ជាតិ
សេដ្ឋកិច្ច
កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ាន​៨ ដែលមាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​លើ​ពិភពលោក​
14, Sep 2018 , 10:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​ដោយសារតែ​គោលនយោបាយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វត្តមាន​របស់​បណ្ដា​ក្រុមហ៊ុន​ដែលមាន​ភាពជឿនលឿន សមាជិក​អាស៊ាន​ចំនួន​៨ ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​សន្ទុះ​សេដ្ឋកិច្ច​ល្អ​បំផុត​ក្នុង​ពិភពលោក ។ យោងតាម​របាយការណ៍​មួយ ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​សកល McKinsey នៅ​ថ្ងៃទី​១៤ កញ្ញា​។​

 
​ក្នុង​របាយការណ៍​នេះ  វិទ្យាស្ថាន​ខាងលើ បាន​វិភាគ​ប្រទេស​ចំនួន ៧១​សំខាន់ៗ​ជុំវិញ​ពិភពលោក ហើយ​ជា​លទ្ធផល ពួកគេ​បាន​រកឃើញ​ប្រទេស​ចំនួន​១៨ ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​។ ក្នុងចំណោម​ប្រទេស​ទាំង ១៨​នេះ ក៏មាន​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​៨​។​
 
​ប្រទេស​ទាំង ៨​នេះ ត្រូវបាន​របាយការណ៍​ខាងលើ​ចាត់ថ្នាក់​ជា ២​ប្រភេទ​។ ថ្នាក់​ទី​១​គឺ ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​រយៈពេល​វែង ក្នុងនោះ​រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ ដែលមាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៣,៥% នា​រយៈពេល ៥០​ឆ្នាំ​។ រីឯ​ទី​២ គឺ ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​នាពេល​ថ្មីៗ​នេះ ក្នុងនោះ​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដែលមាន​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៥% នា​រយៈពេល ២០​ឆ្នាំ​។ 
 
​យ៉ាងណាមិញ ហ្វីលីពីន មិនមាន​ឈ្មោះ​នៅក្នុង​របាយការណ៍​នេះ​ទេ ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​រហ័ស​របស់​ប្រទេស​នេះ នាពេល​ថ្មីៗ​នេះ អាចធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​មួយ​នេះ​ជាប់​ឈ្មោះ​នាពេល​អនាគត​។ ចំណែកឯ​ព្រុយ​ណេ​វិញ មិនត្រូវ​បានចាត់ទុក​ក្នុង​របាយការណ៍​នេះឡើយ ក៏​ព្រោះតែ​ផ្ទៃដី​ដ៏​តូច​របស់​ប្រទេស​នេះ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​ដដែល​នេះ​។​
 
​ទោះជា​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ក្ដី រដ្ឋ​អាស៊ាន​មិនត្រូវ​ពឹងផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន​របស់ខ្លួន​ឡើយ តែ​ត្រូវ​បន្ត​គិតគូរ​បន្ថែមទៀត តាមរយៈ​ការដោះស្រាយ​បញ្ហា​នានា​ដែល​អាច​បង្ក​ការរាំងស្ទះ​ដល់​ការលូតលាស់​របស់ខ្លួន​។ ការផ្លាស់ប្ដូរ​គម្រូ​ពាណិជ្ជកម្ម ការប្រែប្រួល​ប្រជាសាស្ត្រ ការរីកចម្រើន​ផ្នែក​គ្រឿង​ម៉ាស៊ីន និង​បច្ចេកវិទ្យា ព្រមទាំង​កំណើន​វិសមភាព​ចំណូល សុទ្ធសឹង​ជា​ប្រធានបទ​ដែល​ប្រទេស​ក្នុង​តំបន់​ត្រូវ​ចាប់អារម្មណ៍​ខ្ពស់​។​
 
​លោក Oliver Tonby ប្រធានការិយាល័យ McKinsey ប្រចាំ​តំបន់​បាន​លើក​ជា​យោបល់​ថា ខណៈដែល​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ាន​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​នោះ បញ្ហា​ប្រឈម​របស់​ប្រទេស​នេះ​មាន​ដួច​ជា ការរក្សា​កំណើនសេដ្ឋកិច្ច និង​ការបន្ត​រក្សា​គម្លាត​ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្ស​ក្នុង​សម័យកាល​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​។ លើសពីនោះ អ្វីដែល​តំបន់​ទាំងមូល​ត្រូវយក​ចិត្ត​ទុក​ដែរនោះ គឺ​ការជំរុញ​ផលិតភាព​តាមបែប​ឌីជីថល និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​៕
 

Tag:
 អាស៊ាន សេដ្ឋកិច្ច​អាស៊ាន វិទ្យាស្ថាន​សកល McKinsey
© រក្សាសិទ្ធិដោយ thmeythmey.com