អត្ថបទពាណិជ្ជកម្ម
ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន RMA ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ និង​បរិច្ចាគ​ប្រាក់​១៥០០​ដុល្លារ​ដល់​មូលនិធិ​គន្ធបុប្ផា​
18, Sep 2018 , 4:18 pm        
រូបភាព
ដោយ:
​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា​កន្លងទៅ ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅឯ​មជ្ឈមណ្ឌល​ផ្តល់​ពត៌មាន​គន្ធបុប្ផា​។ ក្រៅពី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ក្រុមហ៊ុន អ អិ​ម អេ ក៏បាន​បរិច្ចាគ​ថវិកា ១៥០០ ដុល្លារ ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។
 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ឲ្យ​ដឹងថា រូបលោក ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​មរណភាព​របស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ​។ សម្រាប់ លោក ង​ន សាំង នេះ​មិន​គ្រាន់តែ​ជាការ​បាត់បង់​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​មួយរូប​នោះទេ គឺជា​ការបាត់បង់​ធនធាន​ឥស្សរជន និង​ជាការ​បាត់បង់​វេជ្ជបណ្ឌិត​ដ៏​ឆ្នើម​មួយរូប សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា ដែល​រូបលោក​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់ អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ​។ 
  


​គួររំលឹកថា លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ កើត​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៤៧ ជា​ជនជាតិ​ស្វី​ស​។ គាត់​ជា​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​កុមារ អ្នកលេង​សូ​ឡូ និង​ជា​អ្នកបង្កើត​មន្ទីរពេទ្យ​កុមារ នៅ​កម្ពុជា ហើយ​គាត់​ក៏​ជា​នាយក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។ លោក​វេជ្ជបណ្ឌិត បាន​ចាក​ចេញពី​ប្រទេស​កំណើត​របស់ខ្លួន មកកាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៧៤ និង​១៩៧៥ ហើយ​លោក​បាន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ ដោយសារ​ប្រទេស​កម្ពុជា ជួបនឹង​ភ្លើងសង្គ្រាម ហើយ​លោក​ក៏បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​លើក​ទី​២ នៅ​ឆ្នាំ​១៩៩១​។ ចាប់តាំងពី​មកដល់​ប្រទេស​កម្ពុជា​វិញ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ បាន​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ស្ទើរ​មួយជីវិត​របស់លោក បង្កើត​ឡើងវិញ​នូវ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលជា​មន្ទីរពេទ្យ​សប្បុរសធម៌ ដែល​ផ្តល់​សេវា​ព្យាបាល​ឥតគិតថ្លៃ​ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ព្រោះ​នៅ​កម្ពុជា​៕
  




(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com