ជាតិ
នយោបាយជាតិ
បារាំងប្រកាសត្រៀមខ្លួនជួយសម្របសម្រួលបញ្ហានយោបាយនៅកម្ពុជា?
× នាយករដ្ឋមន្ត្រីបារាំងលោក អេឌូអា ហ្វីលីព (Edouard PHILIPPE) បានផ្ញើលិខិតមួយដែលនិយាយពីស្ថានភាពនយោបាយនៅកម្ពុជា មកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី១៧ខែកញ្ញានេះ។
ជាលិខិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីរដ្ឋាភិបាលបារាំង។ លោកនាយករដ្ឋមន្ត្រីនៃប្រទេសបារាំង អេឌូអា ហ្វីលីព បានផ្ញើលិខិតមួយមកសម្តេច ហ៊ុន សែន ដោយបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់បារាំងក្នុងការជួយកសាងប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ គេអាចយល់បានថា លោកនាយករដ្ឋមន្ត្រីបារាំងកំពុងនិយាយអំពីការវិវឌ្ឍស្ថានការនយោបាយចុងក្រោយនៅកម្ពុជា។
នៅក្នុងលិខិតដែលគេឃើញឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងលោក ចែម វិឌ្យ៉ា បង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី១៨ខែកញ្ញានេះ នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអា ហ្វីលីព បានសរសេរប្រាប់សមភាគីកម្ពុជាយ៉ាងដូច្នេះ៖«ប្រទេសបារាំងគាំទ្រការខិតខំរបស់សម្តេចដើម្បីបន្តការសន្ទនាមួយដោយបើកចំហ និងដោយស្ថាបនា ជាមួយតួអង្គនយោបាយ សង្គមស៊ីវិល និងតួអង្គក្នុងសារព័ត៌មាន»។
តាមរយៈលិខិតដដែលនេះ លោកនាយករដ្ឋមន្ត្រីបារាំងបានបញ្ជាក់ប្រមុខរដ្ឋាភិបាលកម្ពុជាថា លោកស្វាគមន៍ការវិវឌ្ឍស្ថានការនយោបាយថ្មីៗដែលទាក់ទងនឹងការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ការដោះលែងសកម្មជន ទេព វន្នី, អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរីទាំងពីរនាក់ និងសកម្មជនការពារសិទ្ធិមនុស្សលោក មឿន តុលា ជាដើម។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថែមទៀតដែរថា លោកសង្ឃឹមថា វានឹងមានដោះលែងផ្សេងៗទៀត។
«ខ្ញុំចង់ឲ្យយើងមានការសន្ទនាដ៏ំម៉ត់ចត់មួយស្តីពីប្រយោជន៍រួមនៃប្រទេសយើងទាំងពីរ ដែលធ្វើឲ្យយើងទទួលបានរួមគ្នានូវលទ្ធផលនៃការអភិវឌ្ឍដែលកើតចេញពីសហប្រតិបត្តិជាច្រើនរបស់យើង»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកនាយករដ្ឋមន្ត្រីបារាំង អេឌូអា ហ្វីលីព។
លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំងបាននិយាយអំពីការសន្ទនានយោបាយមែន ប៉ុន្តែក្នុងពេលកន្លងមកមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងរបស់គណបក្សកាន់អំណាច បានអះអាងថា កម្ពុជាគ្មានវិបត្តិនយោបាយឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com