋលេខាធិការ​បី​រូប​ទៀត គឺ​លោកស្រី ជួញ សុ​ឆៃ លោកស្រី ព្រំ ចន្ថា និង​លោកស្រី អុង សុភា​វី​។​
 
​លោក​រដ្ឋលេខាធិការ ចាន់ អ៊ាង ទទួលបន្ទុក​លើ​ការងារ​បុគ្គលិក​ផ្នែក​នគរបាលជាតិ បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​បណ្តុះបណ្តាល​ធនធានមនុស្ស លោក​រដ្ឋលេខាធិការ កៅ ខុន​ដា​រ៉ា កាន់កាប់​ការងារ​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​/​កាមរោគ ការងារ​ស្ថាបនា និង​វិស្វកម្ម និង​ផ្នែក​ហិរញ្ញវត្ថុ​ស៊ីវិល​។​
 
​លោក​រដ្ឋលេខាធិការ ខៀវ សុភ័គ ទទួលបន្ទុក​ផ្នែក​អគ្គលេខាធិការដ្ឋាន និង​មាន​តួនាទី​ជានា​យក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី ដោយមាន​ជំនួយ​ពី​លោកស្រី​អនុរដ្ឋលេខាធិការ មឿង ស៊ា​ង​សេង​។ ការងារ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ជា​ទំនួល​ខុសត្រូវ​របស់លោក​រដ្ឋលេខា​ធិ​ការ ម៉ៅ ប៊ុន​ណារិន  និង​លោក​អនុរដ្ឋលេខាធិការ ឯម សំណាង​។​


 
​លោក​រដ្ឋលេខាធិការ ម៉ៅ ច័ន្ទ​តារា និង​លោក​អនុរដ្ឋលេខាធិការ ឌី សុក​ផាន ទទួលខុសត្រូវ​លើ​ការងារ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម រីឯ​ការងារ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មាន​លោក​រដ្ឋលេខាធិការ សុខ ផល ជា​អ្នកទទួលបន្ទុក អមដោយ​អនុរដ្ឋលេខាធិការ​២​រូប​គឺ​លោក ប៉ូ​លី ដា និង​លោក ផាង ពៅ​។​
 
​ការងារ​ក្រុមប្រឹក្សា​នីតិកម្ម សមាគម និង​អង្គការក្រៅរដ្ឋាភិបាល និង​គណបក្សនយោបាយ ជា​បន្ទុក​របស់លោករ​ដ្ឋ​លេខាធិកា ប៊ុន ហុន ដោយមាន​ជំនួយ​ពី​លោក ផុន ប៊ុន​ថា​ល់ ដែលជា​អនុរដ្ឋលេខាធិការ​។ 
 
​លោក ហ៊ុយ វណ្ណៈ ជា​រដ្ឋលេខាធិការ​ដែល​ទទួល​ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ និង​វិស័យ​កីឡា​ក្រសួងមហាផ្ទៃ ស្រប​ពេលដែល​លោក​រដ្ឋលេខាធិការ មៀ​ច សុផាន់​ណា បន្ត​គ្រប់គ្រង​លើ​ការងារ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដោយមាន​លោក​អនុរដ្ឋលេខាធិការ កឹម ជាតិ ជួយ​កិច្ចការ​នេះ​។​
 
​ការងារ​អគ្គាធិការដ្ឋាន​ជា​ទំនួល​ខុសត្រូវ​របស់លោក​រដ្ឋលេខា​ធិ​ការ អង មង្គល និង​លោក​អនុរដ្ឋលេខាធិការ រស់ វរុណ​។ រីឯ​លោក ង៉ាន់ ចំរើន ជា​រដ្ឋលេខាធិការ​ដែល​ទទួល​ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​លេខាធិការដ្ឋាន​គណៈ​កម្ម​ធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) ដែលមាន​ជំនួយ​ពី​លោក ឡាយ ណា​វុ​ធ ជា​អនុរដ្ឋលេខាធិការ​។​
 
​លោក ឡាំ ជា រដ្ឋលេខាធិការ​ដែល​ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង និង​ច្បាប់​អន្តរជាតិ ដោយ​លោក​ត្រូវ​រ៉ាប់រង​ការងារ​ជាមួយ​លោក​អនុរដ្ឋលេខាធិការ សុខ សារី​វុ​ធ​។​ដោយឡែក​លោក សំរិទ្ធ ឌី ដែលជា​អនុរដ្ឋលេខាធិការ ទទួលបន្ទុក​ដោយផ្ទាល់​ក្នុង​ការជួយ​រដ្ឋមន្ត្រី​លើ​ការងារ​ផែនការ​នគរបាល​ព្រំដែន និង​មាន​ជំនួយ​បន្ថែម​ពី​អនុរដ្ឋលេខាធិការ​ម្នាក់ទៀត គឺ​លោក សុខ មុនី​។​
 
​ដោយឡែក​លោក ជួន សុវណ្ណ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដំបូង​ឡើយ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​នោះ បាន​ប្តូរ​ទៅកាន់​តំណែង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​វិញ​ដោយមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​៕
 

Tag:
 មហាផ្ទៃ​
 ​សម្តេច ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com