អន្តរជាតិ
អ្នកជំនួញអាមេរិកប្រាប់ព្រឹទ្ធសភាអាមេរិកឲ្យប្រយ័ត្នប្រយែង ចំពោះការដាក់ទណ្ឌកម្មលើកម្ពុជា លោក Allen Dodgson Tan ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា
× ក្រុមវិនិយោគិនអាមេរិកដែលបោះទុននៅកម្ពុជាបានសរសេរលិខិតផ្ញើទៅព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី១៧ខែកញ្ញា ដើម្បីរំឮកសមាជិកព្រឹទ្ធសភាទាំងនោះឲ្យពិចារណាដោយប្រុងប្រយ័ត្ន នៅពេលដែលពួកគេត្រូវពិភាក្សាអំពីការដាក់ទណ្ឌកម្មមកលើកម្ពុជា។
ក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AMCham Cambodia) ចង់ឲ្យសមាជិកព្រឹទ្ធសភាអាមេរិកស្តាប់ឮយោបល់របស់សហគមន៍ពាណិជ្ជករអាមេរិកដែលកំពុងធ្វើជំនួញនៅកម្ពុជា។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅពេលដែលព្រឹទ្ធសភាអាមេរិកត្រូវពិភាក្សាលើការស្នើដាក់ទណ្ឌកម្មមកលើកម្ពុជា។
នៅក្នុងខែកក្កដាកន្លងទៅ ពោលគឺនៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦របស់កម្ពុជា សភាជាន់ទាបរបស់អាមេរិកបានអនុម័តច្បាប់មួយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាផងដែរ។ ច្បាប់នេះកំពុងស្ថិតនៅក្នុងនីតិវិធីដែលត្រូវបញ្ជូនទៅព្រឹទ្ធសភាអាមេរិក មុននឹងរង់ចាំសេចក្តីសម្រេចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៀត។
លិខិតដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយសមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាទាំង៩រូបបានសរសេរប្រាប់សមាជិកព្រឹទ្ធសភាថា៖«សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជានៅបន្តធ្វើការងារ និងភាពជាដៃគូជាមួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន។ AmCham កម្ពុជាជឿជាក់ថាយន្តការនេះនឹងផ្តល់ឲ្យមានលទ្ធផលយូរអង្វែងខ្លាំងជាងយន្តការនៃការដាក់ទណ្ឌកម្ម»។
លិខិតដដែលនេះក៏បានស្រង់ប្រសាសន៍របស់ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដែរគឺលោក Allen Dodgson Tan ដែលបន្ថែមថា ធុរកិច្ចរបស់ក្រុមហ៊ុនអាមេរិកបានបង្កើតឲ្យមានភាពជាគំរូនៃការទទួលខុសត្រូវផ្នែកសង្គម ផ្នែកបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះបុគ្គលិកនៅកម្ពុជា។
លោក Allen Dodgson Tan បានបញ្ជាក់យ៉ាងដូច្នេះថា៖«យុវជនកម្ពុជាបានផ្តល់តម្លៃដល់ផលិតផល(ម៉ាក) របស់អាមេរិក ពេញចិត្តនឹងឱកាសនៃការធ្វើការងារ និងរៀនសូត្រជាមួយក្រុមហ៊ុនអាមេរិក។ ដើម្បីជាប្រយោជន៍ក្នុងការកសាងទំនាក់ទំនងយូរអង្វែងរវាងប្រជាជនយើងទាំងពីរ យើងត្រូវបន្តគោលនយោបាយដែលអនុញ្ញាតឲ្យថែរក្សាភាពជាដៃគូសម្រាប់អនាគតរបស់កម្ពុជា»។
គួរបញ្ជាក់ថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាមានសមាជិកជាង១៣០ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា៕
Tag:
AmCham
Allen Dodgson Tan
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com