អន្តរជាតិ
​ជំនួប​អន្តរ​កូរ៉េ​លើក​ទី​បី​៖ លោក មូ​ន សង្ឃឹមថា​គម្រោង​រំសាយ​នុយក្លេអ៊ែរ​លែង​ជាប់គាំង
18, Sep 2018 , 4:05 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ដែលឈរអមដោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លើកដៃស្វាគមន៍ប្រជាជនកូរ៉េខាងជើង។ (រូបភាព AFP)
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ដែលឈរអមដោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លើកដៃស្វាគមន៍ប្រជាជនកូរ៉េខាងជើង។ (រូបភាព AFP)
​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​នៅឯ​កូរ៉េខាងជើង​។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ជួបចរចា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅឯ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ដោយមាន​សំណុំរឿង​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​ជា​ប្រធានបទ​សំខាន់​។ លោក មូ​ន ត្រូវបាន​រំពឹងថា នឹង​ពន្យល់​លោក គីម ឲ្យ​បន្ត​ប្ដេជ្ញាចិត្ត​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​។​

 
​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានចាប់ផ្ដើម​ការចរចា​ជុំទីមួយ​របស់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​។ នេះ​ជា​ជំនួប​ទល់មុខ​លើក​ទី​៣ រវាង​លោក គីម និង​លោក មូ​ន ក្នុង​រយៈពេល​៦​ខែ​កន្លងមកនេះ​។ គេ​រំពឹងថា លោក មូ​ន នឹង​ប្រើ​ជំនួប​នេះ​ដើម្បី​ជំរុញ​ការចាប់ផ្ដើម​ឡើងវិញ​ការចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ ដែល​ទៅមុខ​មិន​រួច​។​
 
​ជំនួប​ចរចា​រវាង​លោក គីម និង​លោក មូ​ន រៀបចំឡើង​នៅឯ​ការិយាល័យ​ធ្វើការ​របស់លោក គីម ក្នុង​ទីស្នាក់ការ​គណៈកម្មការ​មជ្ឈិម​នៃ​បក្ស​ពលករ​កូរ៉េ​។ បើតាម​មន្ត្រី​កូរ៉េខាងត្បូង នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក គីម ទទួល​ជួប​មេដឹកនាំ​បរទេស​នៅ​ទីនោះ ដែល​ត្រូវបាន​ចាត់ទុកជា​ទីតាំង​មានការ​យាមកាម​តឹងរ៉ឹង​បំផុត​។ នេះ​មានន័យថា មេដឹកនាំ​កូរ៉េខាងជើង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​។​
 
​មុន​ជំនួប​ទល់មុខ​ជាមួយ​លោក គីម លោក មូ​ន បានបង្ហាញ​ក្ដីសង្ឃឹម​លើ​ការចរចា​លើក​នេះ ជាពិសេស​ទំនាក់ទំនង​កូរ៉េខាងជើង និង​អាមេរិក​តែម្ដង​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ បាន​ដើរតួនាទី​ជា​សន្ធាន​ការី​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ រហូតដល់​មានការ​ឯកភាពគ្នា​រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​អាមេរិក និង​កូរ៉េខាងជើង​បែរជា​មិនត្រូវ​គ្នា​លើ​ដំណើរការ​លុបបមបាត់​អាវុធ​នេះ​ទៅវិញ​។​
 
​លោក មូ​ន មាន​ក្ដីសង្ឃឹម​ខ្ពស់ ក៏​ព្រោះតែ​លោក​រីករាយ​នឹង​ការទទួល​ស្វាគមន៍​រូបលោក​ពី​សំណាក់​ប្រជាជន​កូរ៉េខាងជើង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក មូ​ន បាន​និយាយ​ពេលទៅដល់​ផ្ទះសំណាក់​រដ្ឋ Paekhwawon ថា បេះដូង​របស់លោក​ពិត​ជា​រំភើប​មែនទែន​ពេល​ឃើញ​ប្រជាជន​ក្រុង​ព្យុងយ៉ាង​ទទួល​លោក​រាក់ទាក់​បែប​នោះ​។ លោក គីម ក៏​ឆ្លើយ​ទៅ​លោក មូ​ន វិញ ជាមួយ​ការបង្ហាញ​ឆន្ទៈ​ជំរុញ​ល្បឿន​បង្កើត​សន្តិភាព និង​ការផ្សះផ្សា​នៅ​ឧបទ្វីប​កូរ៉េ​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ មេដឹកនាំ​កូរ៉េខាងជើង បាន​សុំទោស​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចំពោះ​ទីកន្លែង​ស្នាក់នៅ​ដែល​ចាស់​បន្តិច​។ លោក គីម ក៏បាន​សុំ​ឲ្យ​លោក មូ​ន ទទួលយក​បដិសណ្ឋារកិច្ច​ដែល​បានផ្ដល់​ជូន ព្រោះនេះ​ជា​អ្វីដែល​កូរ៉េខាងជើង​មាន​។ 
 
​តាម​គម្រោង មេដឹកនាំ​កូរ៉េ​ទាំងពីរ នឹង​ជួបចរចា​ម្ដងទៀត​នៅ​ថ្ងៃទី​១៩ ខែកញ្ញា មុននឹង​លោក មូ​ន ត្រឡប់​ទៅកាន់​កូរ៉េខាងត្បូង​វិញ​នៅ​ថ្ងៃទី​២០ ខែកញ្ញា​។ ឯ​លទ្ធផល​កិច្ចប្រជុំ​វិញ លោក គីម និង​លោក មូ​ន អាច​មានមុខ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា បើ​មាន​ការចរចា​មាន​ផ្លែផ្កា​ល្អ ខណៈ​លោក មូ​ន ក៏មាន​គម្រោង​ចូលរួម​សន្និសីទ​ដោយឡែក​ស្ដីពី​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​កូរ៉េខាងជើង​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ទីក្រុង​សេ​អ៊ូ​ល​៕ 
 

Tag:
 InterKoreanSummit
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com