ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ អំពាវនាវ​ឲ្យ​អ្នកគ្រប់គ្រង​សាលារៀន​សម្អាត​បរិស្ថាន​ឲ្យ​បានល្អ​
15, Sep 2018 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​កម្មវិធី​«​សម្អាត​បរិស្ថាន​» ដែល​អបអរ​ទិវា «​សម្អាត​ពិភពលោក​» នៅ​ថ្ងៃទី​១៥ ខែកញ្ញា​។  ទិវា​នេះ ដើម្បី​ធានា​នូវ​សោភ័ណភាព​ទីក្រុង និង​សុខភាព​សាធារណៈ​។ ក្រសួង​អប់រំ អំពាវនាវ​ឲ្យ​គ្រប់​គ្រឹះស្ថាន​ទាំងអស់ រួមចំណែក​ការពារ​បរិស្ថាន ដោយ​រៀបចំ​ការ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

  
​ថ្លែង​នៅក្នុង​វីដេអូ​ឃ្លី​បលោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អំពាវនាវ​ដល់​អ្នកគ្រប់គ្រង​គ្រឹះស្ថានសិក្សា ស្ថាប័ន សាលារៀន និង​ពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​បរិស្ថាន ដោយ​មិនត្រូវ​បោះចោល​សំរាម​ផ្តេសផ្តាស​ឡើយ​។  ជាពិសេស​នាយក​សាលា ត្រូវ​រៀបចំ​ឲ្យ​សិស្ស​គាំពា​បរិស្ថាន ដោយ​ត្រូវ​សម្អាត​ថា្នក់​រៀន និង​ទីសាធារណៈ​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ្រប់​គ្រឹះស្ថាន ស្ថាប័ន សាលារៀន ក្រសួង​ពាក់ព័ន្ធ ទាំងអស់​ចូលរួម​ទិវា «​សំអាត​ពិភពលោក​» នៅ​ថ្ងៃទី​១៥ ខែកញ្ញា  ដើម្បី​បំផុស​ឲ្យ​សាធារណជន កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក ការរៀបចំ​ទុកដាក់​សំរាម ការ​វេច​ខ្ចប់ និង​ការបែងចែក​សំរាម​ទៅតាម​ប្រភេទ​ផ្សេងគ្នា​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​លម្អ​សោភ័ណភាព​ទីក្រុង​ឲ្យ​មាន​ភាពស្រស់ស្អាត ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​កាន់តែច្រើន ប្រកបដោយ​ផ្លែផ្កា​ផងដែរ​»​។​
 
 
​ទិវា​នេះ​មិនមែន​មានតែ​កម្ពុជា ដែល​ប្រារព្ធ​នោះទេ មាន​បណ្តា​ប្រទេស​ប្រមាណ​១៥០​ប្រទេស​ទៀត ដែល​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ  នា​ថ្ងៃទី​១៥ ខែកញ្ញា​។ ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ តែងតែ​រៀបចំ​ការប្រកួតប្រជែង​ជ្រើសរើស​សាលា​ស្អាត នៅតាម​រាជធានី​ភ្នំពេញ​ចំនួន​៣ ដែលជា​សាលា​មាន​បរិស្ថាន​ស្អាត គ្មាន​សំរាម និង​មាន​សណ្តាប់ធ្នាប់​ល្អ​។ ការប្រឡងប្រណាំង​សាលា​ស្អាត ដើម្បី​ឲ្យ​សិក្សា​នុ​សិស្ស លោកគ្រូ​អ្នកគ្រូ ធានាបាន​គុណភាព​បិ​រ​ស្ថាន និង​សុខភាព​អនាម័យ​។ 
 
​សូមបញ្ជាក់ថា សំរាម​នៅ​ទូទាំង​ពិភពលោក​កើនឡើង​ដល់ ៤​ពាន់​លាន​តោន សំរាម​ថង់​ប្លា​ស្ទិ​ក ដែល​ចាក់​ចូលក្នុង​សមុទ្រ មាន​ជាង ៨​លាន​តោន​៕

Tag:
 ​ក្រសួង​អប់រំ យុវជន និង​កីឡា​
 ​ហង់ ជួន ណា​រ៉ុ​ន​
 ​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com