អន្តរជាតិ
មនុស្ស​ពីរ​នាក់​ត្រូវ​ចាប់ខ្លួន និង​អាច​ជាប់គុក ២០​ឆ្នាំ​ព្រោះ​ថត​វីដេអូ​ប្រដូច​មេដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា ទៅនឹង​«​សត្វ​លា​»
19, Sep 2018 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​វេ​ណេ​ស៊ុយ​អេ​ឡា​ពីរ​នាក់​ត្រូវ​ចាប់ខ្លួន និង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ដែល​អាច​នាំ​ឲ្យ​ពួកគេ​ជាប់ពន្ធនាគារ ២០​ឆ្នាំ​ផង ក្រោយពេល​ពួកគេ​បង្ហោះ​វីដេអូ​បែប​ចម្អក​ដោយ​ប្រដូច​ប្រធានាធិបតី នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ទៅនឹង​សត្វ​លា​។


 
​អ្នក​ទាំងពីរ​ដែល​ត្រូវ​ចាប់ខ្លួន​តាំងពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នោះ​មាន​ម្នាក់​ឈ្មោះ Ricardo Prieto អាយុ ៤១​ឆ្នាំ និង​ម្នាក់ទៀត Carlos Varon មាន​អាយុ ៤៥​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការសិទ្ធិមនុស្ស​វេ​ណេ​ស៊ុយ​អេ​ឡា​នៅ​ថ្ងៃ​ចន្ទ​ទី ១៧ កញ្ញា​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន  AFP បាន​ផ្សាយ​ថា ស្ថាប័ន​សិទ្ធិមនុស្ស​វេ​ណេ​ស៊ុយ​អេ​ឡា Foro Penal Rights បាន​បញ្ជាក់ថា រឿងរ៉ាវ​គឺ​កើតឡើង​ដូច្នេះ​។ អ្នក​ទាំងពីរ​នាក់​បាន​នាំគ្នា​ថត​វីដេអូ​មួយ​ដោយ​ដឹក​សត្វ​លា​មួយ​ក្បាល​ជុំវិញ​ស្ថានីយ៍​ពន្លត់អគ្គីភ័យ​នៅ​រដ្ឋ​ភាគ​ខាងលិច Merida​។ ក្នុងពេល​ថត​នោះ Prieto បាន​និយាយ​ចម្អក​ដោយ​ប្រដូច​សត្វ​លា​នោះ​ទៅនឹង​ប្រធានាធិបតី​លោក ម៉ា​ឌុយ​រ៉ូ ដើរ​ពិនិត្យមើល​ប្រជាជន​។  
 
​ពេល​សត្វ​លា​នោះ​ឈប់​ដើរ​ហើយ​ស៊ី​ស្មៅ Prieto បាន​និយាយថា​៖« នេះ​ជា​អ្វីដែល​យើង​នៅ​សេសសល់​បច្ចុប្បន្ននេះ​»​។ 
 
​ក្រោយ​ត្រូវបាន​ចាប់ខ្លួន អ្នក​ទាំងពីរ​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​បញ្ឆេះ​ការ​ស្អប់ខ្ពើម​នៅក្នុង​ប្រទេស​ស្ថិតក្រោម​ច្បាប់​ប្រឆាំង​ការ​ស្អប់ខ្ពើម​ដែល​ត្រួវបាន​ការអនុម័ត​តាំង​ពី​ឆ្នាំ ២០១៧​មក​នោះ​។ ពួកគេ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ២០​ឆ្នាំ​ឯណោះ​។ ច្បាប់​មួយ​នេះដែរ​ត្រូវបាន​អនុម័ត​ឡើង​ដោយ​សភាធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស ដែល​មិន​ត្រូវបាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ទទួលស្គាល់​។​
 
​ច្បាប់​ដដែល​នោះ​ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិសេរីភាព​បក្សនយោបាយ​និង​សិទ្ធិសេរីភាព​ព័ត៌មាន ដោយ​គេ​អាច​ប្រកា​សបាន​ថា បក្ស​នោះ​ជា​បក្ស​ខុសច្បាប់ និង​អាច​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ដោយ​សេរី​ទៀត​។ 
 
​តាមពិតទៅ រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​និង​ប្រជាជន​ក្នុងស្រុក​ផង​ដោយសារ​ការ​អសមត្ថភាព​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​សេដ្ឋកិច្ច​ដែល​កំពុង​ដួលរលំ​នោះ​។ អង្គការ​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​បាន​ព្យាករ​ថា អត្រា​អតិផរណា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​កើនឡើង​ដល់​មួយ​លាន​ភាគរយ​នៅក្នុង​ឆ្នាំនេះ ហើយ​ប្រជាជន​កំពុង​បន្ត​ភៀសខ្លួន​ដោយសារ​រងទុក្ខវេទនា​ព្រោះ​កង្វះ​ស្បៀង និង​ថ្នាំសង្កូវ​ផង​នោះ​៕
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  វិបត្តិ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com