ជាតិ
រដ្ឋាភិបាល ប្រកាសចាត់វិធានការលើក្រុមហ៊ុនរបស់«យាយភូ»ដែលចាក់ដីលុបឆ្នេរព្រែកត្រែង រូបពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងឆ្នេរកម្ពុជា ដែលមានលោក ជា សុផារ៉ា ជាប្រធាន បានពិនិត្យឃើញថាក្រុមហ៊ុនដែលចាក់ដីលុបឆ្នេរព្រែកត្រែងនៅខេត្តព្រះសីហនុ បានបំពានច្បាប់ ដែលនឹងត្រូវទទួលរងចំណាត់ការពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ បានឲ្យដឹងថាគណៈកម្មការនេះ កំពុងតែពិនិត្យ និងចាត់វិធានការចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ។
វិធានការរបស់លោក ថោង ខុន ត្រូវបានស្រង់សរសេរនៅលើទំព័រហ្វេសប៊ុកក្រសួងទេសចរ នៅថ្ងៃទី១៧ខែកញ្ញា ដូច្នេះថា៖«គណៈកម្មការគ្រប់គ្រងឆ្នេរកម្ពុជា កំពុងតែពិនិត្យទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅតម្រូវឲ្យក្រុមហ៊ុនខាងលើ កាយដីចេញពីតំបន់ដែលបានចាក់លុបនោះ ឬអនុវត្តវិធានការច្បាប់ជាបន្តបន្ទាប់ ព្រោះរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុនបំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ»។
ក្រុមហ៊ុនដែលចាក់ដីលុបឆ្នេរព្រែកត្រែង ត្រូវបានលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អះអាងថាជាក្រុមហ៊ុនអភិវឌ្ឍន៍របស់លោកស្រី ជឹង សុភាព ហៅយាយភូ។ ព័ត៌មាននៅលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍បានស្រង់សំដីលោក យន្ត មីន ដូចនេះ។
ក្រសួងទេសចរណ៍ លើកឡើងថា តំបន់ឆ្នេររបស់កម្ពុជា កំពុងក្លាយជាកន្លែងស្រូបទាញទេសចរដ៏មានសក្ដានុពលនាពេលបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៧ កន្លងទៅ ទេសចរអន្តរជាតិប្រមាន ៧៤ម៉ឺននាក់បានមកទស្សនាតំបន់នេះ ដែលកើនឡើង ១៥ភាគរយ។ ហើយតំបន់ឆ្នេរត្រូវបានព្យាករថានឹងទទួលបានភ្ញៀវអន្តរជាតិ ២លាននាក់ និងភ្ញៀវជាតិ ៦លាននាក់នៅឆ្នាំ២០២០។ ដោយឃើញសក្ដានុពលដូចនេះហើយ លោករដ្ឋមន្ត្រីទេសចរណ៍ បានអំពាវដល់អាជ្ញាធរនៅមូលដ្ឋានត្រូវមានចំណាត់ការឲ្យបានតឹងរឹងដើម្បីថែរក្សាឆ្នេរសមុទ្រនេះ កុំឲ្យមានការសាងសង់រំលោភទន្ទ្រានផ្សេងៗ៕
Tag:
ឆ្នេរព្រែកត្រែង
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com