ជាតិ
បាក់ឌុប
​កំហុស​បាក់​ឌុប ក្រសួង​អប់រំ​សុំទោស​ផ្លូវការ​! អ្នកខ្លះ​សរសើរ អ្នកខ្លះ​រិះគន់​!
15, Sep 2018 , 10:36 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នា​ថ្ងៃទី​១៥ ខែកញ្ញា នេះ បាន​សរសេរ​សុំទោស និង​សោកស្តាយ​ចំពោះ​កំហុស​អ​ចេតនា ជុំវិញ​កំណែ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ ។​

 
អត្ថបទទាក់ទង
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ឌី ខាំ​ប៉ូ​លី បាន​ប្រាប់​សារព័ត៌មាន Thmey Thmey ថា សារ​សុំទោស​នេះ ក៏​ស្មើនឹង​លិខិតផ្លូវការ​ដែរ​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា​ការចេញលិខិត​ផ្លូវ​វ​ការ ឬ​មិន​ផ្លូវការ​មិនមាន​អ្វី​ខុសគ្នា​ឡើយ សំខាន់​លើទឹក​ចិត្ត​។  «​វា​មានតម្លៃ​ស្មើគ្នា ខ្ញុំ​សុំឱ្យ​សាធារណជន គិត​ទៅលើ​ទឹកចិត្ត និង​ចេតនា ចៀស​ជាង​គិត​ទៅលើ​លិខិតផ្លូវការ​ឬ មិន​ផ្លូវការ​.»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌី ខាំ​ប៉ូ​លី​។​
 
​សូមបញ្ជាក់ថា ក្រោយពី​មាន​ភាពមិនប្រក្រតី លើ​លទ្ធផល​ប្រឡង​បាក់​ឌុប​មុខ​វិទ្យា​គណិត បេក្ខជន​ប្រឡង​ជាច្រើន​ដែល​ជឿ​លើ​សមត្ថភាព​របស់ខ្លួន​បាន​ប្ដឹងតវ៉ា សុំឱ្យ​ក្រសួង​សើរើ​ពិន្ទុ​របស់​ពួកគេ​ជាថ្មី​។ ភាពមិនប្រក្រតី​នេះ ក៏​កើត​ចំពោះ​បេក្ខជន ឆាយ លី​អាន ដែលជា​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​ឆ្នាំ​២០១៨ នេះដែរ​។ ក្រោយ​ការសើរើ ក្រសួង​រកឃើញថា កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស ទើប​ធ្វើឱ្យ​មានការ​បូក​ពិន្ទុ​ខុស​យ៉ាង​ដូច្នេះ​។​
 
​ការសម្រេច​បង្កើត​គណៈ​កម្ម​ការ​កោសល្យវិច័យ​របស់​ក្រសួង​អប់រំ រហូតដល់​រកឃើញ​កំហុស​នេះ នាំ​ឲ្យ​មានការ​រិះគន់​ផង និង​ការសរសើរ​ផង​។ សម្រាប់​មតិ​រិះគន់ មនុស្ស​មួយចំនួន​បង្ហាញ​ពី​ការបាត់បង់​ទំនុកចិត្ត​លើ​ស្ថាប័ន​អប់រំ ដែល​ខ្ជីខ្ជា​នឹង​ការងារ​ខ្លួន ហើយ​ករណីនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​សិស្ស និង​អាណាព្យាបាល​របស់​ពួកគេ​។ អ្នកខ្លះ​បានទាមទារ​រហូតដល់​ឲ្យ​រដ្ឋមន្ត្រី និង​អ្នកទទួលបន្ទុក​លាលែង​ពី​តំណែង​ថែម​ទៀតផង​។​
 
​ប៉ុន្តែ​សម្រាប់​មតិ​មួយចំនួន ការសម្រេចចិត្ត​សើរើ​កំហុសឆ្គង​ការងារ​របស់ខ្លួន ជា​ទង្វើ​ដ៏​គំរូ​មួយ ដែល​កម្រ​កើតមាន​នៅក្នុង​ស្ថាប័នរដ្ឋ​នៅ​កម្ពុជា​។ «​ក្រសួង​អប់រំ ជាពិសេស​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ទំនួល​ខុសត្រូវ​ការងារ​របស់ខ្លួន ខណៈ​ក្រសួង និង​រដ្ឋមន្ត្រី​ផ្សេងទៀត ច្រើនតែ​រុញ​ដាក់គ្នា និង​ព្យាយាម​គេច​ចេញពី​បញ្ហា​»៕
 

Tag:
 ភ្នំពេញ​
  បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com