កីឡាអន្តរជាតិ
អន្តរជាតិ
UEFA គ្រោង​បន្ថែម​ពានរង្វាន់​លំដាប់​ទី​៣​បន្ទាប់ពី UCL និង UEL នៅ​រដូវ​កាល ២០២១-២២
13, Sep 2018 , 9:49 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) នៅ​ថ្ងៃទី​១១ ខែកញ្ញា​ថា​នឹងមាន​ការប្រកួតប្រជែង​ពានរង្វាន់​លំដាប់​ទី​៣​មួយទៀត បន្ទាប់ពី​ពាន Champions League និង Europa League នៅ​រដូវ​កាល ២០២១-២០២២ ដោយមាន​៣២​ក្រុម​ក្នុង​វគ្គ​ចែក​ពូ​ល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។


 
​ប្រធាន​សហព័ន្ធ​ក្លិប​កីឡាបាល់ទាត់​តំបន់​អ៊ឺរ៉ុប (ECA) លោក Andrea Agnelli បាន​ប្រាប់​សមាជិក​របស់ខ្លួន​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅក្នុង​ក្រុង Split ប្រទេស​ក្រូ​អាស៊ី ថា​ពានរង្វាន់​កម្រិត​ទី​៣​គ្រោង​នឹង​ដំណើរការ​រួមជាមួយ​ព្រឹត្តិការណ៍​ដែលមាន​ស្រាប់​គឺ​ពាន​លំដាប់​កំពូល​អឺរ៉ុប Champions League និង​ពាន​លំដាប់​ទី​២ Europa League​។​
 
​ប្រធាន ECA និង​ជា​ប្រធាន​ក្លិប Juventus ព្រមទាំង​ជា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ផង​នោះបាន​បន្ថែមថា សំណើ​បង្កើត​ពានរង្វាន់​ខាងលើ​នឹងត្រូវ​កាត់បន្ថយ​ចំនួន​ក្រុម​ក្នុង​ក្របខណ្ឌ Europa League ពី ៤៨ មក​ត្រឹម ៣២ ក្រុម​វិញ ហើយ​ក្របខណ្ឌ Champions League នៅ​រក្សារ ៣២​ក្រុម​ដដែល​។​
  
 
«​ភ្លើង​បៃតង ត្រូវបាន​ផ្តល់​ឲ្យ​សម្រាប់​ការប្រកួតប្រជែង​ពាន​លំដាប់​ទី​៣​នេះហើយ ដែល​នេះ​មានន័យថា មាន​ក្លិប​ចំនួន​សរុប​ចូលរួម​រហូតដល់ ៩៦​ក្រុម​សម្រាប់​ប្រភេទ​ពាន​ទាំង​៣​របស់ UEFA នៅ​រដូវ​កាល​ឆ្នាំ​២០២១-២០២២»​។ លោក Agnelli បញ្ជាក់​ដូច្នេះ ហើយ​លោក​បន្ថែមថា​នៅ​រង់ចាំតែ UEFA អនុម័ត​នៅពេល​កិច្ចប្រជុំ​នាទី​ក្រុង Dublin សាធារណរដ្ឋ​អៀរ​ឡង់ នៅ​ខែធ្នូ​ខាងមុខ​ប៉ុណ្ណោះ​។​
 
​កាលពី​កន្លងមក ទ្វីបអឺរ៉ុប​ធ្លាប់​បង្កើត​ពានរង្វាន់​លំដាប់​ទី​៣​ម្តង​រួចមកហើយ​ដែលមាន​ឈ្មោះថា Cup Winners 'Cup ប៉ុន្តែ​ត្រូវបាន​លុបចោល​វិញ​ក្នុង​ឆ្នាំ​១៩៩៩៕
 



 

Tag:
 ​បាល់ទាត់​
  UEFA
  ECA
  Andrea Agnelli
© រក្សាសិទ្ធិដោយ thmeythmey.com