ជាតិ
សង្គមជាតិ
លោក រី​ច​ឈ្នឺ​រ ជា​បុគ្គល​ដំបូង​ដែល​បាន​ពាន «Swiss of the Year» អ្នក​បន្ទាប់​គឺ Roger Federer
12, Sep 2018 , 6:04 pm        
រូបភាព
Roger Federer បានពាន Swiss of the Year បន្ទាប់ពីលោក Beat Richner។ រូបថត MICHAEL WÜRTENBERG/SONNTAGSBLICK
Roger Federer បានពាន Swiss of the Year បន្ទាប់ពីលោក Beat Richner។ រូបថត MICHAEL WÜRTENBERG/SONNTAGSBLICK
​ជា​វីរបុរស​របស់​កុមារ និង​ជាតិ​កម្ពុជា ហើយ លោក បេ​អាត រី​ច​ឈ្នឺ​រ (Beat Richner) ក៏​ជា​បុគ្គល​ម្នាក់​ដែល​លើក​កិត្តិយស​ប្រជាជាតិ​ស្វី​ស​ផងដែរ​។ នៅ​ឆ្នាំ​២០០២ លោក​ជា​បុគ្គល​ដំបូង​បំផុត​របស់​ស្វី​ស​ដែល​ទទួលបាន​ពាន «​ជនជាតិ​ស្វី​ស​ឆ្នើម​ប្រចាំឆ្នាំ​» (Swiss of the Year) ហើយ​អ្នក​ដែល​ទទួល​បានជា​បន្តបន្ទាប់​រួមមាន Roger Federer, Kobi Kuhn និង Stanislas Wawrinka ជាដើម​។​

 
​បង្កើតឡើង​នៅ​ឆ្នាំ​២០០២ ដោយ​ទូរទស្សន៍ និង​វិទ្យុ​ស្វី​ស (SRF) ពាន Swiss of the Year បង្ហាញ​ពី​ការគោរព និង​ទទួលស្គាល់​ជនជាតិ​ស្វី​ស​ដែល​ដើរតួនាទី​ជា​គំរូ​ក្នុងសង្គម និង​មាន​ស្នាដៃ​នានា ដែល​លើកតម្កើង​កិត្តិយស​ជាតិ​។​
 
​ជាង​១០​ឆ្នាំ​ដំបូង​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ (Beat Richner) បាន​បង្កើត​ស្នាដៃ​ដ៏​ធំធេង​តាមរយៈ​ការបង្កើត​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ពង្រីក​សេវាកម្ម​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ព្យាបាល​ជំងឺ​កុមារ និង​សេវា​សម្ភព​ជូន​ពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ 
 
​ការចេញ​ស្វែងរក​ប្រភព​ថវិកា​ដោយ​ខ្លួនឯង ជាពិសេស​តាមរយៈ​ការប្រគំ​តន្ត្រី​សេ​ឡូ របស់លោក បេ​អាត រី​ច​ឈ្នឺ​រ ក្នុង​បេសកកម្ម​សង្គ្រោះ​កុមារ​ខ្មែរ បាន​នាំ​ឲ្យ​លោក​ក្លាយជា​គំរូ​នៃ​ប្រជាជាតិ​ស្វី​ស​ទាំងមូល និង​ជាហេតុ​ដែល​នាំ​ឲ្យ​លោក​ឈ្នះ​ពាន Swiss of the Year មុនគេ​បំផុត​។​
 
 

បន្ទាប់ពី​លោក បេ​អាត រី​ច​ឈ្នឺ​រ អ្នកឈ្នះ​ពាន​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់ រួមមាន កីឡាករ​វាយ​កូន​បាល់​ឆ្នើម Roger Feder, លោកស្រី Lotti Latrous ដែលជា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​, លោក Peter Sauber ម្ចាស់​ក្រុម​យន្ត​ប្រណាំង Formula 1, លោក Jorg Abderhalden ជើងឯក​ចំបាប់​, លោកស្រី Eveline Widmer-Schlumpf ទីប្រឹក្សា​សហព័ន្ធ​ស្វី​ស​, លោក Rene Pretre ពេទ្យ​ជំនាញ​វះកាត់​បេះដូង​, គិលានុបដ្ឋាយិកា Marianne Kaufmann និង​វេជ្ជបណ្ឌិត Rolf Maibach, កីឡាករ​ប្រណាំង​ស្គី Didier Cuche, កី​ឡករ​ជិះ​ស្គី Dario Cologna, កីឡាការិនី​វាយ​កូន​បាល់ Stanislas Wawrinka, លោក Didier Burkhalter ទីប្រឹក្សា​សហព័ន្ធ​ស្វី​ស និង​លោក Polo Hofer អ្នកចម្រៀង​រ៉ុ​ក​។​
 
​ឈ្មោះ​ជ័យលាភី ត្រូវបាន​ចារ​លើ​ស្លាក​ដោយ​បិទ​ភ្ជាប់​លើ​ផ្ទាំង​ថ្ម​នៅ​មជ្ឈមណ្ឌល​ភូមិសាស្ត្រ​ស្វី​ស​ដែល​ស្ថិតនៅ Alggi-Alp ក្រុង Sachseiln, Obwalden​។ ក្នុង​មួយជីវិត ម្នាក់​ទទួលបាន​តែម្តង​ប៉ុណ្ណោះ​៕
 
 

Tag:
 Beat Richner
  គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com