ជាតិ
ស្ថាន​បេសកកម្ម​កម្ពុជា​៖ សភា​អឺរ៉ុប​សម្រេច​តាម​សម្តី​របស់​បុគ្គល​ប្រឆាំង​ម្នាក់​
16, Sep 2018 , 10:14 am        
រូបភាព
លោក សម រង្ស៊ី មាន​វត្តមាន​នាអំឡុង​កិច្ច​ប្រជុំសភាអឺរ៉ុប​កាលពី​ថ្ងៃ ទី ១៣ កញ្ញា
លោក សម រង្ស៊ី មាន​វត្តមាន​នាអំឡុង​កិច្ច​ប្រជុំសភាអឺរ៉ុប​កាលពី​ថ្ងៃ ទី ១៣ កញ្ញា
ដោយ:
​ភ្នំពេញ​៖ ស្ថាន​ឯកអគ្គរាជទូត​/​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៨​បានចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប នឹង​ការសម្រេច​របស់​សភា​អឺរ៉ុប ដែល​បានអនុម័ត​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា​។ សេចក្ដីសម្រេច​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព និង​ទម្លាក់​រាល់​បទ​ចោទ ដោយ​គ្មាន​លក្ខខណ្ឌ ព្រមទាំង​តម្រូវ​ឲ្យ​មាន​ការចរចា ប្រគល់​នូវ​អ្វីដែល​សភា​អឺរ៉ុប​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដណ្ដើមយក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ សេចក្ដីសម្រេច​នេះ ត្រូវបាន​ស្ថាន​បេសកកម្ម​កម្ពុជា​ថា ការសម្រេច​នេះ​ត្រូវបាន​តាក់តែងឡើង​តាម​សម្តី​បុគ្គល​បក្សប្រឆាំង​ម្នាក់ ដែល​ទំនងជា​សំដៅទៅ​កាន់​លោក សម រង្ស៊ី​។​



​សភា​អឺរ៉ុប កាលពី​ថ្ងៃទី​១៣ កញ្ញា បានអនុម័ត​សេចក្តីសម្រេច​ចុងក្រោយ​របស់ខ្លួន ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រឆាំងនឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​រូបលោក​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ​។ សេចក្ដីសម្រេច​ដដែល​ក៏​អំពាវនាវ​ដូចគ្នា ចំពោះ​ករណី​អ្នកនយោបាយ​ដទៃទៀត រួមទាំង​លោក សម រង្ស៊ី ផងដែរ​។ 
 
​មិនតែប៉ុណ្ណោះ​ភា​អឺរ៉ុប បានស្នើ​ឲ្យ​នាយកដ្ឋាន​សេវា​កិច្ចការបរទេស​របស់​អឺរ៉ុប ( EEAS ) និង​គណៈកម្មាការ​អឺរ៉ុប ( European Commission ) រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គល ដែល​ទទួលខុសត្រូវ​ក្នុងការ​រំលាយ​គណបក្ស​ប្រឆាំង និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ដែល​សភា​EU ថា​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​ឈានទៅរក​ការដាក់ចេញ​នូវ​វិធានការ​រឹតត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងនោះ​។​
 
​ឆ្លើយតប​និង​ការអនុម័ត​នេះ ស្ថាន​បេសកកម្ម​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែកញ្ញា​នេះ បានចេញ​សេចក្ដីថ្លែងការណ៍ និង​បាន​ហៅ​ការសម្រេច​របស់​សភា EU ថា​ជាការ​សម្រេច ដែល​ធ្វើទៅ​តាមតែ​មនុស្ស​មួយក្រុម​តូច ដែល EU គាំទ្រ តែប៉ុណ្ណោះ​។ សេចក្ដីថ្លែងការណ៍​ដែលមាន​៣​ទំព័រ នេះ បាន​បញ្ជាក់ថា​៖ «​ការសម្រេច​របស់​សភា​EU បាន​ផ្អែកទៅលើ​ការអះអាង​មិន​ពិត និង​មិន​ស្មោះត្រង់ ពី​ក្រុម​ជ្រុលនិយម​កម្ពុជា ដែល​ការពារ​ដោយ​សភា​EU​។ ដោយ​ផ្អែកទៅលើ​របាយការណ៍​លម្អៀង​ទាំងឡាយ​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមានរ​បៀ​វារៈ​នយោបាយ​។ ហើយ​ពាក្យពេចន៍​ក្នុង​របាយការណ៍​ទាំងនោះ ពិតជា​ត្រូវបាន​ចម្លង​ពី​ប្រភព​តែមួយ ហើយ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​បំ​ភុ​ត​គឺ ពាក្យពេចន៍​ទាំងនោះ ត្រូវបាន​គេ​បញ្ចូល​ក្នុង​សេចក្ដីសម្រេចចិត្ត​របស់​សភា​EU​នេះ​។​
 
​ចំពោះ​ការព្រមាន​លើ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​លើ​ការនាំចេញ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) ត្រូវបាន​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ថា ជាការ​សម្រេចចិត្ត​ដែល​មិន​អើពើ​ដោយ​ចេតនា និង​មិន​យកចិត្តទុកដាក់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​កម្ពុ​ជា​។ កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ដូចជា​បញ្ហាដីធ្លី ឬ​ការដាក់​បទ​ប​ញ្ញ​តិ្ត​សង្គម និង​ទំនាក់ទំនង​រវាង​និយោជក និង​និយោជិត នៅក្នុង​សង្គម​មួយ​ដែល​មិន​ធ្លាប់បាន​ជួបប្រទះ​។ តំណាង​រដ្ឋាភិបាល​កម្ពុ​ជា បាន​ហៅ​ការអនុម័ត​របស់​សភា​EU ថា​ជាការ​សម្រេច​ដែល​លំអៀង និង​មាន​ស្តង់ដារ​ពី​។​
 
​ស្ថាន​បេសកកម្ម​កម្ពុជា បាន​ហៅ​មនុស្ស​ដែល​សភា​EU ស្ដាប់ និង​ជឿ​នោះ ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​មានការ​បែកបាក់​សង្គម ហើយ​អំពាវនាវ​ឲ្យ​មានការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ និង​ញុះញង់ ឲ្យ​មានការ​រើសអើង​ជនបរទេស​។ សកម្មភាព​របស់​បុគ្គ​ល​ទាំងនោះ​ត្រូវបាន​បញ្ឈប់​ព្រោះ​ជា​ទង្វើ​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សន្តិភាព និង​សុ​ន្តិ​សុខ​សាធារណៈ​។ ហើយ​អ្នក​បង្ករឿង ដែល​ប្រទេស​អឺរ៉ុប​មួយចំនួន បានចាត់ទុក​ថា​ជា​អ្នករងគ្រោះ​ប្រជាធិបតេយ្យ​នោះ បាន​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ជា​អចិន្ត្រៃយ៍​រវាង​កម្ពុជា ជាមួយ​ប្រទេសជិតខាង​ដ៏​ធំ​មួយ និង​បាន​រារាំង​ដល់​ការដោះស្រាយ​បញ្ហា​ព្រំដែន​។​
 
​តាមរយៈ​សេចក្ដីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​តម្លៃ​ចំពោះ​កិច្ចពិភាក្សា​ដេញដោល​បែប​ប្រជាធិបតេយ្យ ថា​ជា​កិច្ចសន្ទនា​ដែល​កំពុងដំណើរការ​រ​វាង​តួអង្គ​ជាតិ​ទាំងឡាយ ដោយ​ឈរលើ​គោលការណ៍​គោរព​គ្នា ទៅវិញទៅមក ការឯកភាព​ជាតិ និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ តែ​កម្ពុជា​សោកស្ដាយ​ដែល​គំនិត​ប្រជា​ធ​បិ​តេ​យ្យ​លក្ខណៈ​កម្ពុជា ត្រូវបាន​ប្រទេស​លោកខាងលិច​មិន​ផ្ដល់​តម្លៃ និង​មិន​ទទួលយក​។​
 
​ជាការ​កត់សម្គាល់​នៅ​ចុងខែ​សីហា ពោលគឺ​មុនពេល​មានការ​អនុម័ត​របស់​សភា​EU សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​មនា​ការដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ហើយក៏​មានការ​ដោះលែង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​២​នាក់ ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ផងដែរ និង​ចុងក្រោយ​នៅ​យប់​ថ្ងៃទី​៩ ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា តុលាការ​បានសម្រេច​ដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​ដូចគ្នា តែ​លោក​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ជួប​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ចេញ​ក្រៅ​ផ្ទះ​នោះទេ ៕
 

Tag:
 នយោបាយ​
 EU
 ​បក្សប្រឆាំង​
© រក្សាសិទ្ធិដោយ thmeythmey.com