ជាតិ
សង្គមជាតិ
មន្ត្រី​វៀតណាម​៖ គ្មាន​ករណី​នាំចេញ​ជ្រូក​ងាប់​ពី​វៀតណាម មកកាន់​ទីផ្សារ​កម្ពុជា​ឡើយ
19, Sep 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​បណ្ដាញ​សង្គម​ជាច្រើន បាន​ចែករំលែក​ព័ត៌មាន​ត​គ្នា អំពី​ករណី​ជ្រូក​ងាប់​នៅ​ប្រទេស​វៀតណាម​ដោយសារ​ទឹកជំនន់ លេខា​ទី​២ នៃ​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​កម្ពុជា លោក TRAN LAM TUNG បាន​អះអាងថា នេះ​មិនមែនជា​ករណី​ពិត​ឡើយ​។ លោក​បញ្ជាក់ថា រូបភាព​និង​វីដេអូ​ដែល​បាន​ចែករំលែក​ត​គ្នា​នោះ ជា​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៧ ប៉ុណ្ណោះ​។​


 
​មិនមាន​ករណី​នាំចេញ​ជ្រូក​ងាប់​ពី​វៀតណាម មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ដូច​ការលើកឡើង​ក្នុង​បណ្ដា​យ​សង្គម​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក TRAN LAM TUNG លេខា​ទី​២ នៃ​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​កម្ពុជា ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​អ៊ីមែល​។  ។ លោក បន្តថា រូបភាព និង​វីដេអូ ដែល​បាន​ចែកចាយ​នៅក្នុង​បណ្ដាញ​សង្គម​ជាច្រើន​នោះ គឺជា​ករណី​ទឹកជំនន់ កាលពី​ឆ្នាំ​២០១៧ នៅក្នុង​ខេត្ត Thanh Hoa ប្រទេស​វៀតណាម​។ 
 
​តាម​របាយការណ៍​រប​ស់​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​នេះ ប្រទេស​វៀតណាម​ពិតជា​មាន​ករណី​ទឹកជំនន់​ពិតមែន​។ តែ​ទឹកជំនន់​បានកើត​ឡើង​នៅ​ភាគ​ខាងជើង និង​កណ្ដាល​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​។ ករណីនេះ បាន​បណ្ដាល​ឲ្យ​មាន​សត្វ​ងាប់​ចំនួន ៥,៥២២​ក្បាល ដែលមាន​ដូចជា សត្វ​ជ្រូក មាន់ ទា ជាដើម​។ 
 
​ដោយឡែក​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម ដែលជា​កន្លែង​មាន​កសិដ្ឋាន​ច​ញ្ចឹ​ម​ជ្រូក​ធំជាងគេ​របស់​វៀតណាម និង​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស គឺ​មិនបាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នោះឡើយ​។​
 
​លោក TRAN LAM TUNG បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​វៀតណាម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​បាន​បំផ្លាញចោល​នៅ​កាកសំណល់​សត្វ​ទាំងនេះ ដើម្បី​ការពារ​បរិស្ថាន ដូច្នេះ​មិនមាន​ជ្រូក​ងាប់​លក់​ចេញទៅ​ទីផ្សារ​ទេ​»​។​
 
​មន្ត្រី​វៀតណាម​ខាងលើ បាន​អះអាងថា រដ្ឋាភិបាល​វៀតណាម កំពុងតែបន្ត​តាមដាន​យ៉ាង​លម្អិត អំពី​គុណភាព​ចំណីអាហារ​ដែល​នាំ​ចូលមក​កម្ពុជា​៕
 

Tag:
 ​សង្គម​
 ​ទឹកជំនន់​
 ​កម្ពុជា​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com