ជាតិ
បទយកការណ៍ / បទសម្ភាសន៍
”​មរណភាព​ចម្លែក​” សង្ឃឹមថា​ខ្លួន​ជា​ចំណែក​មួយ​ជួយ​សង្គម​
15, Sep 2018 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ល្ខោននិយាយ​រឿង “​មរណភាព​ចម្លែក​”  ចាក់​ចំ​បេះដូង​អ្នកទស្សនា​គ្រប់​ស្រទាប់​។ អត្ថន័យ​ដ៏​ជ្រាលជ្រៅ ដែលជា​ប្រយោជន៍​សម្រាប់​សង្គម រឿង “​មរណភាព​ចម្លែក​” ពុះពារ​បង្ហាញខ្លួន​ដល់​អ្នកទស្សនា ទោះ​មាន​ប្រាក់​តែមួយ​លាន​រៀល ដើម្បី​រៀបចំ​ក៏ដោយចុះ​។ ដ្បិត​បាន​មើលឃើញ ថា​ការសម្ដែង​នេះ​ធ្វើឡើង​ដោយ​ប្រថុយប្រថាន​យ៉ាងណាក្ដី តែ​ប្រធាន​ក្រុម​ល្ខោននិយាយ​លោក ណេ​ន ភា​រិ​ទ្ធ នៅតែមាន​ក្ដីសង្ឃឹម​ធ្វើឱ្យ​វា​កើតឡើង​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 


​មុន​សម្ដែង កម្មវិធី​បាន​ចាក់​ជា​ខ្សែអាត់​សំឡេង ពី​ប្រវត្តិ​នៃ​ការចាប់​កំណើត​ឡើង​របស់​ល្ខោននិយាយ រឿង​”​មរណភាព​ចម្លែក​” ដើម្បីឱ្យ​អ្នកទស្សនា​បានដឹង​ពី​ប្រវត្តិ​ខ្លះៗ របស់​ល្ខោន​នេះ​។ ល្ខោននិយាយ​រឿង “​មរណភាព​ចម្លែក​” បាន​ព្យាយាម​បង្ហាញខ្លួន ដល់​អ្នកទស្សនា បើទោះបីជា​ទម្រង់​ទស្សនីយភាព​មួយ​នេះ ហាក់​នៅមាន​ភាព​កណ្ដោច​ក​ណ្ដែ​ង​យ៉ាងណាក្ដី​។ 



​ការសម្ដែង​បានចាប់ផ្ដើម ដោយ​គ្រប់​តួ​ទាំងអស់​មិន​ប្រើ​ឧបករណ៍​ជំនួយ​សំឡេង​។  ការណ៍​នេះ​មិនមែន​ចៃដន្យ​ឡើយ តែ​វា​ត្រូវបាន​ធ្វើឡើង ដើម្បី​ជាការ​ស្ទាបស្ទង់​គុណភាព​រឿង របស់ខ្លួន ចំពោះ​អ្នកទស្សនា​។  


 
​ដូច​ការរំពឹងទុក ដ្បិត​គ្មាន​ឧបករណ៍​ជំនួយ​សំឡេង​ក្ដី តែ​អារម្មណ៍​អ្នកទស្សនា បាន​ចូល​ស្លុង​ទៅក្នុង​សាច់រឿង ដោយ​គ្មាន​សំឡេង​រំខាន​សូម្បី​បន្តិច​។ ត្រង់​ឈុត​កំប្លែង​ទស្សនិកជន​ក៏​សើច​តាម​សាច់រឿង ហើយ​ឈុត​កម្សត់ អ្នកទស្សនា​ក៏​ហាក់​រលីងរលោង​ទឹកភ្នែក​ដែរ​។​


 
​ល្ខោននិយាយ​រឿង​”​មរណភាព​ចម្លែក​”​នេះ បើ​មើល​ត្រឹមតែ​សម្បក​ក្រៅ នោះគេ​បានឃើញ​ត្រឹមតែ​ជម្លោះ​ក្នុង​គ្រួសារ​មួយ ដែលមាន​កូនប្រុស​បីនាក់ ដណ្ដើម​នារី​ដែល​ខ្លួន​ស្រឡាញ់​តែប៉ុណ្ណោះ​។ តែ​ធាតុពិត​ទៅ វា​មិនមែន​មានតែ​ប៉ុណ្ណឹង​ឡើយ​។ 


 
​លោក ណេ​ន ភា​រិ​ទ្ធ ប្រធាន​ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ បាន​លើកឡើងថា ការសម្ដែង​រឿង “​មរណភាព​ចម្លែក​” នេះ ជាការ​ចាប់ផ្ដើម​ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន និង​ការ​ស្ទាបស្ទង់​ពី​សន្ទុះ​របស់​អ្នកគាំទ្រ​។ ជា​លទ្ធផល​នៃ​ការសម្ដែង លោក ភា​រិ​ទ្ធ បញ្ចេញ​អារម្មណ៍​សប្បាយរីករាយ ទោះ​តែ​អ្នកគាំទ្រ​ទៅបាន​តែ​ពាក់កណ្ដាល​សាល​ក្ដី​។ «​នេះ​ជា​ចំណុច​ចាប់ផ្ដើម ខ្ញុំ​គិតថា សម្ដែង​ពេល​ក្រោយ​គាត់​អាចមក​មើល​ច្រើន​។ ខ្ញុំ​ខកចិត្ត​៣០​ភាគរយ​សម្រាប់​អ្នកគាំទ្រ ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​៧០​ភារ​យ ដោយសារតែ​យើង​បាន​ត្រៀម​ចិត្ត ថា​បានតែ​ប៉ុណ្ណឹង​។ ខ្ញុំ​គិតថា​នេះ​ជា​ជំហាន​ដំបូង​ឱ្យគេ​គិតថា ទោះ​តែ​ថ្ងៃ​ចន្ទ​ដល់​សុក្រ ឬ​សៅរ៍​អាទិត្យ ក៏​គាត់​គាំទ្រ​បាន​ដូចគ្នា ដែល​មិន​ត្រឹមតែ​និយាយថា​ស្រឡាញ់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ណេ​ន ភា​រិ​ទ្ធ​។​
 
​ជា​សាស្ត្រាចារ្យ​បង្ហាត់​ផ្នែក​ល្ខោននិយាយ នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ លោក សេង ប៊ុន​រ៉ុង ដើរតួ​ជា​ឪពុក​ក្នុង​រឿងនេះ​។ មានបទពិសោធន៍​ផ្នែក​ល្ខោននិយាយ​ជាង​៣០​ឆ្នាំ លោក ប៊ុន​រ៉ុង ថា​ល្ខោននិយាយ​មួយ​រឿងនេះ ពិតជា​មានតម្លៃ​ខ្លាំង​ក្នុងសង្គម​ខ្មែរ​។ លោក សេង ប៊ុន​រ៉ុង បញ្ជាក់​៖ «​ឃើញ​សព្វថ្ងៃ​ម្នាក់​ទៅ​ឆ្វេង​ម្នាក់​ទៅ​ស្ដាំ​យ៉ាងម៉េច រឿងនេះ​ដូច​ក្នុងសង្គម​តែម្ដង​។ អា​កូន​មួយ​គិតតែ​ពី​រឿង​បាញ់​កាប់​ចាក់​យ៉ាងម៉េច អា​កូន​មួយ​គិតតែ​ពី​រឿង​ច្បាប់ រឿង​ខុស​រឿង​ត្រូវ មិន​ខុស​ទេ សូម្បីតែ​ខ្ញុំ​ជា​អ្នក​សម្ដែង​ក៏​ខ្ញុំ​ព្រឺរោម​ដែរ​»​។
​មាន​ទឹកមុខ​ស្រពាប់​ស្រពោន​បន្តិច បើទោះជា​លោក​ថា ចំនួន​អ្នកទស្សនា​មិនបាន​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​លោក​ក្ដី តែ​សិល្បករ​រូបនេះ​ទទួលស្គាល់ថា ការសម្ដែង​ចេញពី​ទឹកចិត្ត​ទោះ​មាន​ភ្ញៀវ​ប៉ុន្មាន​ចូលរួម​ក៏​លោក​សប្បាយចិត្ត តែបើ​មាន​ច្រើន​ក៏​កាន់តែ​រីករាយ​។ លោក ប៊ុន​រ៉ុង បន្ថែម​៖ «​ទស្សនិកជន​មក​បាន​ប៉ុណ្ណឹង​ក៏​ជា​ទឹកចិត្ត​គាត់​ធំធេង​ហើយ តែបើ​បាន​ពេញ​ក៏​យើង​រឹតតែ​សប្បាយចិត្ត​។ កុំថាឡើយ​មក​ប៉ុណ្ណឹង​សម្រាប់​យើង​អ្នក​សម្ដែង ទោះ​មក​បាន​តែមួយ​ជួរមុខ​ក៏​យើង​នៅតែ​សម្ដែង​ប៉ុណ្ណឹង ព្រោះ​យើង​សម្ដែង​ដោយ​ទឹកចិត្ត​»​។​
 
​សិល្បករ​រូបនេះ​ឆ្លៀត​បញ្ជាក់ថា ដោយសារតែ​ល្ខោននិយាយ បង្កប់​អត្ថន័យ​និង​ខ្លឹមសារ​ជ្រាលជ្រៅ ទើបបានជា​ពី​សម័យមុន ពោល​តាំងពី​ជំនាន់ លោក ឆេង ផុន នៅមាន​អាយុ ល្ខោននិយាយ សម្ដែង​សម្រាប់តែ​ក្រុម​បញ្ញាវន្ត​មើល​តែប៉ុណ្ណោះ​។ «​ល្ខោន​នេះ​ពី​ដើម​កាល​លោកតា ឆេង ផុន នៅ គាត់​ច្រើន​សម្ដែង​ឱ្យតែ​បញ្ញាវន្ត​មើល  ឬ​ពេល​ប្រជុំ​សភា ទេ ព្រោះ​អ្នក​ធម្មតា​ពេក គាត់​មិនអាច​មើល​យល់​ទេ​។ រឿងនេះ​បើ​យើង​មើល​ធម្មតា ឃើញតែ​បញ្ហា​ក្នុងផ្ទះ​លោក ស៊ុម វិសុទ្ធ តែ​ប៉ុណ្ណឹង តែបើ​យើង​យកទៅ​ដេក​គង​ថ្ងាស​បន្តិច​យើង​នឹង​ឃើញថា រឿងនេះ​និយាយ​ពី​សង្គម​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ន​តែម្ដង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ប៊ុន រ៉ុង​។​
 
​អ្នកទស្សនា​មួយរូប ដែល​ធ្លាប់បាន​មើល​ការសម្ដែង​ល្ខោននិយាយ​ច្រើនលើក​មកហើយ​នោះ​គឺ​កញ្ញា ណែ​ត សុនី​តា​។ ទើបតែ​មាន​អាយុ​១៥​ឆ្នាំ តែ សុនី​តា ពេញ​ចិត្តនឹង​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​នេះ​ខ្លាំង ដោយ​ខុសពី​យុវវ័យ​មួយចំនួន ដែល​សូម្បីតែ​ល្ខោននិយាយ​ក៏​ពួកគេ​មិន​ស្គាល់​ផង​។ ពេញចិត្ត​ទម្រង់​មួយ​នេះ ក៏​ព្រោះតែ សុនី​តា បាន​មើលឃើញ​ពី​គុណ​តម្លៃ​ជា​ចំណេះដឹង ដែល​ល្ខោន​និយាយបាន​ផ្ដល់ឱ្យ​នាង​។ សុនី​តា បញ្ជាក់​៖ «​ល្ខោននិយាយ​គឺ​ល្អ ហើយ​វា​ផ្ដល់​ចំណេះដឹង​ដល់​យើង​ទៀត​។ ខ្ញុំ​មើលទៅ​ក្នុង​រឿង​ហ្នឹង​កូន​ទាំងអស់​អួតអាង​អំណាច​រៀងៗ​ខ្លួន​ចង់តែ​ឈ្នះ​គ្នា​»​។​
 
​ងាក​មក​លោក ណេ​ន ភា​រិ​ទ្ធ វិញ ប្រធាន​ក្រុម​រូបនេះ ថាបើ​ទម្រង់​សិល្បៈ​ល្ខោននិយាយ បាត់បង់​ក្នុង​សម័យនេះ ដោយ​ខ្លួន​មិនបាន​ធ្វើ​អ្វី​សោះ វា​ពិតណាស់ថា​ជា​កំហុស​របស់លោក​។ អ្វី​ជា​ក្ដីសង្ឃឹម​របស់​សិល្បករ ភា​រិ​ទ្ធ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ស្គាល់​តម្លៃ និង​គាំទ្រ​ទម្រង់​សិល្បៈ​របស់ខ្លួន​។ លោក ភា​រិ​ទ្ធ សង្កត់ធ្ងន់ថា​៖ «​ជំនាន់​មុន​បើ​ទម្រង់​បុរាណ​បាត់​មិនមែនជា​កំហុស​យើង តែ​ជំនាន់​នេះ​បើ​បាត់ ទាំង​ដែល​យើង​ដឹង​យើង​ឭ វា​ជា​កំហុស​យើង ហើយ​កុំ​អួតថា​យើង​ស្រឡាញ់​វប្បធម៌​។ មិនមែន​ឱ្យតែ​គាំទ្រ​សិល្បៈ​ទេ អ្វី​ក៏​យើង​ធ្វើ តែ​កុំ​ចោល​សិល្បៈ​ខ្មែរ​បុរាណ​គ្រប់​ទម្រង់​»​។​
 
​ជា​គម្រោង​រឿង​”​មរណភាព​ចម្លែក​” នឹង​យកទៅ​សម្ដែង​នៅតាម​បណ្ដា​សាកលវិទ្យាល័យ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​នានា​ផងដែរ​។ ចំណែក​នៅ​ថ្ងៃទី ២២ ខែកញ្ញា​នេះ​ល្ខោននិយាយ​រឿង​”​កុលាប​ប៉ៃលិន​” និង​ទៅ​សម្ដែង​នៅ​ខេត្តបាត់ដំបង​។ ហើយ​នៅក្នុង​អំឡុង​ខែ​១២​ឆ្នាំ​២០១៨​នេះដែរ ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ និង​សម្ដែង​រឿង “​ស្ត្រី​និង​តន្ត្រីបុរាណ​” ដើម្បី​គម្រប់​ខួប​២​ឆ្នាំ នៃ​ការបង្កើត​ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ​។​
 
​ល្ខោន​និយាយបាន​ចូលមក​ដល់​ទឹកដី​កម្ពុ​ជាដំបូង​នៅ​រវាង​ឆ្នាំ ១៩៤៤-១៩៤៥ ដោយ​ជនជាតិ​បារាំង​លោក ហ្គី​បា​រ៉េ​។ ហើយ​នៅ​ចុងឆ្នាំ​១៩៥៤ ល្ខោន​នេះ បានចាប់កំណើត​ជា​ផ្លូវការ មាន​ពណ៌​សម្បុរ​ជា​ខ្មែរ ដោយ​ស្ថាបនិក​ជាច្រើនរូប​ដូចជា លោក ម៉ាំង ម៉ូ​រី លោក ហង្ស ធុន​ហាក់ លោក ឆេង ផុន និង​មាន​ច្រើន​រូប​ទៀត​។ ល្ខោននិយាយ​មាន​៣​ទម្រង់ គឺ​ល្ខោននិយាយ​លើ​ឆាក ល្ខោននិយាយ​វិទ្យុ និង​ល្ខោននិយាយ​ជា​វីដេអូ ឬ​ហៅថា​(TV drama)៕
 
 

Tag:
 ល្ខោននិយាយ​លើ​ឆាក​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com