អន្តរជាតិ
រុស្ស៊ី​បន្ទោស​អ៊ីស្រាអែល ក្រោយ​ស៊ី​រី​បាញ់​ទម្លាក់​យន្តហោះ​យោធា​ខ្លួន​មួយគ្រឿង​ដោយ​ច្រឡំ​
18, Sep 2018 , 10:59 pm        
រូបភាព
យន្តហោះ Il-20 ដែលត្រូវមីស៊ីលស៊ីរីបាញ់ធ្លាក់ (រូបភាព AFP)
យន្តហោះ Il-20 ដែលត្រូវមីស៊ីលស៊ីរីបាញ់ធ្លាក់ (រូបភាព AFP)
​រុស្ស៊ី​បាន​បន្ទោស​អ៊ីស្រាអែល​ចំពោះ​ការបាត់បង់​យន្តហោះ​យោធា​របស់ខ្លួន​មួយគ្រឿង​ដោយសារ​ការបាញ់​ទម្លាក់​ពី​សំណាក់​មី​ស៊ី​ល​ស៊ី​រី​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៨ ខែកញ្ញា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​អះអាងថា យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​បាន​ប្រើប្រាស់​យន្តហោះ​យោធា​រុស្ស៊ី ជា​របាំង​ការពារ​ពី​ប្រព័ន្ធ​ការពារ​អាកាស​របស់​ស៊ី​រី ដែល​សម្លាប់​ទាហាន​រុស្ស៊ី​ចំនួន​១៥​នាក់​។ រុស្ស៊ី​ក៏​គំរាម​ឆ្លើយតប​ចំពោះ​សកម្មភាព​បង្ករឿង​របស់​អ៊ីស្រាអែល​។​

 
​រុស្ស៊ី​បាន​តវ៉ា​ជា​ផ្លូវការ​ទៅកាន់​អ៊ីស្រាអែល​ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា បន្ទាប់ពី​បាត់បង់​យន្តហោះ​មួយគ្រឿង​ដោយសារ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​។ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu ក៏បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​អ៊ីស្រាអែល Avigdor Lieberman ជុំវិញ​ការធ្លាក់​យន្តហោះ​ធុន Il-20 នៅ​ឆ្នេរ​របស់​ស៊ី​រី និង​បានបង្ហាញ​ជំហរ​មិន​ពេញចិត្ត​របស់​រុស្ស៊ី​ចំពោះ​ហេតុការណ៍​នោះ​។ 
 
​តាមពិតទៅ យន្តហោះ​រុស្ស៊ី Il-20 ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-200 របស់​យោធា​ស៊ី​រី​។ ប៉ុន្តែ​ក្រសួងការពារជាតិ​រុស្ស៊ី​ចោទ​អ៊ីស្រាអែល​ថា ជា​អ្នករៀបចំ​ឲ្យ​ហេតុការណ៍​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា យន្តហោះ​អ៊ីស្រាអែល​ដែល​កំពុង​វាយប្រហារ​គោលដៅ​ស៊ី​រី បាន​យក​យន្តហោះ​រុស្ស៊ី​ជា​រនាំង​ការពារ​ខ្លួន​ពី​រ៉ា​ដារ​បស់​ស៊ី​រី​។ យន្តហោះ​រុស្ស៊ី ក៏​ក្លាយជា​គោលដៅ​វាយប្រហារ​តែម្ដង​។​
 
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov និយាយថា​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល F-16 បាន​បើក​ប្រតិបត្តិ​ការវាយប្រហារ​ទីតាំងនៅ​ស៊ី​រី​នៅ​យប់​ថ្ងៃទី​១៧ ខែកញ្ញា នៅពេលដែល​យន្តហោះ​រុស្ស៊ី​កំពុង​ចុះចត​។ «​យន្តហោះ Il-20 ដែល​ធំ​ជាង​យន្តហោះ F-16 ក៏ត្រូវ​បាន​បាញ់​ដោយ​ប្រព័ន្ធ​ការពារ S-200 ហើយ​សកម្មភាព​គ្មាន​ការទទួលខុសត្រូវ​រប​ស់​អ៊ីស្រាអែល សម្លាប់​យោធា​រុស្ស៊ី​អស់​ចំនួន​១៥​នាក់​។​» នេះ​បើតាម​លោក Igor ។​
 
​ក្រសួងការពារជាតិ​រុស្ស៊ី​អះអាងថា អ៊ីស្រាអែល​ពិតជា​ដឹង​ពី​វត្តមាន​យន្តហោះ​រុស្ស៊ី​ក្នុង​តំបន់​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ ប៉ុន្តែ​វា​មិនបាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ទង្វើ​ព្រហើន​របស់ខ្លួន​ទេ​។ លើសពីនោះ ក្រុង​មូ​ស្គូ​ក៏​ចោទ​យោធា​អ៊ីស្រាអែល​ទៀតថា មិនបាន​ព្រមាន​យោធា​រុស្ស៊ី​ពី​យុទ្ធនាការ​របស់ខ្លួន​ជាមុន​ឡើយ ហើយ​ការជូនដំណឹង​របស់​អ៊ីស្រាអែល ធ្វើឡើង​ខ្លី​បំផុត​នៅមុន​ការវាយប្រហារ​កើតឡើង ដែល​នោះ​មិនបាន​ទុកពេល​ឲ្យ​យន្តហោះ​រុស្ស៊ី​គេចខ្លួន​ទាន់ពេល​ឡើយ​។​
 
​នៅពេលនេះ រុស្ស៊ី​កំពុង​ស្វែងរក​យន្តហោះ​ដែល​ត្រូវ​ប្រព័ន្ធ​ការពារ​ស៊ី​រី​បាញ់​ធ្លាក់​។ ព័ត៌មាន​ចុងក្រោយ​បង្ហាញថា បំណែក​យន្តហោះ Il-20 ត្រូវបាន​រកឃើញ​នៅ​ចម្ងាយ​ប្រមាណ​២៧​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត Latakia ដែលមាន​មូលដ្ឋាន​យោធា​រុស្ស៊ី​៕
 

Tag:
 រុស្ស៊ី​
  អ៊ីស្រាអែល​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com