ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
សិប្បកម្ម «​កញ្ឆេរ​» មុខរបរ​ប្រពៃណី ដែល​ផលិត​មិនទាន់​តម្រូវការ​ទីផ្សារ​
22, Oct 2018 , 10:19 am        
រូបភាព
ដោយ:
​កំពត​៖ សិប្បកម្ម​ត្បាញ «​កញ្ឆេរ​» ជា​មុខរបរ​ប្រពៃណី​របស់​អ្នកភូមិ​អូរ​តូច ឃុំ​អណ្តូង​ខ្មែរ ស្រុក​ទឹកឈូ​។ ដើមឡើយ​នៅក្នុង​ភូមិ​អូរ​តូច​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ បាន​ប្រកបមុខរបរ​ត្បាញ​កញ្ឆេរ​នេះ​។ បច្ចុប្បន្ន នៅសល់​ប្រមាណ ២០​គ្រួសារ​ប៉ុណ្ណោះ ដែល​កំពុង​បន្ត​មុខរបរ​នេះ​ពី​ដូនតា​របស់​ពួកគាត់​។ កញ្ឆេរ ដែល​សិប្បករ ២០​គ្រួសារ​នេះ​បាន​ផលិត មិនអាច​ផ្គត់ផ្គង់​គ្រប់​តាម​តម្រូវការ​ទីផ្សារ​ទូទាំងប្រទេស​កម្ពុ​ជា​ឡើយ​។​


​សិប្បកម្ម «​កញ្ឆេរ​» ដែល​អ្នកភូមិ​អូរ​តូច​ហៅថា «​លួរ​» គឺ​ធ្វើ​អំពី​បន្ទះ​ឫស្សី និង​មាត់​របស់​វា​វេញ​ដោយ​ដើម​វល្លិ​ផ្ដៅ ជា​មុខរបរ​ត​ជំនាន់​មួយ​របស់​អ្នកភូមិ​អូរ​តូច​ប្រមាណ​ជា ៣០០​គ្រួសារ​។ ប៉ុន្តែ​មកដល់​សព្វថ្ងៃ នៅសល់​ប្រមាណ ២០​គ្រួសារ​ប៉ុណ្ណោះ ដែល​កំពុង​បន្ត​ប្រកបមុខរបរ​ប្រពៃណី​មួយ​នេះ ពីព្រោះ​គ្រួសារ​ខ្លះ​បានសម្រេច​ចិត្ត​ទៅ​ធ្វើការ​រោងចក្រ និង​ខ្លះទៀត​ប្តូរ​ទៅ​ប្រកបមុខរបរ និង​ធ្វើ​ការងារ​ផ្សេង​វិញ​។​
 


​អ្នកស្រី ហួង ណាត ជា​អ្នក​ត្បាញ​កញ្ឆេរ​ម្នាក់​នៅក្នុង​ភូមិ​អូរ​តូច បាន​បន្ត​អាជីវ​កម្មនេះ​ពី​ដូនតា​របស់​អ្នកស្រី​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។ ស្រី​វ័យ​៤៤​ឆ្នាំ​រូបនេះ បាន​ទិញ​ឫស្សី​, វល្លិ​ផ្ដៅ និង​ជួល​អ្នក​បិត​បន្ទះ​ឫស្សី​៣​នាក់ ដើម្បីឱ្យ​អ្នកស្រី​យកមក​ត្បាញ​ជា​កញ្ឆេរ​។ ក្នុង​មួយថ្ងៃ​អ្នកស្រី ណាត អាច​ត្បាញ​កញ្ឆេ​រទាំង​តូច​ទាំង​ធំ​បាន​ចំនួន ១០ ដោយ​កញ្ឆេរ​ធំ​មួយ​មានតម្លៃ ៤​ម៉ឺន​រៀល និង​កញ្ឆេរ​តូច​តម្លៃ ១​ម៉ឺន​១​ពាន់​រៀល​។ អ្នកស្រី ហួង ណាត ប្រាប់​ ThmeyThmey25 ថា ចំនួន​នេះ នៅតែ​មិនអាច​បំពេញតម្រូវការ​របស់​ឈ្មួញ​ដែល​ប្រមូល​ទិញ​យកទៅលក់​បន្តបាន​នៅឡើយ​ទេ​។​

​ក្រោយ​ផាត់​ចំណាយ​ថ្លៃ​ទិញ​ឫស្ស​, វល្លិ​ផ្តៅ និង​ជួល​អ្នក​បិត​បន្ទះ​ឫស្សី​រួច អ្នកស្រី ហួង ណាត អាច​ចំណេញ​ប្រាក់​បាន​ជាង ១​លាន​រៀល​ក្នុង​មួយខែ​។ នេះ​បើទោះជា ពេលខ្លះ​ប្តី​របស់​អ្នកស្រី ចេញទៅ​កាប់​ឫស្សី​នៅឯ​តំបន់ភ្នំ​នៅ​ទឹកឈូ​ដោយ​ខ្លួនឯង​ក៏ដោយ​។ ទោះជា​យ៉ាងណា​ក៏​អ្នកស្រី ណាត មិន​បោះបង់​អាជីវកម្ម​មួយ​នេះ​ចោល​ឡើយ ដោយ​អ្នកស្រី​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិន​ប្តូរ​មុខរបរ​ធ្វើក​ញ្ឆេរ​នេះ​ទេ ព្រោះ​មុខរបរ​នេះ ខ្ញុំ​អាច​រកចំណូលបាន​ច្រើនជាង​ធ្វើការ​ងារ​ឱ្យគេ​»​។​
 


​ម្យ៉ាងទៀត​ដោយ​មើលឃើញ​ពី​តម្រូវការ​របស់​អតិថិជន​នៅមាន​ច្រើន ហើយ​អ្នកផ្គត់ផ្គង់​កាន់តែ​ថយចុះ បានធ្វើឱ្យ​ស្ត្រី​វ័យ​៤៤​ឆ្នាំ​រូបនេះ​ចិញ្ចឹមចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​ថ្ងៃ​ណាមួយ ខ្ញុំ​មាន​ប្រាក់​ច្រើន ខ្ញុំ​នឹង​បើក​សិប្ប​កម្មនេះ​ដោយ​ខ្លួនឯង​»​។​

​បច្ចុប្បន្ន កញ្ឆេរ របស់​អ្នកស្រី ណាត និង​របស់​អ្នកភូមិ​អូរ​តូច​ប្រមាណ ២០​គ្រួសារ​ទៀត ត្រូវបាន​អ្នកស្រី កៅ សីហា តែ​ម្នាក់​ប៉ុណ្ណោះ ដែលជា​ឈ្មួញកណ្តាល​រស់នៅក្នុង​ខេត្តកំពត ប្រមូល​ទិញ​ក្នុង​រយៈពេល​២​ថ្ងៃ​ម្តង​។ សម្រាប់​កញ្ឆេរ​ធំ​មួយ អ្នកស្រី កៅ សីហា ទិញ​ក្នុងតម្លៃ ៤​ម៉ឺន​រៀល និង​កញ្ឆេរ​តូច​តម្លៃ ១​ម៉ឺន​១​ពាន់​រៀល​។​
 


​អ្នកស្រី កៅ សីហា ត្រូវ​បន្ត​រង់ចាំ​ប្រមូល​ទិញ​កញ្ឆេ​រទាំង​តូច​ទាំង​ធំ​ពី​អ្នកភូមិ​អូរ​តូច ឃុំ​អណ្តូង​ខ្មែរ ស្រុក​ទឹកឈូ ខេត្តកំពត រហូត​បាន​ចំនួន​ប្រហែល ១​ពាន់​កញ្ឆេរ ទើប​ឈ្មួញកណ្តាល​រូបនេះ​យកទៅលក់​ឱ្យ​ម៉ូយ​ម្តង​ដែល​ពួកគេ​រង់ចាំ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​យកទៅលក់​បន្ត​នៅតាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។​
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

 

Tag:
 ​កញ្ឆេរ​
  មុខរបរ​ប្រពៃណី​
  សិប្បកម្ម​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com