កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ស្នើ​កូរ៉េខាងជើង​រួមដៃគ្នា​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំ​២០៣២
16, Sep 2018 , 5:59 pm        
រូបភាព
​កូរ៉េខាងត្បូង​គ្រោង​ស្នើ​រួមគ្នា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ដេញថ្លៃ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០៣២ នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​សប្តាហ៍​ក្រោយ​នាទី​ក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Do Jong-hwan រដ្ឋមន្ត្រី​កីឡា​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​។


​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Do Jong-hwan នឹងធ្វើ​សំណើ​នេះ​នៅពេលដែល​លោក​ត្រូវធ្វើ​ដំណើរ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ទៅកាន់​កូរ៉េខាងជើង​សម្រាប់​ជំនួប​លើក​ទី​៣ ជាមួយ​មេដឹកនាំ​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១៨ ខែកញ្ញា​ខាងមុខ​។​
 
«​ខ្ញុំ​គ្រោង​នឹងធ្វើ​សំណើ​នេះ​ទៅ​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុងយ៉ាង​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​ដ៏​ធំ​នេះ​»​។ លោក Jong-hwan និយាយ​ដូច្នេះ​។​
 
​កាលពី​ឆ្នាំ​១៩៨៨ កូរ៉េ​ទាំង​២​ធ្លាប់បាន​ពិភាក្សា​អំពី​ការធ្វើជា​សហប្រធាន​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នា​ក្រុង​សេ​អ៊ូ​ល​ម្តង​ដែរ ប៉ុន្តែ​ការចរចា​មិន​ទ​ទួ​ជោគជ័យ​ដោយសារ​ភាពខុសគ្នា​នៃ​របៀប​ចែករំលែក​វិញ្ញាសា​។​
 
​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​បង្កើត​ក្រុម​អូឡាំពិក​រួមគ្នា​តែមួយ​ជា​លើកដំបូង​ក្នុង​ប្រភេទ​កីឡា Ice Hockey នារី​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​កាលពី​ខែកុម្ភៈ​នាទី​ក្រុង​ព្យុង​ឆាង ប្រទេស​កូរ៉េខាងត្បូង ដែល​នាំ​ឲ្យ​ប្រទេស​បងប្អូន​ទាំង​២​មាន​ទំនាក់ទំនង​ការទូត​ប្រសើរឡើង​ផងដែរ​។​
 
​មួយវិញទៀត ក្នុងការ​ប្រកួត​កីឡា​អាស៊ី Asian Game នៅ​ឥណ្ឌូណេស៊ី​កន្លងទៅ ក្រុមកីឡា​ការិនី​កូរ៉េ​តែមួយ​ដែល​រួមបញ្ចូល​គ្នា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​អាច​ដណ្តើមបាន​មេដាយមាស​១ និង​សំរឹទ្ធ​១​ជា​លើកដំបូង​របស់​ពួកគេ​ក្នុង​ប្រវត្តិសាស្ត្រ​។​
 
​ដោយឡែក ឥណ្ឌូណេស៊ី ក៏បាន​ប្រកាស​គម្រោង​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ ២០៣២​នេះដែរ បន្ទាប់ពី​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី ឆ្នាំ​២០១៨ បញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​ការសរសើរ​ពី​សំណាក់​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ទៀតផង​៕ 

Tag:
 កីឡា​អូឡាំពិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com