កីឡាអន្តរជាតិ
អន្តរជាតិ
Man City រកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាន ៦៥៦លានដុល្លារ នៅរដូវកាលមុន
× ម្ចាស់ក្លិប Manchester City លោក Khaldoon Al Mubarak នៅថ្ងៃទី១៣ ខែកញ្ញាបាននិយាយថានឹងខិតខំពង្រឹងក្លិបបន្ថែមទៀតបន្ទាប់ពីទទួលបានប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ ៥០០លានផោន (៦៥៦លានដុល្លារអាមេរិក) នៅរដូវកាលមុន។
របាយការណ៍ប្រចាំឆ្នាំរបស់ក្លិបម្ចាស់ជើងឯក Premier League គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បង្ហាញថាពួកគេគឺជាក្លិបនៅអង់គ្លេសទីពីរដែលអាចបំបែកកំណត់ត្រាប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់រដូវកាល២០១៧-២០១៨ ពោលគឺកើនឡើងដល់ទៅ៤៤ភាគរយក្នុងរយៈពេល៥ឆ្នាំ។
ក្នុងចំណោមប្រាក់ចំណូលទាំង ៦៥៦លានដុល្លារអាមេរិក ក្លិបរហស្សនាមមេឃខៀវទទួលបានប្រាក់ចំណេញ១០,៤លានផោន (១៣,៦៤លានដុល្លារអាមេរិក) និងជាការចំណេញក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។
ក្រុមរបស់អ្នកចាត់ការទូទៅ Pep Guardiola បានក្លាយជាក្លិបទី១ ដែលទទួលបាន១០០ពិន្ទុ និងស៊ុតបញ្ចូលទីលើសពី១០០គ្រាប់ក្នុងក្របខណ្ឌកំពូលអង់គ្លេសនៅរដូវកាលមុខ និងនាំមុខក្រុមរងជើងឯក១៩ពិន្ទុ។
លោក Al Mubarak មហាសេដ្ឋីសញ្ញាតិអារ៉ាប់រួមអេមីរ៉ាតដែលក្លាយជាម្ចាស់ក្លិប Man City កាលពីឆ្នាំ២០០៨ បានលើកឡើងថា៖«គោលបំណងរបស់យើងគឺដើម្បីកសាងសមិទ្ធផលកាលពីឆ្នាំមុន ដោយយើងនឹងខំប្រឹងប្រែងបន្ថែមទៀតនៅរដូវកាលនេះ។ ដំណើររបស់យើងមិនទាន់បញ្ចប់ហើយយើងមានគោលដៅច្រើនទៀតដើម្បីបំពេញភាពជោគជ័យរបស់យើង»។
ចាប់តាំងពីការឡើងគ្រប់គ្រងក្លិបដោយក្រុមហ៊ុន Abu Dhabi United រយៈពេល១០ឆ្នាំ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchester នេះអាចរំកិលខ្លួនឡើងពីលេខរៀងទី២០ ទៅឈរនៅចំណាត់ថ្នាក់ទី៥វិញក្នុងនាមក្លិបដែលរកចំណូលបានច្រើនបំផុតនៅអឺរ៉ុប។
កាលពីរដូវកាល ២០០៧-២០០៨ ប្រាក់ចំណូលរបស់ Man City ទទួលបានតែ ១០៤ លានផោន (១៣៦លានដុល្លារអាមេរិក) ប៉ុណ្ណោះ ដែលចំនួននេះតិចជាងប្រាក់ចំណូលរបស់ក្លិបនៅតួកគី Fenerbahce ទៅទៀត៕
Tag:
បាល់ទាត់
Manchester City
Khaldoon Al Mubarak
ប្រាក់ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com