ជាតិ
នយោបាយជាតិ
ទូតខ្មែរប្រចាំ UN៖ យើងខ្ញុំខកចិត្តដែលលោកជំទាវឧត្តមស្នងការផ្អែកលើប្រភពព័ត៌មានពណ៌លាបកម្ពុជា លោក ណី សំអុល ឆ្លើយតបទៅទៅនឹងការរិះគន់របស់លោក Michelle Bachelet
× ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានថ្លែងការណ៍ឆ្លើបតបទៅនឹងការចោទប្រកាន់នានាទៅលើរដ្ឋាភិបាលកម្ពុជា។ នាសម័យប្រជុំលើកទី៣៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី១១ ខែកញ្ញា លោក ណី សំអុល បានសំដែងការខកចិត្តចំពោះលោកស្រី Michelle Bachelet ឧត្តមស្នងការថ្មីរបស់ UN ដែលលោកបានលើកឡើងថា វាយតម្លៃកម្ពុជាខុសពីការពិត។
«គណៈប្រតិភូយើងខ្ញុំ មានការខកចិត្តដែលលោកជំទាវឧត្តមស្នងការ និងប្រតិភូមួយចំនួនដែលផ្អែកលើប្រភពព័ត៌មានដែលមានលក្ខណៈនយោបាយ បានលាបពណ៌ប្រទេសកម្ពុជាឲ្យខ្មៅងងឹតពាក់ព័ន្ធសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។ លោក ណី សំអុល បានឆ្លើយតបយ៉ាងដូច្នេះទៅកាន់ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិដែលទើបត្រូវបានតែងតាំងថ្មី។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១០ ខែកញ្ញា លោកស្រី Michelle Bachelet ដែលជាអតីតប្រធានាធិបតីស៊ីលីផងដែរនោះ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជារបស់សម្តេច ហ៊ុន សែន ទម្លាក់រាល់បទចោទប្រកាន់លើលោក កឹម សុខា អ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។ ប្រមុខសិទ្ធិមនុស្ស UN រូបនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ។
លោក ណី សំអុល បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ដោយអះអាងថា ពលរដ្ឋកម្ពុជាគ្រប់រូបមានភាពស្មើគ្នាចំពោះមុខច្បាប់ ដោយឥតប្រកាន់និន្នាការនយោបាយ មុខរបរ ឬឋានៈសង្គមឡើយ។
«ជនល្មើសត្រូវផ្តន្ទាទោសដោយអំណាចតុលាការ មិនមែនដោយសារពួកគេជានរណានោះទេ ប៉ុន្តែដោយសារបទល្មើសដែលពួកគេបានប្រព្រឹត្ត»។ នេះជាការបកស្រាយបញ្ជាក់របស់លោក ណី សំអុល ទៅកាន់លោកស្រី Michelle Bachelet ដោយបានបន្ថែមថា ការដោះលែងលោក កឹម សុខាក្រោមលក្ខខណ្ឌតុលាការ ធ្វើឡើងដោយផ្អែកលើកិច្ចមនុស្សធម៌ ស្របតាមអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ហើយការដោះលែងមនុស្សផ្សេងទៀត គឺជាការអនុវត្តនីតិរដ្ឋ ដែលជាកាតព្វកិច្ចនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាល៕
Tag:
សិទ្ធិមនុស្ស
ណី សំអុល
Michelle Bachelet
© រក្សាសិទ្ធិដោយ thmeythmey.com