កីឡាជាតិ
ជាតិ
កីឡាករ២៥នាក់ក្នុងចំណោម៣០០នាក់ នឹងក្លាយជាយុវជនថ្នាលរបស់ក្លិបវិសាខា
× យុវជនចំនួន៣០០នាក់មកពីតាមបណ្តារាជធានី-ខេត្តនានា បានចូលរួមធ្វើតេស្តសមត្ថភាពជាមួយក្លិបបាល់ទាត់វិសាខា ដែលត្រូវការជ្រើសរើសយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ។ ការធ្វើតេស្តធ្វើឡើងជា៣ដំណាក់កាល ដោយក្នុងចំណោមយុវជនទាំងនេះចម្រាញ់យកតែ២៥នាក់តែប៉ុណ្ណោះ។ វិសាខា ក៏គ្រោងធ្វើតេស្តលើកម្រិតអាយុផ្សេងៗទៀតផងដែរ បន្ទាប់ពីចប់ការធ្វើតេស្តនេះ។
សម្រាប់យុទ្ធនាការស្វែងរកយុវជនអាយុក្រោម១៧ឆ្នាំលើកដំបូងនេះ ក្លិបវិសាខាធ្វើឡើងជា៣ដំណាក់កាល ដោយដំណាក់កាលទី១ចម្រាញ់យក៥០នាក់ក្នុងចំណោមយុវជនទាំង៣០០នាក់។ ដំណាក់កាលទី២ជម្រុះ១៤នាក់ ដើម្បីយក៣៦នាក់ឡើងទៅធ្វើតេស្តនៅដំណាក់កាលបន្ត។ ដំណាក់កាលចុងក្រោយនេះ យុវជនទាំងអស់ត្រូវធ្វើតេស្ត១សប្តាហ៍ពេញ ដើម្បីចម្រាញ់យកកីឡាករមានកោសល្យចំនួន២៥នាក់មកធ្វើជាយុវជនថ្នាលតែម្តង។
សម្រាប់យុវជនមកពីតាមបណ្តាខេត្ត ក្លិបវិសាខាផ្តល់កន្លែងស្នាក់នៅ និងហូបចុកក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយ ហើយយុវជនដែលធ្វើតេស្តជាប់ជាយុវជនថ្នាល ក្លិបវិសាខាផ្តល់ទាំងការស្នាក់នៅ ហូបចុក រៀនសូត្រ និងការចំណាយផ្សេងៗ។ ការធ្វើតេស្តស្វែងរកយុវជនថ្នាលអាយុក្រោម១៧ឆ្នាំនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែកញ្ញា ដោយគ្រោងបញ្ចប់នៅចុងសប្តាហ៍នេះ។
បើយោងតាមលោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខា ក្រោយចប់បេសកកម្មលើកដំបូងនេះ ក្លិបនឹងរៀបចំធ្វើតេស្តជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកយុវជនតាមកម្រិតអាយុផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com