ការប្រកួតពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League រដូវកាល ២០១៨-២០១៩ បានត្រឡប់មកវិញហើយក្នុងនោះគូបើកឆាកដំបូងបំផុតគឺជំនួបរវាងម្ចាស់ផ្ទះ Inter Milan ទល់នឹង Tottenham Hotspur និង Barcelona ជាមួយ PSV Eindhoven សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល B នៅថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង ១១:៥៥នាទីយប់ [ម៉ោងនៅកម្ពុជា]។
ជំនួបរវាងក្រុមខ្លាំងពីអង់គ្លេស និងអ៊ីតាលីនេះជាគូបើកឆាកគួរឲ្យចាប់អារម្មណ៍បំផុតនៅវគ្គជម្រុះតាមពូល។ បើទោះជាប៉ះក្រុមល្អក៏ដោយ ប៉ុន្តែលោក Mauricio Pochettino អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស បានសម្រេចមិនបញ្ចូនកីឡាករសំខាន់ៗដល់ទៅ៥រូបសម្រាប់ការប្រកួតដំបូងនេះឡើយ។
អ្នកទាំង៥នោះ រួមមានខ្សែការពារ Toby Alderweireld និង Kieran Trippier ដោយឲ្យអ្នកទាំងពីរសម្រាកដើម្បីបន្ថយការនឿយហត់។ ខ្សែបម្រើ Dele Alli និង Moussa Sissoko ដែលមានរបួសសរសៃពួរ រួមទាំងអ្នកចាំទី Hugo Lloris របួសភ្លៅ។
«អ្នកមិនអាចយកកីឡាករទាំង ២៥រូប ហើយអាចលេងត្រឹមតែ ១១នាក់ប៉ុណ្ណោះនោះទេ។ នោះជាមូលហេតុ និងជាការសម្រេចចិត្តបែបច្ចេកទេស ហើយនេះក៏ជាយុទ្ធសាស្ត្រក៏នៅលើទីលានរបស់យើងដែរ»។ លោក Pochettino និយាយដូច្នេះ។
លោក Luciano Spalletti អ្នកចាត់ការ Inter Milan
ចំណែក Inter Milan ក្រោមការដឹកនាំរបស់លោក Luciano Spalletti អាចវិលត្រឡប់ទៅកាន់ការប្រកួតពានលំដាប់ទី១អឺរ៉ុបនេះវិញក្រោយពីអវត្តមានរយៈពេល ៦ឆ្នាំ។ Inter បានបរាជ័យ ១-០ ក្រោមស្នាដៃ Parma កាលពីចុងសប្តាហ៍កន្លងទៅក្នុងក្របខណ្ឌ Serie A។
ប៉ុន្តែក្នុងជំនួបនៅយប់នេះអ្នកចាត់ការសញ្ជាតិអ៊ីតាលីរំពឹងថានឹងដាក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Mauro Icardi ក្នុងជម្រើស១១នាក់ដំបូង បន្ទាប់ពីរូបគេអវត្តមានឲ្យក្រុមតាំងពីបើករដូវកាលថ្មីមក។
ដោយឡែកគូរផ្សេងទៀតដែលត្រូវតទល់គ្នានៅវេលាម៉ោង ២:០០ រំលងអាធ្រាត្រក្នុងវគ្គសន្សំពិន្ទុនេះដែរ មានដូចជា៖
ពូល A
- Club Brugge Vs Borussia Dortmund
- Monaco Vs Atletico Madrid
ពូល C
- FK Crvena Zvezda Vs Napoli
- Liverpool Vs Paris Saint Germain
ពូល D
- Galatasaray Vs Lokomotiv Moscow
- Schalke 04 Vs Porto