កីឡាជាតិ
ជាតិ
​លី​គ​កំពូល​៖ វេ​ស្ទើ​ន​ត្រូវបាន​កាត់ចេញ ខណៈ​បឹងកេត​បន្ត​ប្រដេញ​ពិន្ទុ​ជាមួយ​ណាហ្គា​
17, Sep 2018 , 12:23 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវបាន​កាត់​ចេញពី​ក្របខណ្ឌ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​បូ​ឌា​ន​លី​គ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ក្រោយ​២០​ប្រកួត​កន្លងមក​ចាញ់​១៩​និង​ស្មើ​១​។ តែ​យ៉ាងណា វេ​ស្ទើ​ន​ភ្នំពេញ​នៅសល់​ការប្រកួត​បង្គ្រប់កិច្ច​ចំនួន​ពីរ​ប្រកួត​។ ក្រោយ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៥-០ បឹងកេត​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​បង្កើន​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ណាហ្គា​វើ​ល ដែល​កំពុង​ឈរ​កំពូល​តារាង​មាន​៥០​ពិន្ទុ​ក្នុង​ដៃ​។ នា​ជំនួប​កាលពី​ថ្ងៃអាទិត្យ អាស៊ី​អឺរ៉ុប​បាន​វាយបក​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ៣-២​។​

 
​ក្រោយ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៣-១ នា​ជំនួប​សប្តាហ៍​ទី​២០ កាលពី​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា នៅលើ​ទឹកដី​របស់ខ្លួន វេ​ស្ទើ​ន​ភ្នំពេញ​បាន​ក្លាយជា​ក្រុម ដែល​ត្រូវ​កាត់​ចេញពី​ក្របខណ្ឌ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌាល​លី​គ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨​នេះ​។ បច្ចុប្បន្ន​វេ​ស្ទើ​ន​ភ្នំពេញ​ស្ថិតនៅ​បាត​តារាង​មាន​១​ពិន្ទុ ក្រោយ​២០​ប្រកួត​ចាញ់​១៩​លើក និង​ស្មើ​១​លើក ខណៈ​ក្រុម​បន្ទាប់ពី​បាត​តារាង​អគ្គិសនី​កម្ពុ​ជាមាន​៩​ពិន្ទុ​។​
 
​វេ​ស្ទើ​ន​ភ្នំពេញ​បាន​ឡើង​មកលេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​នៅ​ឆ្នាំ​២០១២ តែ​ត្រូវបាន​កាត់​ចេញពី​ក្របខណ្ឌ​នេះ​វិញ​នៅ​ឆ្នាំ​២០១២ នោះ​ផងដែរ ក្រោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​បាត​តារាង​។ ក្រុម​សាកល​វិ​ទ្យ​ល័យ​មួយ​នេះ​បាន​ឡើង​មកលេង​ក្នុង​ក្របខណ្ឌ​កំពូល​សាជាថ្មី​នៅ​ឆ្នាំ​២០១៤ ហើយ​បាន​រក្សាខ្លួន​រហូតមក​ដល់​បច្ចុប្បន្ន​។ 
 
​ជ័យជម្នះ​ខាងលើ​បាន​ជួយ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​ឡើងទៅ​ឈរ​លេខ​៧​ក្នុង​តារាង​មាន​២៦​ពិន្ទុ​។ កីឡាករ តាំង សុភ័ក្ត្រ ពៅ ភា​រិ​ទ្ធ និង ស៊ឹង ណា​រិ​ទ្ធិ ជា​អ្នកសម្រេច​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​កីឡាករ យ៉ាន់ សុខា ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​វេ​ស្ទើ​ន​ភ្នំពេញ​។ ទោះបី​ត្រូវ​កាត់​ចេញពី​ក្របខណ្ឌ តែ​វេ​ស្ទើ​ន​ភ្នំពេញ​នៅសល់​ការប្រកួត​ចំនួន​ពីរលើក ដោយ​ប៉ះ​ភ្នំពេញ​ក្រោ​ន​ក្នុងជំនួប​ដំបូង មុន​ជួប​អាស៊ី​អឺរ៉ុប​នៅ​ជំនួប​ចុងក្រោយ​។​
 
​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​អាស៊ី​អឺរ៉ុប​បាន​វាយបក​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ដែល​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ក្នុង​ជើង​ទី​១ ដោយ​លទ្ធផល ៣-២​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​អាស៊ី​អឺរ៉ុប​ឡើងទៅ​ឈរ​លេខ​៨​ក្នុង​តារាង​មាន​២៦ ខណៈ​ភ្នំពេញ​ក្រោ​នប​ន្ត​ស្ថិតនៅ​លេខ​៥ ដោយ​រក្សា​៣០​ពិន្ទុ​។ បី​គ្រាប់​របស់​អាស៊ី​អឺរ៉ុប​សម្រេចបាន​ពីរ​គ្រាប់​ដោយ​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Befolo Mbarga Jean Marie Privat និង​មួយ​គ្រាប់​ដោយ​កីឡាករ George Kelechi Stanley ខណៈ​ពីរ​គ្រាប់​របស់​ភ្នំពេញ​ក្រោ​នរក​បាន​ដោយ​កីឡាករ Teixeira Junior Valci​។​
 
​ក្រុម​បឹងកេត​បាន​បន្ត​ប្រជែង​កំពូល​តារាង​យ៉ាង​ប្រកៀក​ប្រកិត​ជាមួយ​ណាហ្គា​វើ​ល បន្ទាប់ពី​ពួកគេ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៥-០​នា​ជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃអាទិត្យ​។ ក្នុងជំនួប​នេះ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា​ដែល​ទើប​ជា​របួស​បានបង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង ដោយ​រកបាន​១​គ្រាប់​ជួយ​ក្រុម​បឹងកេត​យកឈ្នះ​អគ្គិសនី​កម្ពុជា ៥-០ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 

សម្រាប់​ការប្រកួត​ក្នុង​សប្តាហ៍​ទី​២០ នៃ​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​លី​គ មិន​ត្រឹមតែ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ប៉ុណ្ណោះ​ទេ តែ​វឌ្ឍនាកា អាច​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​ដល់​ទៅ​២​គ្រាប់​ថែមទៀត​។ គ្រាប់​បាល់​ផ្សេងទៀត​របស់​បឹងកេត​សម្រេចបាន​ដោយ Oiboh Julius, ម៉ាត់ យ៉ា​មីន​, ឃុន សេង​ថៃ និង Maycon​។ 
 
​បឹងកេត​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ មាន​៤៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល​២​ពិន្ទុ ខណៈ​សល់​២​ប្រកួត​ទៀត​ទើប​បញ្ចប់​រដូវ​កាល​២០១៨​នេះ​។ 
 
​សម្រាប់​ពីរ​ប្រកួត​បន្ទាប់ ដែលជា​ជំនួប​កាត់សេចក្តី ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៨ បឹងកេត​ប៉ះ​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ និង​ភ្នំពេញ​ក្រោ​ន ខណៈ​ណាហ្គា​វើ​ល​ជួប​វិសាខា និង​អគ្គស្នងការ​នគរបាល​ជាតិ​៕  

Tag:
 វេ​ស្ទើ​ន​ភ្នំពេញ​
  Bisan George
  Befolo Mbarga Marie Privat
© រក្សាសិទ្ធិដោយ thmeythmey.com