សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វេទិកា​សេដ្ឋកិច្ចពិភពលោក​ជួយ​វៀតណាម​ឲ្យ​ក្លាយជា​ជម្រើស​ដៃគូ​ពាណិជ្ជកម្ម​ជំនួស​ឲ្យ​ចិន​
14, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​តៃប៉ិ ៖ សប្តាហ៍​នេះ វៀតណាម​មានឱកាស​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​បរទេស​ដែល​ចង់ដឹង​ព័ត៌មាន​បន្ថែមថា វៀតណាម​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន អាច​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចិន ឬ​សហរដ្ឋអាមេរិក​បាន ដោយ​មិន​រង​ផលប៉ះពាល់​ពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់តែ​រីកធំឡើង​រវាង​ចិន​និង​អាមេរិក​ឡើយ​។​

 
​លោក Frederick Burke ដែលជា​បុគ្គលិក​ជាន់ខ្ពស់​និង​ជា​ម្ចាស់​មួយរូប​នៃ​ក្រុមហ៊ុន​ច្បាប់ Baker McKenzie ក្នុង​ទីក្រុង ហាណូយ ថ្លែងថា ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្តាហ៍​នេះ នៅក្នុង​ទីក្រុង ហាណូយ នេះ ផ្តល់ឱកាស​ឲ្យ​វៀតណាម​អាច​ជួប​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​មកពី​ប្រទេស​ជាច្រើន ដែល​ក្រុមហ៊ុន​មួយចំនួន​ក្នុងចំណោម​នោះ​មិនដែល​ទៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​។​
 
​គណៈប្រតិភូ​ប្រហែល ១០០០​នាក់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ ដែល​ផ្តោតទៅលើ​តំបន់​អាស៊ីអាគ្នេយ៍​។​វៀតណាម​ចង់​ធ្វើ​វិនិយោគ​ជាមួយនឹង​ក្រុមហ៊ុន​បរទេស ក្នុងការ​នាំចេញ​ទំនិញ​នានា ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ឲ្យ​នៅ​ថេរ​ពី​៦​ភាគរយ​ទៅ​៧​ភាគរយ​ដដែល​។ អ្នកជំនាញ​នានា​និយាយថា វៀតណាម​ប្រហែលជា​នឹងធ្វើ​ឲ្យ​គណៈប្រតិភូ​ទាំងនោះ​មានការ​ភ្ញាក់ផ្អើល​ក្នុងឆ្នាំនេះ ដោយសារ​ដែល​វិនិយោគិន​ដែល​វិនិយោគ​ក្នុងប្រទេស​វៀតណាម​អាច​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ដោយ​មិន​រង​ផលប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ឡើយ​។​
 
​លោក Burke និយាយថា «​នៅ​ទីបំផុត អ្វីដែល​សំខាន់​គឺ​ពាណិជ្ជកម្ម​និង​ការរួមចំណែក​ខ្លាំង​ជាង​មុន​នៅក្នុង​សេដ្ឋកិច្ច​សកលលោក ហើយ​រឿង​ទាំងអស់នេះ​កំពុងតែ​កើតឡើង​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​យើង​ឃើញ​មាន​ក្រុមហ៊ុន​មកពី​ប្រទេស​ធំៗ​ជាច្រើន​មក​ចូលរួម​និង​វាយតម្លៃ​ប្រទេស​វៀតណាម​ផ្អែកលើ​ការប្រែប្រួល​លំហូរ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​សកលលោក និង​ថា​តើ​វៀតណាម​កាន់​ជំហរ​យ៉ាងណា​ក្នុងការ​ពង្រឹង​តួនាទី​របស់ខ្លួន​នៅក្នុង​សង្វាក់​ផ្ត​ត់​ផ្គង់​»​។​
 
​កិច្ចប្រជុំ​បន្ទាប់បន្សំ​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​
 
​ព្រឹត្តិការណ៍​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុងប្រទេស​វៀតណាម ដែល​ក្នុងនោះ​រួមមាន​មេដឹកនាំ​មកពី​ប្រទេស​កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហ​បុរី ស្រីលង្កា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា ផ្តោត​ការពិភាក្សា​ទៅលើ​ប្រជាជន​ចាស់ជរា សេដ្ឋកិច្ច​អ៊ីនធឺណិត និង​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។ មេដឹកនាំ​មួយចំនួន​ក្នុងចំណោម​មេដឹកនាំ​ទាំង​៩​នាក់​ដែល​ទៅ​ចូលរួម​នោះ គ្រោង​នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​នោះ​។​
 
​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដែលមាន​អាយុកាល​៤៧​ឆ្នាំនេះ ជំរុញ​ធ្វើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​សាធារណៈ​និង​ឯកជន ហើយ​បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​យល់ឃើញថា វេទិកា​នេះ​ជា​អង្គការ​មួយ​គាំទ្រ​ពាណិជ្ជកម្ម​ទីផ្សារសេរី​។ 
 
​ប៉ុន្តែ​អ្នកវិភាគ​ជឿថា កិច្ចប្រជុំ​បន្ទាប់បន្សំ​ទៅវិញ​ទេ ដែល​សំខាន់​សម្រាប់​វៀតណាម​។ អ្នកជំនួញ​នឹង​មើលឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៅក្នុង​ប្រទេស​នេះ ហើយ​ប្រហែលជា​ដឹង​អំពី​ការលើកទឹកចិត្ត​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុងការ​ទាក់ទាញ​សហគ្រាស​ផលិតកម្ម​សម្រាប់​ការនាំចេញ​នានា​។ លោក Burke ថ្លែងថា «​វៀតណាម​កំពុងតែ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ឲ្យ​បណ្តាក់ទុន​»​។​
 
​ការផលិត​ក្នុងប្រទេស​វៀតណាម​ចំណាយ​អស់ប្រាក់​តិចជាង​ក្នុងប្រទេស​ចិន​ដែល​គេ​តែងតែ​ទៅ​វិនិយោគ​នៅ​ទីនោះ​ពីមុនមក​។ នេះ​គឺជា​ចំណុច​ទាក់ទាញ​នៃ​សេដ្ឋកិច្ច​វៀតណាម​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​វៀតណាម​ក៏​ប្រហែលជា​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ប្រទេសមួយ​ចំនួន​ផងដែរ​។ នេះ​បើ​យោងតាម​លោក Carl Thayer សាស្ត្រាចារ្យ​កិត្តិយស​ជំនាញ​ខាង​តំបន់​អាស៊ីអាគ្នេយ៍​នៃ​សាកលវិទ្យាល័យ New South Wales ក្នុងប្រទេស អូស្ត្រាលី​។ បើ​ដូច្នេះ​មែន នោះ​គោលបំណង​របស់​វៀតណាម​នឹង​ខុសពី​គោលបំណង​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ផ្តោត​តែ​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ប៉ុណ្ណោះ​។​
 
​ជា​ឧទាហរណ៍ វៀតណាម​សង្ឃឹមថា នឹងមាន​ការសម្រេច​ចុងក្រោយ​ទៅលើ​ប្រទេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​១១ បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែលជា​សមាជិក​ទី​១២ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​កាលពី​ឆ្នាំមុន​។ 
 
​លោក Thayer ថ្លែងថា ដោយ​គិតគូរ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក វៀតណាម​នឹង​អាច​ប៉ាន់​ស្មានដឹង​នូវ​អ្វីដែល​មេដឹកនាំ​ដទៃទៀត​គិត​។ លោក​ថ្លែង​បន្ថែមទៀតថា ប្រទេស​ទាំងនោះ​ប្រហែលជា​ព្រួយបារម្ភ​ដូច​វៀតណាម​ដែរ ដែល​ជម្លោះ​ពាណិជ្ជកម្ម​នោះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​ដែកថែប​និង​រាំងស្ទះ​ដល់​សេដ្ឋកិច្ច​ឌីជីថល​។ សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពីដើម​ឆ្នាំនេះ​ថា​នឹង​យក​ពន្ធគយ ទៅលើ​ដែកថែប​ដែល​នាំចូល​ពី​ប្រទេស​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក​។​
 
​លោក Thayer មានប្រសាសន៍ថា «​គោលបំណង​សំខាន់​មួយ​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​ដទៃ​មើលឃើញ​ប្រទេស​វៀតណាម​ថា​ជា​ប្រទេស​សមាជិក​ដ៏​ល្អ​មួយ​នៅក្នុង​ពិភពលោក ដែល​រួមចំណែក​ដើម្បី​ពិភពលោក​និង​ដើម្បី​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ​»​។​
​វៀតណាម​ជា​ជម្រើស​មួយ​ក្រៅពី​ចិន​
 
​កាលពី​ខែ​មុន សហរដ្ឋអាមេរិក​បាន​សម្រេចយក​ពន្ធគយ​២៥​ភាគរយ​ទៅលើ​ទំនិញ​នាំចូល​ពី​ចិន​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​១៦​ពាន់​លាន​ដុល្លារ ក្រោយពី​យកពន្ធ​ក្នុង​អត្រា​ដូចគ្នានេះ​ទៅលើ​ទំនិញ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​៣៤​ពាន់​លាន​ដុល្លារ​កាលពី​ខែ កក្កដា​។ រដ្ឋាភិបាល​ក្រុង ប៉េកាំង បាន​ឆ្លើយតប​នឹង​ករណី​នីមួយៗ ដោយ​ដំឡើង​ពន្ធគយ​ក្នុង​អត្រា​ដូចគ្នា​ទៅលើ​ទំនិញ​នាំចូល​ពី​អាមេរិក​។ រដ្ឋាភិបាល​អាមេរិក​បាន​ប្តេជ្ញា​ថា​នឹង​ដំឡើង​ពន្ធគយ​កាន់តែ​ខ្ពស់​ជាងនេះទៀត​/
 
​ក្រុមហ៊ុន​នានា​ដែល​នាំចេញ​ទំនិញ​ពី​វៀតណាម​ទៅកាន់​សហរដ្ឋអាមេរិក​នឹង​ចំណេញ​ច្រើនជាង​ក្រុមហ៊ុន​ដែល​នាំចេញ​ទំនិញ​ពី​ប្រទេស​ចិន​ទៅកាន់​សហរដ្ឋអាមេរិក ដោយមាន​ហានិភ័យ​តិចតួច​ប៉ុណ្ណោះ​ចំពោះ​សង្វាក់​ផ្គត់ផ្គង់​ឆ្លង​ព្រំដែន​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ខាង​ជំនួញ Dezan Shira & Associates ក្នុង​ទីក្រុង ហូជីមិញ កាលពីដើម​ឆ្នាំនេះ​។ 
 
​ក្នុងចំណោម​ក្រុមហ៊ុន​នានា​ដែល​នាំចេញ​ទំនិញ​ពី​វៀតណាម​ទៅ​សហរដ្ឋអាមេរិក ឥឡូវនេះ​ក៏​រួមមាន​ក្រុមហ៊ុន Intel និង​ក្រុមហ៊ុន Samsung Electronics ផងដែរ​។ ក្រុមហ៊ុន​ចិន​ហាក់ដូចជា​ចាប់អារម្មណ៍​បង្កើត​រោងចក្រ​កាន់តែច្រើន​នៅក្នុង​ប្រទេស​វៀតណាម ដែល​បង្ក​ឲ្យ​មានការ​តវ៉ា​កាលពី​ខែមិថុនា កន្លងទៅនេះ ដោយ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ស្ថិតក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ភ័យខ្លាច​ថា ក្រុមហ៊ុន​ចិន​នឹង​លទ្ធភាព​ច្រើន​ក្នុងការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​
 
​ប្រទេស​វៀតណាម​ចាត់ទុក​សហរដ្ឋអាមេរិក​ជា​គោលដៅ​ចម្បង​សម្រាប់​ការនាំចេញ​ទំនិញ​កាលពី​ឆ្នាំមុន ដែល​នៅពេលនោះ​វៀតណាម​បាន​នាំចេញ​ទំនិញ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​៤៦,៥​ពាន់​លាន​ដុល្លារ ទៅកាន់​ទីផ្សារ​អាមេរិក​។ ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក​កើនឡើង​១២,៥​ភាគរយ កាលពី​ខែ សីហា ខណៈដែល​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​កើនឡើង​៣០​ភាគរយ​។ ការវិនិយោគ​បរទេស​ក្នុងប្រទេស​វៀតណាម​កាល​ពី​ឆ្នាំមុន រួមចំណែក​ដល់​ការនាំចេញ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់ ១៥៥,២៤​ពាន់​លាន​ដុល្លារ​។​
 
​អ្នកស្រី Alicia Garcia Herrero សេដ្ឋវិទូ​ជាន់ខ្ពស់​ទទួលបន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ធនាគារ​វិនិយោគ​បារាំង Natixis បាន​ថ្លែងថា វៀតណាម​ប្រហែលជា​អាច​បញ្ចុះបញ្ចូល​អ្នកជំនួញ​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​នោះ​ថា ប្រទេស​វៀតណាម​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការវិនិយោគ​លើ​ទំនិញ​ពាក់កណ្តាល​សម្រេច​នានា ដូចជា​គ្រឿងបន្លាស់​អេឡិចត្រូនិក​ជាដើម​។ អ្នកស្រី​បាន​បន្ថែមថា ប្រទេស​វៀតណាម​គឺជា​ជម្រើស​មួយ​ដ៏​ល្អ​ក្រៅពី​ប្រទេស​ចិន ដោយសារតែ​វៀតណាម​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ផង​និង​ជាមួយ​សហរដ្ឋអាមេរិក​ផង​។​
 
​អ្នកស្រី​បាន​បន្ថែមទៀតថា «​ខ្ញុំ​គិតថា ប្រទេស​វៀតណាម​អាចធ្វើ​បានល្អ​ចំពោះ​បញ្ហា​នេះ​»​។​
 
​អ្នកស្រី Garcia បាន​និយាយទៀតថា «​នេះ​មានន័យថា​នឹងមាន​ការវិនិយោគ​បរទេស​ដោយផ្ទាល់​ទៅ​វៀតណាម​កាន់តែច្រើន ដោយសារតែ​គេ​នឹង​ដឹងថា ប្រទេស​វៀតណាម​គឺជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ទាក់ទាញ​យ៉ាងហោចណាស់​ក៏​វិនិយោគ​មួយចំនួន​ពី​ប្រទេស​ចិន​ផងដែរ ពាក់ព័ន្ធ​នឹង​សង្វាក់​តម្លៃ​ទៅកាន់​អាមេរិក ហើយ​ខ្ញុំ​គិតថា ចំណុច​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ប្រទេស​វៀតណាម​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com