ភ្នំពេញ៖ ករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឲ្យរដ្ឋាភិបាលកម្ពុជា មើលឃើញពីភាពខ្វះចន្លោះនៃច្បាប់។ ភាពខ្វះចន្លោះនោះគឺ លោក កឹម សុខា ត្រូវបានតុលាការ ប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារ ទៅជាការឃុំខ្លួនក្នុងផ្ទះ ខណៈច្បាប់កម្ពុជា ពុំមានសរសេរត្រង់ចំណុនេះ។
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានបកស្រាយថា ដោយសារតែនៅប្រទេសកម្ពុជា មិនមានច្បាប់ឃុំខ្លួនក្នុងផ្ទះ ទើបតុលាការ កំណត់ទីតាំងណាមួយ ពោលគឺយកផ្ទះរបស់លោក កឹម សុខា ធ្វើជាកន្លែងឃុំខ្លួនតែម្តង។ ប្រមុខរដ្ឋាភិបាល លើកហេតុផលថា ការសម្រេចចិត្តយកលោក កឹម សុខា ទៅឃុំក្នុងផ្ទះ គឺផ្អែកលើគោលការណ៍មនុស្សធម៌ និងដើម្បីរក្សាសុវត្ថិភាពរបស់លោក [ដែលកំពុងមានជំងឺ]។ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានច្រានចោលផងដែរ ចំពោះការរិះគន់ថា ការប្តូរទីតាំងឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំង គឺដោយសារតែមានគំនាបពីបរទេស។
និយាយដល់ការឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះ សម្តេច ហ៊ុន សែន ក៏ឆ្លៀតបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាល ក្នុងការសរសេរច្បាប់បន្ថែម ដើម្បីបំពេញភាពខ្វះចន្លោះ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មេដឹកនាំកម្ពុជារូបនេះ បានអះអាងយ៉ាងដូច្នេះថា៖«យើង ក៏ត្រូវរៀបចំនៅថ្ងៃក្រោយ ឲ្យមានច្បាប់ ដើម្បីឃុំខ្លួនក្នុងផ្ទះដែរ។ អាចជាការខ្វះចន្លោះទៅលើផ្នែកច្បាប់ [ត្រង់កន្លែងហ្នឹង]»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា វា ជាភារកិច្ចរបស់រដ្ឋាភិបាល និងរដ្ឋសភា ក្នុងការសរសេរច្បាប់បន្ថែម ដើម្បីបំពេញតម្រូវការរបស់សង្គមជាតិ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«សម្តេច លើកឡើងហ្នឹង គឺត្រឹមត្រូវហើយ ព្រោះប្រទេសយើង ចេះតែវិវត្តទៅមុខ អ៊ីចឹង យើង ត្រូវបំពេញអ្វីដែលខ្វះចន្លោះ»។
យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះ ការពិភាក្សាពីការបង្កើតច្បាប់ឃុំខ្លួនក្នុងផ្ទះ មិនទាន់កើតមាននៅឡើយទេ។ នេះបើតាមលោក សុខ ឥសាន ដដែល ដោយលោក បន្ថែមទៀតថា៖«សរសេរច្បាប់នីមួយៗ គឺយើងត្រូវការពេលយូរ និងការចូលរួមពីក្រុមប្រឹក្សាអ្នកច្បាប់។ ម្យ៉ាងទៀត រដ្ឋសភា ទើបនឹងចូលធ្វើការហ្នឹង»។
សម្តេច ហ៊ុន សែន និយាយពីការឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ គឺជាការបន្ថែមពីលើការនិយាយរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទៅជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រៃវែង ហើយបានអះអាងថា ខ្លួន ជាអ្នកបញ្ជូនមន្ត្រី ឲ្យទៅចរចាជាមួយលោក កឹម សុខា ពីការប្តូរទីតាំងឃុំខ្លួន។
នៅម៉ោងប្រមាណ៣ទៀបភ្លឺ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែគេ ទទួលដំណឹងថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ដឹកទៅដល់ផ្ទះរបស់លោកវិញ ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអំណាចនៃដីកាដោះលែងជាបណ្តោះអាសន្នរបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ទោះជាត្រូវបានដោះលែងបណ្តោះអាសន្នក្តី តែលោក កឹម សុខា បានជាប់បម្រាមយ៉ាងតឹងរឹង ដោយមិនអាចធ្វើអ្វីៗស្រេចតែចិត្តនោះទេ។ ចៅក្រមស៊ើបសួរ មិនអនុញ្ញាតឲ្យលោក ធ្វើដំណើរទៅណាមកណាឆ្លាយពីផ្ទះឡើយ ហើយក៏មិនឲ្យជួបជនបរទេស រួមទាំងអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិផងដែរ។
អតីតគណបក្សប្រឆាំង អង្គការ និងសហគមន៍អន្តរជាតិមួយចំនួន ទទូចឲ្យតុលាការកម្ពុជា ទម្លាក់ការចោទប្រកាន់ទាំងស្រុង ហើយផ្តល់សេរីភាពឲ្យបានពេញលេញដល់លោក កឹម សុខា៕