កីឡាជាតិ
ជាតិ
លីគកំពូលប្រកួតឡើងវិញនៅចុងសប្តាហ៍នេះ ក្រោយសម្រាកពីរសប្តាហ៍
× ក្រោយសម្រាកពីរសប្តាហ៍ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨ ត្រូវប្រកួតឡើងវិញនៅចុងសប្តាហ៍នេះ។ នៅសល់តែ៣សប្តាហ៍ទៀតប៉ុណ្ណោះ ពានរង្វាន់នេះនឹងបញ្ចប់ការប្រកួតជាស្ថាពរ។
បន្ទាប់ពីសម្រាកអស់ពីរសប្តាហ៍ ដោយសារក្រុមមួយចំនួនជាប់ប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន និងទុកពេលឲ្យកីឡាករបំពេញតួនាទីក្នុងក្រុមជម្រើសជាតិ។ ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ត្រូវចាប់ផ្តើមការប្រកួតរបស់ខ្លួនឡើងវិញនៅចុងសប្តាហ៍នេះ ដោយមានការប្រកួតចំនួន៦គូដូចសប្តាហ៍មុនៗដែរ។
នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានការប្រកួតចំនួន៣គូ។ ក្នុងនោះក្រុមកំពូលតារាងណាហ្គាវើលត្រូវប្រជែងជាមួយក្រុមក្រសួងការពារជាតិនៅម៉ោង៣រសៀល នៅកីឡដ្ឋានស្តាតចាស់ មុនវិសាខាប្រើកីឡដ្ឋាននេះស្វាគមន៍អគ្គស្នងការនគរបាលជាតិនៅម៉ោង៦ល្ងាច។ ចំណែកព្រះខ័នរាជស្វាយរៀងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងស្វាគមន៍សូលទីឡូអង្គរ នៅម៉ោង៦ល្ងាច។
ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេស្ទើនភ្នំពេញបើកទ្វារកីឡាដ្ឋានរបស់ខ្លួន ស្វាគមន៍ភ្ញៀវអង្គរថាយហ្គឺរនៅម៉ោង៣រសៀល ខណៈអាស៊ីអឺរ៉ុបប៉ះភ្នំពេញក្រោននៅពហុកីឡដ្ឋានជាតិ មុនបឹងកេតប្រជែងជាមួយអគ្គិសនីកម្ពុជានៅម៉ោង៦ល្ងាច។ បន្ទាប់ពីចប់ការប្រកួតសប្តាហ៍នេះ នៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ត្រូវបញ្ចប់ការប្រកួតជាស្ថាពរ៕
Tag:
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com