ជាតិ
​លោក អ៊ុក សម្បត្តិ ជា​ប្រធាន​គណៈ​គ្រប់គ្រង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បណ្តោះអាសន្ន​
19, Sep 2018 , 10:11 am        
រូបភាព
​លោក អ៊ុក សម្បត្តិ អនុប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជំនួស​លោក មូល ស៊ុយ​ហេង នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា នេះ​។ កម្មវិធី​នេះ មានការ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់​លោក ជ័យ សារិន អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន​​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​លោក​រដ្ឋមន្ត្រី​។ បើតាម​អ្នកនាំពាក្យ លោក ហង់ ជួន ណា​រ៉ុ​ន មាន​កិច្ចការ​បន្ទាន់​នៅ​ក្រសួង ដែល​ធ្វើ​ឲ្យ​លោក​មិនមាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​ទៅ​តាមការ​ព្រៀងទុក​។


 
​យោង​លិខិត​បង្គាប់​ការចុះ​ថ្ងៃទី​១២ ខែកញ្ញា របស់លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ  វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ត្រូវ​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​របស់ខ្លួន​ជា​បណ្តោះអាសន្ន​។ លោក អ៊ុក សម្បត្តិ ដែលជា​អនុប្រធាន​មន្ទីរអប់រំ ទទួលបន្ទុក​ជា​ប្រធាន​គ្រប់គ្រង ដោយមាន​អនុប្រធាន​៣​រូប និង​សមាជិក​៥​រូប​ទៀត​។​
 
​អនុប្រធាន​គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រួមមាន លោក ហ៊ាង ឡា​ឌី ប្រធានការិយាល័យ​មធ្យ​មសិ​ក្សា​មន្ទីរអប់រំ លោក ហេង លេង ប្រធានការិយាល័យ​អប់រំ​ខណ្ឌដូនពេញ និង​លោក ស​ម្យ កំសាន្ត នាយករង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ រីឯ​សមាជិក​គណៈកម្មការ សុទ្ធតែជា​នាយករង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ផ្ទាល់ ដែល​ក្នុងនោះ មាន លោកស្រី ម៉ក់ ដា​នី លោកស្រី ទ្រី វ៉ិ​ច លោក ហួត ស៊ា​ង​ហៃ  លោក ស៊ិន ដា​រ៉ាស៊ី និង​លោក អ៊ីវ សៅ​សុខា​។​​
 
​​បើតាម​ការអះអាង​រប​ស់លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក មូល ស៊ុយ​ហេង ដែលជា​នាយក ត្រូវបាន​ក្រសួង​អប់រំ​ផ្ទេរ​ទៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស វិញ​។ ប៉ុន្តែ​ការផ្ទេរ​នាយក​វិទ្យាល័យ​រូបនេះ នាំ​ឲ្យ​ការតវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​គ្រូ និង​សិក្សា​នុ​សិស្ស​មួយចំនួន​។​
 
​ក្រុមអ្នកតវ៉ា បានទាមទារ​ឲ្យ​ក្រសួង​រក្សា​តំណែង​លោក មូល ស៊ុយ​ហេង ដែល​ពួកគាត់​អះអាងថា ជា​ថ្នាក់ដឹកនាំ​ដ៏​ល្អ​នៅ​វិទ្យាល័យ​។ បន្ថែម​ពីលើ​នេះ ពួកគាត់​បានស្នើ​ឲ្យ​ក្រសួង​ដក​គម្រោង​សាលា​ជំនាន់​ថ្មី (New Generation School – NGS) ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​
 
​​គម្រោង​សាលា​ជំនាន់​ថ្មី ត្រូវបាន​រៀបចំឡើង​ដើម្បី​កសាង​សមត្ថភាព​ជំនាញ​របស់​សិស្ស​ឲ្យ​សមស្រប​តាម​ការរៀន​ស​ត​វត្សរ៍​ទី​២១ ជាពិសេស​លើ​ជំនាញ​គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និង​បច្ចេកវិទ្យា​។ ប៉ុន្តែ​ក្រុមអ្នកតវ៉ា បាន​មើលឃើញថា ការបង្កើត​គម្រោង​នេះ បង្ក​ឲ្យ​មានការ​រើសអើង ជាពិសេស​ការមើល​ងាយ​សមត្ថភាព​គ្រូ​ចាស់ៗ ជាដើម​៕
 

Tag:
 ​អប់រំ​
  វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​
© រក្សាសិទ្ធិដោយ thmeythmey.com