សៀមរាប៖ ក្នុងទិសដៅលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តួចផ្តើមគម្រោង «ក្មេងស្រីដឹកនាំ» ដែលមានរយៈពេល៥ឆ្នាំ ចាប់ពី២០១៨-២០២៣ ។ គម្រោងនេះដាក់ឲ្យអនុវត្តក្នុងខេត្តចំនួន៣ ដែលត្រូវចំណាយទឹកប្រាក់ជិត៣លានដុល្លារ។
នាយកប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាលោក យេន យេប ក្លែនរេនស៊ីង្គ (Jan Jaap Kleainrensink) បានថ្លែងថា គម្រោងក្មេងស្រីដឹកនាំដែលចាប់ផ្តើមអនុវត្តនេះ នឹងបំផុសឲ្យមានការ ចូលរួមពីក្មេងប្រុស និងក្មេងស្រី ជាពិសេសស្ត្រីវ័យក្មេង និងបុរស ក្នុងដំណើរការដោះស្រាយបញ្ហាវិសមភាពយេនឌ័រនៅកម្រិតផ្សេងៗ នៅកម្ពុជា។
លោក យេន យេប ក្លែនរេនស៊ីង្គ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមានសុទិដ្ឋិនិយមថា ការចាប់ផ្តើមអនុវត្តគម្រោងក្មេងស្រីដឹកនាំនេះ នឹងទទួលបានការគាំទ្រ ហើយជាមួយគ្នានេះ យើងនឹងសហការគ្នាកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងយេនឌ័រ និងផ្តល់លទ្ធភាពឲ្យកុមារ ជាពិសេស កុមារដែលមិនទទួលបានការយកចិត្តទុកដាក់ និងក្មេងស្រី ឲ្យសម្រេចបានសក្តានុពលរបស់ខ្លួនយ៉ាងពេញលេញ»។
គម្រោង«ក្មេងស្រីដឹកនាំ» នេះ នឹងផ្ដល់ឱកាសឲ្យក្មេងស្រី និងក្មេងប្រុសក្នុងក្លឹបកុមារចំនួន ៥២ អាចបង្កើនចំណេះដឹងបាន តាមរយៈកម្មវិធីជើងឯកសម្រាប់កម្ពុជា សម្រាប់ការចែករំលែកចំណេះដឹងរបស់ខ្លួន ក្នុងការបង្កើតសកម្មភាពជាសមូហភាព និងសមភាពយេនឌ័រក្នុងការដឹកនាំ ដើម្បីធ្វើជាគំរូ។ ជាពិសេសពីរបៀបតស៊ូមតិ នៅថ្នាក់ឃុំ ថ្នាក់ខេត្ត និងថ្នាក់ជាតិជាដើម។
នាយកប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិមានប្រសាសន៍ថា៖«គម្រោងនេះនឹងបង្កើនសមត្ថភាពនិងលទ្ធភាព ក្មេងស្រី ដើម្បី (១)សិក្សា (២)ចែករំលែក (៣)បង្កើត និង(៤)ដឹកនាំ។គម្រោងនេះប្រើប្រាស់យន្តការណ៍ ដើម្បីពង្រឹងសមត្ថភាពទាំងក្មេងស្រី និងក្មេងប្រុស ដោយធ្វើយ៉ាងណាឲ្យពួកគេ សហការគ្នា ដើម្បីស្វែងយល់ សម្រួល ដោះស្រាយ និងផ្លាស់ប្តូរវិសមភាពសង្គម និងវិសមភាពយេនឌ័រនៅកម្ពុជា»។
គម្រោង ក្មេងស្រីដឹកនាំនេះ ត្រូវបានដាក់អនុវត្តរយៈពេល៥ឆ្នាំ ចំណាយថវិកា ចំនួន ២.៥ លានអ៊ឺរ៉ូ (ជិត៣លានដុល្លារអាមេរិក)នៅខេត្ដចំនួន ៣ គឺសៀមរាប ស្ទឹងត្រែង និងរតនគិរី ដល់កុមារប្រមាណ៤០០០នាក់ ដោយបង្កើនសមត្ថភាព និងលទ្ធភាពក្មេងស្រី ដើម្បីសិក្សា ចែករំលែក បង្កើត និងដឹកនាំ។
យុវតី សារិទ្ធ តំណាងក្លឹបកុមារីអ្នកដឹកនាំនៅខេត្ដសៀមរាបបានបង្ហាញថា គម្រោងនេះ ពិតជាល្អ ព្រោះបានផ្ដល់ឱកាសដល់កុមារី ឲ្យមានភាពក្លាហាន ក្នុងការចូលរួមដឹកនាំនៅក្នុងសហគម និងប្រទេសជាតិ ដែលផ្ទុយពីចាស់បុរាណតែងតែលើកឡើងថា ស្ដ្រីបង្វិលចង្ក្រាន្ដមិនជុំ ។
យុវតីវ័យ១៧ឆ្នាំរូបនេះបានបន្ដថា៖«គម្រោងនេះ បានជួយឲ្យកុមារីអាចអភិវឌ្ឍខ្លួនឯង ធ្វើឲ្យកុមារីដឹងថា ខ្លួនឯងខ្លាំងមិនចាញ់បុរសនោះទេ និងមានសមត្ថភាព និងសិទ្ធិស្មើគ្នាជាមួយកុមារ៉ាដែរ។ អ៊ីចឹងតាមរយៈគម្រោងនេះ បានធ្វើឲ្យកុមារីមានភាពក្លាហាន មិនឲ្យកុមារី មានភាពភ័យខ្លាចដូចកាលពីមុន និងធ្វើឲ្យកុមារីហានចូលរួមចំពោះកិច្ចការងារផ្សេងៗនៅក្នុងសង្គមថែមទៀត»។
លោក យេន យេប ក្លែនរេនស៊ីង្គ បានបញ្ជាក់ថា៖«ការរៀបការវ័យក្មេងនៅតែមានបន្តកើតឡើង ជាពិសេសនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី។ អំពើហិង្សាក្នុងគ្រួសារ កង្វះលទ្ធភាពចិញ្ចឹមបីបាច់កូន សុខភាពទន់ខ្សោយ និងបញ្ហាកង្វះអាហារូបត្ថម្ភ ទាំងម្តាយ និងកុមារ កើតមានជាទូទៅក្នុងចំណោមប្តីប្រពន្ធវ័យក្មេង»។
ផ្អែកតាមបទពិសោធន៍ការងារអភិវឌ្ឍន៍តាមសហគមន៍ជាង ៨០ឆ្នាំ ក្នុងប្រទេសជាង ៧០ ទូទាំងពិភពលោក អង្គការភ្លែនអន្តរជាតិបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសតែមួយគត់ទេ ដែលកំពុងប្រឈមនឹងការលំបាកទាំងនេះ។
គួរបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិ ត្រូវបានបង្កើតឡើងរយៈពេល ៧៥ ឆ្នាំមកហើយ (ឆ្នាំ ១៩៣៧) និងជាអង្គការដ៏ចំណាស់ និងធំជាងគេ ដែលផ្តោតលើការអភិវឌ្ឍសហគមន៍ដែលយកចិត្តទុកដាក់លើកុមារ ដែលកំពុងធ្វើប្រតិបត្តិការក្នុង ៧០ ប្រទេសទូទាំងពិភពលោក។
អង្គការភ្លែនអន្តរជាតិកំពុងធ្វើការជាមួយសហគមន៍ជាង ៥៨.០០០ ទូទាំងសកលលោក និងគ្របដណ្តប់លើកុមារជាង ៥៦ លាននាក់។ អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ ២០០២ ដែលយកចិត្តទុកដាក់លើផលប្រយោជន៍ល្អបំផុតរបស់កុមារ និងបានផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់កុមារជាង ៦០០.០០០ នាក់ និងប្រជាជនជិត ៨០.០០០ គ្រួសារនៅកម្ពុជា។
ក្រៅពីប្រតិបត្ដការ គម្រោងលើខេត្ដចំនួន ៤ មានសៀមរាប ត្បូងឃ្មុំ រតនគីរី និងស្ទឹងត្រែង ដែលកំពុងផ្ដល់ការទំនុកបម្រុង បច្ចុប្បន្ន អង្គការភ្លែន បានប្រតិបត្តិការរបស់ គ្របដណ្តប់លើ ខេត្ត-រាជធានី ១៧ ក្នុងចំណោម ខេត្ត-រាជធានី ទាំង ២៥ នៅកម្ពុជា តាមរយៈ កម្មវិធី មិនមែនជាខេត្ដយុទ្ធសាស្ដ្រ ដោយផ្ដោតទៅលើ អនាម័យ និងទឹកស្អាត នៅតាមសហគមន៍៕