ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
លោក ឈាង វុន​៖ លោកស្រី Mogherini មាន​ចេតនា​ទាញ​ប្រយោជន៍​ដល់​អ៊ីតាលី ជាង​ជួយ​ប្រជាធិបតេយ្យ​កម្ពុជា​
18, Sep 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​កម្ពុជា ដែល​ត្រូវបាន​សហភាព​អឺរ៉ុប លើក​យកទៅ​ពិភាក្សា​ជា​បន្តបន្ទាប់​នេះ វា​មិនមែនជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​វា​ស្ថិតនៅក្នុង​រឿង​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អ៊ីតាលី​។ លោក ឈាង វុន លើកឡើង​ពី​ចំណុច​នេះ​។​


 
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រដ្ឋសភា លោក ឈាង វុន បាន​ពន្យល់ថា ដើមចម​ដែល​នាំ​ឲ្យ​សភា​អឺរ៉ុប ពិភាក្សា​លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា​នេះ វា​មិនមែន​ស្ថិតនៅក្នុង​គោលបំណង​ជួយ​ជ្រោង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ពិត​ប្រាក​នោះទេ ។​ប៉ុន្តែ​វា​ស្ថិតនៅ​ក្នុងទិសដៅ​ប្រកួតប្រជែង​ពាណិជ្ជកម្ម​អង្ករ​ចូល​ទីផ្សារ​អឺរ៉ុប រវាង​កម្ពុជា និង​អ៊ីតាលី​។ 
 
​មុននឹង​ចូលដល់​ចំណុច​សំខាន់​នៃ​សាច់រឿង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ លោក ឈាង វុន ពន្យល់​មូលហេតុ​ថា កម្ពុជា​បាន​នាំ​អង្ករ​ចូល​ទីផ្សារ​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​អ៊ីតាលី​បាត់បង់​ទីផ្សារ​អង្ករ​ខ្លួន ដូច្នេះ​រដ្ឋាភិបាល​អ៊ីតាលី គឺ​មិន​សប្បាយចិត្ត​ចំពោះ​កម្ពុជា​ឡើយ ទើប​ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា ប្រឈមមុខ​នឹង​បញ្ហា​អនុគ្រោះ​ពន្ធ​ជា​ញឹកញាប់​។​
 
​ត្រង់ចំណុច​នេះ​លោក ឈាង វុន ចង់​និយាយ​សំដៅ​ទៅលើ​លោកស្រី Federica Mogherini រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប ដែល​តែងតែ​លើក​បញ្ហា​អនុគ្រោះ​ពន្ធ​កម្ពុជា​ទៅ​ពិភាក្សា ដោយមាន​បំណង​ចង់​កម្ចាត់​កម្ពុជា​ចេញពី​ទីផ្សារ​អឺរ៉ុប​។ មូលហេតុ​ដែល​លោក ឈាង វុន ហ៊ាន​និយាយ​បែបនេះ គឺ​លោក មាន​ទឡ្ហីករណ៍​ថា លោកស្រី Federica Mogherini គឺជា​ជនជាតិ​អ៊ីតាលី ហើយក៏​ធ្លាប់ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី ដូច្នេះ​លោកស្រី Mogherini មិន​ពេញចិត្ត​ចំពោះ​កម្ពុជា ដែល​ចូលទៅ​ដណ្ដើម​ទីផ្សារ​អង្ករ​អ៊ីតាលី​ឡើយ​។​
 
​សម្រាប់​លោក ឈាង វុន សកម្មភាព​របស់លោក​ស្រី Federica Mogherini ដែល​លើកយក​បញ្ហា​អនុគ្រោះ​ពន្ធ​កម្ពុជា​ទៅ​ពិភាក្សា​នេះ គឺ​គ្រាន់តែ​ជា​លេស​មួយ ដែលមាន​គោលបំណង​ស្វែងរក​ប្រយោជន៍​សម្រាប់​អ៊ីតាលី ពោលគឺ​សងសឹក​កម្ពុជា ដែល​ធ្វើ​ឲ្យ​អ៊ីតាលី​បាត់បង់​ទីផ្សារ​អង្ករ​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​។​
 
​ថ្លែង​ចំពោះ​អ្នកសារព័ត៌មាន​នៅក្រោយ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​១៧ ខែកញ្ញា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​និយាយ​ចំៗ​ទៅ​លោកស្រី Federica Mogherini ដូច្នេះ​ថា​៖«​ខ្ញុំ​ឃើញ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក និង​អ្នកសារព័ត៌មាន​ចុះផ្សាយ EU អ៊ីចេះ EU​អ៊ីចុះ ។ ខ្ញុំ​សុំ​តែ​ម្យ៉ាង​ទេ EU មិនមែន​ដូច​គាត់​( Federica Mogherini )​ទាំងអស់​ទេ គ្នា​គាត់​មានតែ​ប៉ុន្មាន​នាក់​ហ្នឹង​។ ហើយ​អ្វីដែល​គាត់​(Federica Mogherini )​សរសេរ ហើយ​អ្វីដែល​គាត់​សម្រេច គេ​មិនទាន់​យកទៅ​អនុម័ត និង​អនុវត្ត​ផង​ហ្នឹង ។ ហើយ​យើង​ចាំបាច់​ទៅ​ប្រឈមមុខ​ជាមួយ​EU ធ្វើ​អ្វី​។ មិនចាំបាច់​ប្រឈម​ទេ ព្រោះ​យើង​ដឹងថា​គាត់​ធ្វើ​ដើម្បី​អ្វី​។ គាត់ (Federica Mogherini) ជា​ជនជាតិ​អ៊ីតាលី រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី គាត់​មាន​ភារកិច្ច​ការពារ​កា​រ​នាំចេញ​(​ពាណិជ្ជកម្ម​)​របស់​អ៊ីតាលី​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប​។ គាត់​ចង់បាន​គេ​ទាត់ចោល​ប្រយោជន៍​របស់​កម្ពុជា​យើង​នេះ កុំ​ឲ្យ​តម្លៃ​អង្ករ​របស់​កម្ពុជា យកទៅលក់​នៅ​អឺរ៉ុប​បាន​ថោក ធ្វើ​ឲ្យ​ប៉ះពាល់​ការនាំចេញ​របស់គាត់​»​។​
 
​បើតាម​លោក ឈាង វុន អង្ករ​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប មានតម្លៃ​ទាប​ជាង​អង្ករ​របស់​អ៊ី​តា​ល​៣​ទៅ​៤​ដង ដែលជា​មូលហេតុ​នាំ​ឲ្យ​អង្ករ​របស់​អ៊ីតាលី ជា​ប្រទេស​ផ្គត់ផ្គង់​អង្ករ​នៅ​អឺរ៉ុប​ដ៏​ធំ​មួយ​នេះ បាត់បង់​ទីផ្សារ​។​
 
​គួរ​បញ្ជាក់ថា បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​កម្ពុជា (Everything But Arm ) កំពុងស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ និង​ពិភាក្សា​របស់​សភា​សហភាព​អឺរ៉ុប ខណៈដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល កំពុង​ចរចា និង​ពន្យល់​ដល់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​កម្ពុជា​កន្លងមក ដើម្បី​បញ្ចៀស​ការ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​៕

Tag:
 ឈាង វុន​
  អនុគ្រោះ​ពន្ធ​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com