កីឡាអន្តរជាតិ
អន្តរជាតិ
Silva ថាជ្រើស Man City ចោល Real និង Barca ជាការសម្រេចចិត្តល្អបំផុតក្នុងជីវិត
× ខ្សែបម្រើឆ្នើម David Silva បាននិយាយថាការចូលរួមជាមួយ Manchester City កាលពី ៨ ឆ្នាំមុនគឺជាការសម្រេចចិត្តមួយដ៏ល្អបំផុតក្នុងជីវិតរបស់គេបើទោះជាមានការចាប់អារម្មណ៍ពីក្លិបយក្សអេស្ប៉ាញពីរ Barcelona និង Real Madrid នៅពេលនោះក៏ដោយ។ នេះបើតាមការផ្សាយរបស់ BBC។
កាលពីនៅវ័យ២៤ឆ្នាំ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានក្លិបរហស្សនាមមេឃខៀវទិញរូបគេពីក្លិប Valencia នៃលីគបាល់ទាត់កំពូល La Liga ក្នុងខែកក្កដា ឆ្នាំ២០១០។
Silva យល់ស្របថាវាគឺជាក្តីសុបិនមួយសម្រាប់កីឡាករបាល់ទាត់អេស្ប៉ាញដែលភាគច្រើនចង់លេងឲ្យក្រុម Barcelona ឬ Real Madrid ប៉ុន្តែភាពរឹងមាំនៃការចង់បានរបស់ Man City បានធ្វើឲ្យរូបគេសម្រេចចិត្តទៅរួមក្រុម។
«City ចង់បានខ្ញុំ។ ពួកគេបានព្យាយាមទាក់ទងខ្ញុំតាំងពីខែធ្នូ ហើយសុំខ្ញុំទៅលេងឲ្យពួកគេ។ ខ្ញុំបានគិតថាតើអ្នកណាចង់បានខ្ញុំខ្លាំងជាងគេ City ចង់បានខ្ញុំដូច្នេះទីនោះហើយជាកន្លែងដែលខ្ញុំត្រូវទៅ»។ Silva និយាយបែបនេះក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី Premier League Show។
តាំងពីផ្លាស់ពីអេស្ប៉ាញទៅកាន់ទឹកដី Etihad ក្នុងរយៈពេល៨រដូវកាលមកនេះ ខ្សែបម្រើវ័យ៣២ឆ្នាំ បានជួយក្រុមឈ្នះពាន Premier League ៣លើក FA Cup ១លើកនិង League Cups ៣លើក ជាមួយនឹងការបង្ហាខ្លួនលើសពី៣០០ប្រកួតរបស់គេផងដែរ។
សម្រាប់ក្រុមជម្រើសជាតិវិញ Silva បានជួយអេស្ប៉ាញលើកពាន World Cup នៅឆ្នាំ២០១០ និងឈ្នះពាន UEFA Euro ពីលើកជាប់គ្នាក្នុងឆ្នាំ២០០៨ និង២០១២៕
Tag:
បាល់ទាត់
Manchester City
David Silva
© រក្សាសិទ្ធិដោយ thmeythmey.com