កីឡាជាតិ
ជាតិ
តារាង​បាល់ទាត់​នៅ​កីឡដ្ឋាន​មរតក​តេ​ជោ ដំណើរការ​សាងសង់​បាន​២០​ភាគរយ​ហើយ​
18, Sep 2018 , 7:39 pm        
រូបភាព
រូបប្លង់គំរូទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ និងសមិទ្ធផលដែលសាងសង់បាន២០ភាគរយ
រូបប្លង់គំរូទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ និងសមិទ្ធផលដែលសាងសង់បាន២០ភាគរយ
ដោយ:
​ទីលាន​បាល់ទាត់​មរតក​តេ​ជោ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន សាងសង់​រួចរាល់​បាន​ប្រមាណ​២០​ភាគរយ​ហើយ​។ កីឡដ្ឋាន​នេះ គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២១​។ លោក ថោង ខុន បាន​អះអាងថា កីឡដ្ឋាន​អាច​ជម្លៀស​មនុស្ស​៦​ម៉ឺន​នាក់​ត្រឹម​៧​នាទី​នេះ ជា​សមិទ្ធផល​ថ្មី​នៅ​តំបន់​អាស៊ី ដែល​ប្រើ​បច្ចេកវិទ្យា​សាងសង់​ទំនើប​ចុងក្រោយ​។

 
​ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ ដែលជា​សមិទ្ធផល​ដំណាក់កាល​ទី​២​នៃ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ត្រូវបាន​សាងសង់​រួចរាល់​ប្រមាណ​២០​ភាគរយ ក្រោយ​ដំណើរ​ការសាងសង់​អស់​រយៈពេល​៨​ខែ​កន្លងមកនេះ​។ កីឡដ្ឋាន​នេះ កសាង​ដោយ​ក្រុមហ៊ុន​ចិន​China State Construction Engineering Corporation(CSCEC) គ្រោង​ចំណាយ​វ​ថិ​កា​ប្រមាណ​ជា​១៥៧​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២១​។ 
 


​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​និយាយថា កីឡដ្ឋាន​បាល់ទាត់​នេះ​ជា​សមិទ្ធផល​ថ្មី និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី ព្រោះ​រាល់​សំណង់​ទាំងអស់​ត្រូវបាន​ស្ថាបនា​ឡើង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ប្រចាំ​តំបន់​អាស៊ី ក៏ដូចជា​លើ​សកលលោក​។ ហើយ វា​ក៏​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន និង​ទៅ​អនាគត​។ កាន់តែ​អស្ចារ្យ​ជាងនេះទៀត​នោះ គឺ​កីឡដ្ឋាន​នេះ​អាច​ជម្លៀស​មនុស្ស​៦​ម៉ឺន​នាក់​ក្នុង​រយៈពេល​៧​នាទី ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។​


 
«​យើង​មាន​មោទកភាព​មែនទែន​ចំពោះ​សំណង់​នេះ ព្រោះ​វា​បាន​សាងសង់ឡើង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយ​។ បើតាម​គាត់​(​វិស្វករ​)​ស្តា​ត​នេះ ជា​ស្តា​ត​ថ្មី​នៅ​អាស៊ី​លើក​ទី​១ ដែល​ប្រើ​បច្ចេកទេស​សាងសង់​ខ្ពស់​។ ក្នុងនាម​ជា​ខ្មែរ ខ្ញុំ​មាន​មោទកភាព​ណាស់​ដែល​បានឃើញ​សំណង់​ដ៏​អស្ចារ្យ​នេះ វា​ជាស​មិទ្ធ​ដ៏​មហាសាល​ក្នុងសម័យ​សម្តេច​តេ​ជោ សម្រាប់​បច្ចុប្បន្ន​និង​អនាគត​»​។ ការលើកឡើង​បែបនេះ​របស់លោក ថោង ខុន ពេល លោក ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​ដំណើរការ​សាងសង់​កីឡដ្ឋាន​មរតក​តេ​ជោ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​។​
 
​សម្រាប់​លោក ថោង ខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ផង​នោះ កីឡដ្ឋាន​មរតក​តេ​ជោ​មិន​ត្រឹមតែ​ជា​កន្លែង​ប្រកួត​កីឡា​តែប៉ុណ្ណោះ​ទេ តែ​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ស្រស់ស្អាត សម្រាប់​ភ្ញៀវទេសចរ​លំហែ​កម្សាន្ត​ថែម​ទៀតផង​។ ក្រៅពី​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែលមាន​នៅក្នុង​កីឡដ្ឋាន​នេះ ក៏មាន​សួន​សត្វសា​ហ្វា​រី សណ្ឋាគារ កន្លែង​វាយ​កូន និង​វិមាន​ឈ្នះៗ​នៅ​ជុំវិញ​ទីនេះ​ផងដែរ​។​
 
​លោក Wang Qun Qin ប្រធាន​គ្រប់គ្រង​ការសាងសង់​កីឡដ្ឋាន​មរតក​តេ​ជោ​បាន​អះអាងថា កីឡដ្ឋាន​នេះ​នឹង​សាងសង់​រួចរាល់​តាម​អ្វី ដែល​បាន​គ្រោងទុក​ក្នុង​រយៈពេល​៤០​ខែ​។ លោក​បន្តថា កីឡដ្ឋាន​នេះ​មិន​ត្រឹមតែ​អាច​រៀបចំ​ការប្រកួត​បា​ល់​ទាត់​ប៉ុណ្ណោះ​ទេ សូម្បី​កម្មវិធី​បើក​ព្រឹត្តិការណ៍​ធំ ដូចជា​កម្រិត​អាស៊ី ឬ​អូឡាំពិក ក៏​អាច​រៀបចំ​បានដែរ​។ 


 
​ប្រធាន​គ្រប់គ្រង​រូបនេះ​បាន​បន្តទៀតថា ក្នុង​ដំណើរការ​សាងសង់​នេះ​ក្រុមហ៊ុន​លោក​មាន​វិស្វករ​ជំនាញ​ចំនួន​៦​រូប ដែល​បញ្ជា​ការសាងសង់​ដោយផ្ទាល់​នៅទីនេះ​។ ក្រៅពីនេះ ក៏មាន​ចិន​នៅ​ប្រទេស​ចិន​មួយក្រុម​ទៀតផង​ដែរ ក្នុង​ការជួយ​គណនា និង​រចនា​ម៉ូដ​ផ្សេងៗ​។ ហើយ​រាល់​ការសាងសង់​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់ មានការ​ពិភាក្សា​យ៉ាង​ម៉ត់ចត់​ពី​អ្នកជំនាញ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​សាងសង់​។  
 
​ក្រៅពី​សមិទ្ធផល​ដំណាក់កាល​ទី​២​ដែល​កំពុង​សាងសង់​នេះ អាង​ហែល​ទឹក អគារ​កីឡា​ក្នុង​សាល និង​ក្រៅ​សាល ដែលជា​សមិទ្ធផល​ដំណាក់​ទី​១​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ខែមេសា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ ពហុ​កីឡដ្ឋាន​នេះ សាងសង់ឡើង​ក្នុង​គោលបំណង ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕   
 










Tag:
 NOCC
  ថោង ខុន​
  កីឡដ្ឋាន​មរតក​តេ​ជោ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com