ជាតិ
សេដ្ឋកិច្ច
CDC អនុញ្ញាត​ក្រុមហ៊ុន​៦ បើក​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​-​កាបូប​
18, Sep 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៦ បើក​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​-​កាបូប នៅក្នុង​ទីតាំង​ផ្សេងគ្នា​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ទាំង​៦​នេះ មាន​ទុនវិនិយោគ​សរុប ២៧,៨​លាន​ដុល្លារ ព្រមទាំង​បង្កើត​ការងារ​បាន​ជិត​៧​ពាន់​កន្លែង ជូន​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់ CDC នៅ​ថ្ងៃទី​១៨​ខែកញ្ញា​។​

 
CDC បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទាំង​៦​នោះ មាន​ក្រុមហ៊ុន DE XIANG GARMENT និង​ក្រុមហ៊ុន YANXIN THREAD LACE មាន​ទីតាំងនៅ​ខណ្ឌ​ពោធិ៍​ជ័យ រាជធានី​ភ្នំពេញ​។ ដោយ​ក្រុមហ៊ុន DE XIANG GARMENT គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ  សម្លៀកបំពាក់​។ ក្រុមហ៊ុន YANXIN THREAD LACE គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ ផលិត​ខ្សែ​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង​។ ក្រុមហ៊ុន​ទាំង​២​នេះ  មាន​ទុនវិនិយោគ​ជាង​៦​លាន​ដុល្លរ ដោយ​អាចបង្កើត​ការងារ​បាន​ជាង​១​ពាន់​កន្លែង​។ 
 
​ក្រុមហ៊ុន HIGH HOPE (CAMBODIA) APPAREL MANUFACTURING និង​ក្រុមហ៊ុន AYC GARMENT FACTORY គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយមាន​ទុនវិនិយោគ​៨,៥៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​២​ពាន់​កន្លែង​។​
 
​ក្រុមហ៊ុន FENGFAN(CAMBODIA) គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៧,០៥​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង​៣​ពាន់​កន្លែង​។​
 
​ដោយឡែក​ក្រុមហ៊ុន GOODNEWS PACKAGING TECHNOLOGY គ្រោង​បង្កើត​រោងចក្រផលិត​គ្រឿង​បន្សំ​ស្បែកជើង កាបូប និង​សម្លៀកបំពាក់ នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​៦,១០​លាន​ដុល្លារ ដោយ​អាចបង្កើត​ការងារ​បាន​២៧០​កន្លែង​។ នេះ​បើតាម​CDC៕












 

Tag:
 CDC
 ​តាកែវ​
 ​កណ្តាល​
 ​កំពង់ស្ពឺ​
 ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com