សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​ចិន​ច្រើនរ​ត់ទៅ​បើក​រោងចក្រ​នៅ​បរទេស​ដើម្បី​គេច​ពី​ការដំឡើង​ពន្ធ​អាមេរិក ឯ​វៀតណាម​ក្លាយជា​ទិសដៅ​សំខាន់​មួយ​
13, Sep 2018 , 8:39 am        
រូបភាព
​ក្រុមហ៊ុន​ចិន​កាន់តែច្រើន​បន្តកន្ទុយ​គ្នា​ចេញទៅ​ដាក់ទុន​រកស៊ី​នៅ​បរទេស​ដោយ​អាច​ដក​ស្លាក​សញ្ញា «​ផលិត​នៅ​ចិន​» ពី​ទំនិញ​របស់ខ្លួន ដើម្បី​គេច​ឲ្យ​ផុតពី​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ដែល​កំពុង​បន្ត​ឆេះ​។ វៀតណាម ម៉ិ​ក​ស៊ិ​ក​និង​ស៊ែ​ប៊ី​ក្លាយជា​គោលដៅ​ធំ​នៃ​ក្រុមហ៊ុន​ទាំងនោះ ។


 
​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទាំងពីរ​អាមេរិក និង​ចិន​បន្តធ្វើ​ឲ្យ​ពិភពលោក​ភ័យ​បារម្ភ និង​បង្កើត​ផលប៉ះពាល់​ខ្លាំង​ដល់​ក្រុម​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ​។  
​សមរភូមិ​នេះ​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​ដែល​ទំនិញ​ទាំងនោះ​មាន​យ៉ាងតិច ៨០០ មុខ​ផ្សេងគ្នា​រួមបញ្ចូល​ទាំង​គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម​, គ្រឿង​បរិក្ខារ​សុខាភិបាល និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម​។  
 
​កាលពី​សប្តាហ៍​មុន លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ជាថ្មី​ថា ពន្ធ​លើ​ទំនិញ ២០០​ពាន់​លាន​ដុល្លារ​ផ្សេងទៀត​នឹងត្រូវ​ដាក់ចេញ​នៅពេល​ឆាប់ៗ​ខាងមុខ​ផង ស្រប​ពេលដែល​មន្ត្រី​ភាគី​ទាំងពីរ​មិនទាន់មាន​លទ្ធភាព​រក​ដំណោះស្រាយ​បញ្ហា​ជុំវិញ​ការប្រឈមមុខគ្នា​ផ្នែក​ពាណិជ្ជ​កម្មនេះ​នៅឡើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សង្គ្រាម​ដំឡើង​ពន្ធ​នេះ​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន​ចាប់ផ្តើម​ដក​រោងចក្រ​ខ្លួន​ចេញទៅ​តាំងទី​នៅ​បរទេស​វិញ​ដើម្បី​អាច​ដក​ស្លាក​សញ្ញា «​ផលិត​នៅ​ចិន​» ចេញពី​ទំនិញ​របស់ខ្លួន និង​អាច​គេ​ផុតពី​ការដំឡើង​ពន្ធ​ពេល​នាំចូល​ទីផ្សារ​អាមេរិក​ផង​។​
 
​ក្រុមហ៊ុន​ដែល​ចាប់ផ្តើម​ប្តូរ​ទីតាំង​ទៅ​បរទេស​ទាំងនោះ​មាន​ទាំង​ក្រុមហ៊ុន​ផលិត​កង់​, កង់ឡាន​, ផ្លា​ស្ទិ​ក ក៏ដូចជា​ក្រុមហ៊ុន​វាយ​ន​ភណ្ឌ​ផងដែរ​។ គេ​រកឃើញ​ផងដែរ​ថា គោលដៅ​សំខាន់​សម្រាប់​ក្រុមហ៊ុន​ចិន​តាំងទី​រោងចក្រ​របស់ខ្លួន​មានដូចជា​វៀតណាម ស៊ែ​ប៊ី និង​ម៉ិ​ក​ស៊ិ​ក​។​
 
​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​កង់ Hl Corp ដែលមាន​ទី​តាំងនៅ Shenzhen នោះបាន​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​របស់ខ្លួន​ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ខែ​មុន ដោយ​តំណាង​ក្រុមហ៊ុន​នេះ​អះអាងថា​បញ្ហា​ពន្ធ​ជា​រឿង​ដែល​បង្ខំ​ឲ្យ​ខ្លួន​សម្រេចចិត្ត​បែបនេះ​។  
 
​ក្រុមហ៊ុន​ចិន Hailide New Material ដែលជា​ឧស្សាហកម្ម​ផលិត​អំបោះ Polyester សម្ភារ​ផ្លា​ស្ទិ​ក និង​សរសៃ​លួស​ទ្រាប់​កង់​រថយន្ត​បាន​ប្តូរ​ទីតាំង​រោងចក្រ​របស់ខ្លួន​ចេញពី​ខេត្ត Zhejiang ទៅកាន់​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេងទៀត​វិញ​។ ចំណែក​ក្រុមហ៊ុន​ផលិត​កង់​រថយន្ត Linglong បាន​បើក​រោងចក្រ​តម្លៃ ៩៩៤ លាន​ដុល្លារ​នៅ​ប្រទេស​ស៊ែ​ប៊ី​។ 
 
​ក្រុមហ៊ុន​មួយចំនួនទៀត​ជាពិសេស​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក វាយ​ន​ភណ្ឌ និង​ម៉ូតូ បាន​ជញ្ជូន​រោងចក្រ​របស់ខ្លួន​មកកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ និង​ម៉ិ​ក​ស៊ិ​ក​វិញ​ដែរ​។​
​យ៉ាងណាមិញ មុន​មាន​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ក្រុមហ៊ុន​មួយចំនួន​បាន​ប្តូរ​ទីតាំង​របស់ខ្លួន​ពី​ចិន​រួចទៅហើយ​ដោយសារតែ​ការកើនឡើង​នៃ​តម្លៃ​កម្លាំង​ពលកម្ម រួមជាមួយ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការចំណាយ​លើ​ការការពារ​បរិស្ថាន​ជាដើម​នោះ​។ 
 
​ដោយឡែក ក្រៅពី​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​បរទេស​ធំៗ​មួយចំនួន​ក៏​ចាប់ផ្តើម​ចាកចេញ​ពី​ចិន​ដើម្បី​គេ​ឲ្យ​ផុតពី​ផលប៉ះពាល់​នេះ​ដូចគ្នា​។ ក្រុមហ៊ុន​នោះ​មានដូចជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ក្មេង​លេង Habro, ក្រុមហ៊ុន​ផលិត​កាមេរ៉ា Olympus, ក្រុមហ៊ុន​ស្បែកជើង Deckers និង Steve Madden និង​ក្រុមហ៊ុន​ធំៗ​ផ្សេងទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com