ជាតិ
លោក ជា សុផារ៉ា​៖ សំណង់​ដែល​មិន​ព្រមធ្វើ​ប្រព័ន្ធ​លូ​ឲ្យ​ត្រឹមត្រូវ​នៅ​ព្រះសីហនុ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​
19, Sep 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សំណង់​អគារ​លំនៅឋាន និង​ពាណិជ្ជកម្ម​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ​សំណង់​ទាំងនោះ​នឹងត្រូវ​ផ្អាក​ការសាងសង់ ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្ដោះអាសន្ន​។ នេះ​បើតាម​លិខិត​របស់លោក ជា សុផារ៉ា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​១៨​ខែកញ្ញា​នេះ ដែល​បញ្ជូនមក​អភិបាលខេត្ត​ព្រះសីហនុ​។​


 
​បើតាម​លិខិត​ដដែល​នេះ រាល់​សំណង់​អគារ​លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង​រោងចក្រ ដែលមាន​ស្រាប់ ឬ​គម្រោង​សាងសង់​ថ្មី ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ ក្នុង​ទីតាំង​ដីឡូត៍​រៀងៗ​ខ្លួន​ជាមុន ស្របតាម​មុខងារ​ប្រើប្រាស់​អគារ និង​បទដ្ឋាន​បច្ចេកទេស​សំណង់ និង​បរិស្ថាន​ល្អ​។ រួចហើយ​សំណង់​ទាំងនោះ​ត្រូវ​រៀបចំ​ប្រព័ន្ធ​លូត​ភ្ជាប់​ទឹក​កខ្វក់​ដែល​ចម្រោះ​រួច​នេះ ចូលទៅ​ប្រព័ន្ធ​លូ​សាធារណៈ​របស់​ខេត្ត ដែល​ហូ​រត​ភ្ជាប់​ទៅ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​របស់​ខេត្ត​ព្រះសីហនុ​។ 
 
​លិខិត​ដែល​បញ្ជូនមក​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ខេត្ត​ព្រះសីហនុ​នេះ បាន​បញ្ជាក់ថា ការអនុវត្ត​វិធានការ​ខាងលើនេះ គឺ​ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ផាសុកភាព សោភ័ណភាព គុណភាព​ទឹកសមុទ្រ និង​ឆ្នេរ​ខ្សាច់​កម្សាន្ត ឲ្យ​ស្របតាម​កិត្តិនាម​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​។​
 
​ក្នុងករណី​សំណង់​ណា​ដែល​មិនបាន​អនុវត្តតាម​សេចក្ដីណែនាំ​នេះ អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​ចាត់វិធានការ​ផ្អាក​ការសាងសង់ និង​ផ្អាក​ការធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន រហូតដល់​មានការ​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ​សម​ស្របតាម​ការណែនាំ​ខាងលើ​។ លិខិត​ដដែល​នេះ​បញ្ជាក់​ដូច្នេះ​។​
 
​ការណែនាំ​ខាងលើនេះ ជា​វិធានការ​មួយ​ក្នុងការ​បញ្ចៀស​ការបង្ហូ​រ​ទឹក​កខ្វក់​ចូលក្នុង​ទឹកសមុទ្រ ឬ​តំបន់ឆ្នេរ​។ គួរបញ្ជាក់​ផងដែរ​ថា ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ក្នុងពេល​ថ្មីៗ​នេះ បាន​រង​ការប៉ះពាល់​ពី​ករណី​ធំៗ​ចំនួន​ពីរ គឺ​ករណី​ទី​១ ក្រុមហ៊ុន​ឯកជន​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​។ និង​ករណី​ទី​២ ទឹកសមុទ្រ​មួយផ្នែក​បាន​ប្រែជា​ល្អក់ ដោយ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់ថា​ព្រោះ​ទឹក​ភ្លៀវ​បាន​ហូរ​យក​អាចម៍ដី​របស់​ការដ្ឋាន​សំណង់​ចូល​សមុទ្រ​៕
 

Tag:
 សំណង់​
  ព្រះសីហនុ​
  ឆ្នេរសមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com