ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៧, ២ ក្នុងឆ្នាំ២០១៨
× ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (ASEAN+3 Macroeconomic Research Office "AMRO") បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់ក្នុងរង្វង់ ៧, ២ ភាគរយក្នុងឆ្នាំ២០១៨នេះ។ ហើយប្រជាជនកម្ពុជាម្នាក់ អាចរកចំណូលជិត១៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកស្រី Junhong Chang ប្រធានAMRO បានវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាអាចបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ តាមរយៈការវាយតម្លៃនេះ ប្រធានAMRO បាននិយាយថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសការគ្រោងទុកក្នុងរង្វង់អត្រា៧, ២ ភាគរយ ដែលធ្វើឲ្យចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗកើនឡើង ស្ទើតែស្មើ១៥០០ដុល្លារអាមេរិក ជាមួយអត្រាអតិផរណា៣ភាគរយក្នុង១ឆ្នាំ ស្របពេលដែលតុល្យពាណិជ្ជកម្មមានភាពរឹងមាំ និងស្ថានភាពហិរញ្ញវត្ថល្អប្រសើរ។
បន្ថែមពីនេះលោកស្រី Junhong Chang ព្យាករថា អ្នកវិនិយោគផ្ទាល់ពីបរទេសក៏បន្តកើនឡើង ស្របពេលដែលកម្ពុជារក្សាបានស្ថានភាពបំណុលល្អប្រសើរ និងស្ថានភាពហិរញ្ញវត្ថសាធារណៈរឹងមាំ ប្រកបដោយការប្រុងប្រយ័ត្នតខ្ពស់ ។ ជាពិសេសការផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបង្កើនចំណាយលើសេវាសង្គមសំខាន់ៗ ដូចជាសុខាភិបាល និងអប់រំជាដើម។
ទន្ទឹមនឹងការវាយតម្លៃលើការអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានេះ ប្រធានAMRO ក៏បានព្រមានពីហានិភ័យនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។ ប្រធានAMRO បាននិយាយដូច្នេះថា៖«សេដ្ឋកិច្ចកម្ពុជាក៏នឹងប្រឈមផងដែរ ទៅនឹងហានិភ័យនៃកត្តាខាងក្រៅមួយចំនួន ខណៈដែលបញ្ហាប្រឈមក្នុងស្រុកកំពុងបន្តដោះស្រាយ ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចឲ្យកាន់តែឆាប់រហ័ស»។
រដ្ឋាភិបាលបានដាក់គោលដៅប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី ៦ បានដាក់ចេញនៅគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល។
បច្ចុប្បន្នកំណើនសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យ៤សំខាន់ៗ គឺវិស័យទេសចរណ៍ វិស័យកាត់ដេរ សំណង់និងអចលនទ្រព្យ និងវិស័យកសិកម្ម។
សូមបញ្ជាក់ថា គណៈប្រតិភូរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (ASEAN+3 Macroeconomic Research Office “AMRO”) បានធ្វើការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០១៨ ក្នុងដំណើរទស្សនកិច្ចការងារលើកទី ៧ ចាប់ពីថ្ងៃ ០៤-១២ ខែកញ្ញា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com