ជាតិ
សង្គមជាតិ
រូបសំណាកវេជ្ជបណ្ឌិតបេអាត រីចឈ្នឺរ អាចរួចរាល់នៅសប្តាហ៍ក្រោយ
× ភ្នំពេញ៖ រូបសំណាក លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ដែលសង់ពីស្ពាន់នឹងរួចរាល់នៅសប្តាហ៍ក្រោយ។ ឌីជេ អាចារ្យធំ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ ឌីជេ អាចារ្យធំ លោក តាន់ គឹមសួរ និងរួមជាមួយវិចិត្រករសូនរូបម្នាក់ បានផ្តួចផ្តើមសង់រូបសំណាកនេះ ក្រោយឮដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ។
បើតាម ឌីជេ អាចារ្យធំ ការសង់រូបសំណាកស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា គឺដើម្បីបង្ហាញពីឆន្ទៈគោរព ស្រឡាញ់ និងលើកតម្កើងលោកដែលត្រូវបានចាត់ទុកថាវីរជនសម្រាប់ប្រជាជាតិកម្ពុជា។ ទោះយ៉ាងណា ការសាងសង់រូបសំណាកនេះ គ្រោងចំណាយប្រមាណ២០០០ដុល្លារប៉ុណ្ណោះ ព្រោះវិចិត្រករសូនរូបនេះ មិនយកឈ្នួលនោះទេ។
ឌីជេ អាចារ្យធំ បញ្ជាក់ដូច្នេះ៖«រូបនេះបានសង់ចេញជាពុម្ពហើយ។ ថ្ងៃនេះ ខ្ញុំនឹងយកប្រាក់ខ្លះទៅឲ្យជាង ដើម្បីឲ្យគាត់ទិញស្ពាន់ចាក់ស្រោប ហើយយើងធ្វើរូបលោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ តាមលទ្ធភាពជាមួយក្រុមយើង ក៏ដូចជាមិត្តភក្តិសិល្បករផ្សេងទៀត។ យើងរៃគ្នាម្នាក់៥០ដុល្លារ ម្នាក់១០០ដុល្លារ តាមលទ្ធភាព និងមិនចង់សាងសង់អី ឲ្យអស់ច្រើនទេ។ សុខចិត្តយកប្រាក់ដែលនៅសល់ ទៅឲ្យមូលនិធិគន្ធបុប្ផាវិញល្អជាង»។
យ៉ាងណាក៏ដោយ ឌីជេ អាចារ្យធំ មិនទាន់បញ្ជាក់ពីទីតាំងមន្ទីរពេទ្យមួយ ដែលក្រុមខ្លួននឹងយករូបសំណាកនេះទៅតម្កល់នៅឡើយ។ លោក បញ្ជាក់ថា នឹងពិភាក្សាជាមួយមិត្តភក្តិជាមុនសិន។
លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពដោយសារជំងឺក្នុងវ័យ៧១ឆ្នាំ នៅក្នុងទីក្រុង Zurichនៃប្រទេសស្វីស នៅថ្ងៃទី៩ ខែកញ្ញា។ លោក បេអាត រីចឈ្នឺរ ដែលត្រូវបានចាត់ទុកជាវីរបុរសរបស់កុមារខ្មែរ ដែលបានរួមចំណែកសង្គ្រោះអាយុជីវិតកុមារខ្មែររាប់លាននាក់ តាមរយៈការរៃអង្គាសថវិកា ជួយដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ទាំងនៅភ្នំពេញ និងនៅសៀមរាប នារយៈពេលជាង២០ឆ្នាំចុងក្រោយនេះ៕
Tag:
រូបសំណាក
បេអាត រីចឈ្នឺរ
គន្ធបុប្ផា
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com