ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ឈឿង ស្រីម៉ាច ឆ្លងកាត់ការរើសអើងព្រោះពិការភាពមកបង្កើតអាជីវកម្មផ្ទាល់ខ្លួន
× ភ្នំពេញ៖ បន្ទាប់ពីធ្លាក់ខ្លួនពិការជើងម្ខាង ព្រមជាមួយការរើសអើងពីថៅកែរោងចក្រ និងអ្នកនៅជុំវិញខ្លួនផងនោះ ធ្វើឱ្យអ្នកស្រី ឈឿង ស្រីម៉ាច ប្តេជ្ញាថានឹងរៀនជំនាញមួយច្បាស់លាស់ ដើម្បីអាចបង្កើតរបរចិញ្ចឹមជីវិតដោយខ្លួនឯង និងបញ្ចៀសពីការរើសអើង។ ជាអាជីវកម្មដេរកាបូប និងអាវ ច្នៃពីក្រមា និងការុងចាស់ៗ លក់ដោយខ្លួនឯង។
ក្នុងអំឡុងឆ្នាំ២០០២ អ្នកស្រី ឈឿង ស្រីម៉ាច បានពិការជើងម្ខាង ដោយសារមីន នៅពេលដែលអ្នកស្រីទៅកម្សាន្តនៅភ្នំមួយក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីជួបគ្រោះថ្នាក់នេះ អ្នកស្រីបានសុំធ្វើការរោងចក្រដែលខ្លួនធ្លាប់ធ្វើពីមុន ប៉ុន្តែថៅកែមិនអនុញ្ញា ដោយហេតុផលថា គាត់ជាជនពិការ។ ដោយរងនូវការរើសអើងបែបនេះ ហើយញាតិជិតខាងហាក់មិនឱ្យតម្លៃផងនោះ អ្នកស្រី ស្រីម៉ាច ចាប់ផ្ដើមស៊ើបសួររកកន្លែងបង្រៀនជំនាញដល់ជនពិការ ដើម្បីគេចពីការមើលងាយ។ អ្នកស្រី ឈឿង ស្រីម៉ាច បញ្ជាក់៖ «បន្ទាប់ពីពិការជើងខ្ញុំទៅសុំគេចូលធ្វើការក្នុងរោងចក្រវិញ គេមិនឱ្យធ្វើគេថាខ្ញុំពិការគេមិនយកទៀតទេ ខ្ញុំគិតថាមានតែរៀនឱ្យមានចំណេះជាប់ខ្លួនទេ ទើបអាចចិញ្ចឹមខ្លួនរស់។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងធ្វើឱ្យអ្នកមើលងាយខ្ញុំឃើញថា ទោះខ្ញុំពិការក៏ខ្ញុំអាចទីពឹងខ្លួនឯងរស់បានដែរ»។
ក្នុងឆ្នាំ២០១១ អ្នកស្រី ម៉ាច បានចូលរៀនក្នុងអង្គការជនពិការគៀនឃ្លាំង ដោយរៀនកាត់ដេរកាបូប និងសម្លៀកបំពាក់។ រៀនបាន១ឆ្នាំ ស្ត្រីមកពីខេត្តកំពង់ចាមរូបនេះ ក៏បានធ្វើជាគ្រូបង្រៀនលើជំនាញកាត់ដេរនេះ នៅក្នុងអង្គការមួយ។ ជាអកុសល អ្នកស្រីបង្រៀនបាន៦ឆ្នាំ អង្គការនោះក៏ត្រូវបិទ។ នៅពេលនោះហើយ ដែលអ្នកស្រី ចាប់ផ្តើមដេរកាបូប និងអាវ ច្នៃពីក្រមា និងការុងចាស់ៗ លក់ដោយខ្លួនឯង។ ការងារនេះ អ្នកស្រីមានគ្នា២នាក់ គឺអ្នកស្រី ស្រីម៉ាចផ្ទាល់ និងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀត ដែលពិការជើងដូចគ្នា។ អ្នកស្រី ម៉ាច បន្ថែម៖« រៀនបាន១ឆ្នាំគេប្រកាសរើសគ្រូ ខ្ញុំដាក់ពាក្យក៏ជាប់ ខ្ញុំធ្វើជាគ្រូបាន៦ឆ្នាំ អង្គការក៏បិទ ខ្ញុំក៏មកដេរលក់ខ្លួនឯងវិញ ពីរនាក់មិត្តភ័ក្ដិម្នាក់ទៀត»។
បច្ចុប្បន្ន ផលិតផលដែលអ្នកស្រី ស្រីម៉ាច ផលិតបានមានដូចជា ក្រមា អាវ កាបូបស្ពាយពីក្រោយ ការបូបតូច-ធំស្ពាយចំហៀង កាបូបដៃ កាបូបដាក់សម្ភារសិក្សាជាដើម។ ផលិតផលទាំងនោះភាគដ៏ច្រើនមានប៉ាក់រូបទង់ជាតិកម្ពុជា និងសរសេរពាក្យថា កូនខ្មែរជាដើម។ អ្នកច្នៃម៉ូដកាបូបវ័យ៣៨ឆ្នាំរូបនេះ បញ្ជាក់ថាការច្នៃកាបូប និងអាវចេញពីក្រមានេះ គឺកើតចេញពីការមើលពីគេខ្លះ និងគំនិតច្នៃខ្លួនឯងខ្លះ។ ចំណែកការប៉ាក់រូបទង់ជាតិកម្ពុជា គឺអ្នកស្រីមើលតាមការនិយមរបស់យុវវ័យបច្ចុប្បន្ន។ «សម្ភារដែលខ្ញុំធ្វើទាំងអស់នេះ ភាគច្រើនសិស្សសាលាគាត់គាំទ្រច្រើន អ្នកខ្លះជួយផ្សព្វផ្សាយតាមហ្វេសប៊ុកគេទៀត។ ហើយរឿងប៉ាក់រូបទង់ជាតិ នៅនឹងក្រមា ឬកាបូបហ្នឹង គឺតំណាងឱ្យប្រទេស ទៅដល់ណាក៏គេឃើញទង់ជាតិខ្មែរ ក្មេងៗចូលចិត្តច្រើន ពេលខ្លះខ្ញុំដេរមិនទាន់ផង»។ អ្នកស្រីម៉ាចបញ្ជាក់បន្ថែមដូច្នេះ។
ថ្វីដ្បិតតែផលិតផលរបស់អ្នកស្រី ស្រីម៉ាច ទទួលបានការគាំទ្រច្រើនពីសិស្សសាលាក្ដី តែអ្នកស្រីត្អូញត្អែរថាពិបាកលក់ ព្រោះមិនមានទីតាំងមួយច្បាស់លាស់សម្រាប់លក់។ គាត់អាចលក់បានតែនៅពេលមានកម្មវិធីតាំងពិព័រណ៍ ឬយុទ្ធនាការជាតិម្ដងម្កាលតែប៉ុណ្ណោះ ខណៈចំណូលពីការលក់មិនទៀងទាត់ បានច្រើន ឬបានតិច អាស្រ័យលើការតាំងពិព័រណ៍។ បើតាមអ្នកស្រី ឈឿង ស្រីម៉ាច កាបូបមួយអាចចំណេញបានប្រមាណ ៥ពាន់រៀល។ អ្នកស្រី ស្រីម៉ាច បន្ថែមថា៖«ខ្ញុំដេរទុកនៅផ្ទះ ពេលមានយុទ្ធនាការជាតិ ឬ តាំងពិព័រណ៍ បានខ្ញុំយកទៅលក់។ ខ្ញុំមិនហ៊ានជួលកន្លែងគេលក់ទេខ្លាចខាត ព្រោះធ្លាប់ដឹងពីមុនហើយ យើងលក់មិនមែនចេះតែដាច់រាល់ថ្ងៃទេ»៕
Tag:
ឈឿង ស្រីម៉ាច
ពិការភាព
ច្នៃប្រឌិត
© រក្សាសិទ្ធិដោយ thmeythmey.com