អន្តរជាតិ
សន្តិសុខ​អ៊ីនធឺណិត​ក្លាយជា កង្វល់​ដ៏​ធំ​សម្រាប់​វិស័យ​អាជីវកម្ម​វៀតណាម​
10, Oct 2018 , 4:59 pm        
រូបភាព
រូបឯកសារ៖ លទ្ធផលនៃការ​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខ​អ៊ីនធឺណិត​នៅ​វៀតណាម
រូបឯកសារ៖ លទ្ធផលនៃការ​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខ​អ៊ីនធឺណិត​នៅ​វៀតណាម
ដោយ: VOA
​ហូជីមិញ ៖ នៅឯ​ការងារ​ចាស់​របស់​អ្នកស្រី An Nguyen ក្នុង​ទីក្រុង​ហាណូយ អ្នកស្រី​មាន​ទម្លាប់ ប្រចាំ​ថ្ងៃមួយ​គឺ នៅពេល​អ្នកស្រី​ចង់​ចូល​ប្រើ​កុំព្យូទ័រ អ្នកស្រី​ត្រូវ​ឆ្លើយ​សំនួរ​សន្តិសុខ​អ៊ីនធឺណិត​ដូចជា «​អ្វី​ទៅ​លួច​បន្លំ​ទាញយក​លេខ​កូដ​?​​» ឬ «​តើ​មេរោគ​កុំព្យូទ័រ​ដំណើរការ​យ៉ាងដូចម្ដេច​?​​»

 
​អ្នកស្រី Nguyen មិនបាន​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទេ ក៏ប៉ុន្តែ​នេះ​ជា​វិធីសាស្ត្រ​របស់​ម្ចាស់​ក្រុមហ៊ុន​ក្នុងការ​ធានា​ឲ្យ​បាន​ថា បុគ្គលិក​ទាំងអស់​យ៉ាង​ហោចណាស់​មានចំណេះដឹង​មូលដ្ឋាន​អំពី​ប្រព័ន្ធ​អ៊ីនធឺណិត​ល្អ​។​
 
​យោងតាម​អ្នកជំនាញ​ផ្នែក​សន្តិសុខ ប្រទេស​វៀតណាម​ត្រូវការ​ធនធានមនុស្ស​ជាច្រើន​ដូច​អ្នកស្រី Nguyen​។ ពួក​អ្នកជំនាញ​និយាយថា ជំនួញ​ខ្នាតតូច​របស់​ប្រទេស​វៀតណាម​ជាពិសេស​មិនដឹងថា ខ្លួន​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ពួក​លួច​ចូល​កុំព្យូទ័រ Hacker ឬ​ពី​ប្រភព​នៃ​ការ​លួច​ទិន្នន័យ​នានា​។ ហើយ​ពួកគេ​ក៏​មិនបាន​ដឹងថា ការគំរាមកំហែង​នេះ មាន​ទំហំ​ប៉ុណ្ណា​នោះទេ​។​
 
​អ្នកស្រី Nguyen ដែល​បាន​ឈប់​ពី​ការងារ​ហើយ​បានចាប់ផ្តើម​បើក​អាជីវកម្ម​ខ្លួនឯងបាន​បកស្រាយ​អំពី​ការយល់ដឹង​របស់​ជន​ជាតិ​វៀតណាម​អំពី​សន្តិសុខ​ប្រព័ន្ធ​កុំព្យូទ័រ​ថា​៖
 
«​បើ​និយាយ​ពី​សន្តិសុខ​អ៊ីនធឺណិត​សម្រាប់​យើង ជួនកាល​យើង​មាន​ទំនុកចិត្ត​ពេក ឬ​ប្រហែលជា​យើង​មិនដឹង​អំពី​បញ្ហា​នេះ​។ ដូច្នេះ យើង​មិនសូវ​ខ្វល់​ពី​រឿងនេះ​ទេ​»​។​
 
​ប៉ុន្តែ សហគ្រាស​ធុន​តូច​និង​មធ្យម គួរ​យកចិត្តទុកដាក់ ជាពិសេស​ពិចារណា​លើ​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត កាន់តែ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​វៀតណាម​។ កត្តា​ទាំងនេះ​រួមមាន​ការប្រើប្រាស់​កម្មវិធី​ដែល​ត្រូវបាន​លួច​ដោ​ន​ឡូត​មក​ប្រើ​ខុសច្បាប់​នៅ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ អត្រា​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ខ្ពស់ សង្គម​ដែល​ចូលចិត្ត​បច្ចេកវិទ្យា ខណៈដែល​មិនទាន់មាន​ការគាំទ្រ​វិស័យ​ព័ត៌មានវិទ្យា​គ្រប់គ្រាន់ ហើយ​និង​កត្តា​ទំនាក់ទំនង​ស្អប់​ផង​ស្រលាញ់​ផង​ជាមួយ​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ខាង​អ៊ីនធឺណិត​។​
 
​លោក Vu Minh Tri អនុប្រធាន​ផ្នែក​សេវាកម្ម​ផ្ទុក​ទិន្នន័យ​អន​ឡាញ​នៅឯ​ក្រុមហ៊ុន​ហ្គេម VNG ថ្លែងថា មាន​មនុស្ស​ពីរ​ប្រភេទ​គឺ អ្នក​ដែល​ត្រូវបាន​គេ​លួច​ចូល​ឬ Hack និង​អ្នក​ដែល​មិនដឹង​ខ្លួន​ថា​ត្រូវបាន​គេ hack ។​
 
​លោក Vu Minh Tri បាន​និយាយថា​៖
 
«​មានការ​និយាយ​យ៉ាងពិត​ប្រាកដ​មួយ​ថា មិនមាន​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ឬ​កុំព្យូទ័រ​ណា ដែល​មិន​រងគ្រោះ​ដោយសារ​មេរោគ​កុំព្យូទ័រ​ទេ​។ គឺ​មានតែ​ស្ថាប័ន កុំព្យូទ័រ ឬ​អ្នកប្រើប្រាស់​ដែល​មិនដឹងថា កុំព្យូទ័រ​ត្រូវ​រង​ផលប៉ះពាល់​ដោយសារ​មេរោគ​កុំព្យូទ័រ​។ ដូច្នេះ គ្រប់គ្នា​ត្រូវបាន​ប៉ះពាល់​។ វា​គ្រាន់តែ​ជា​បញ្ហា​ថា​តើ​អ្នកដឹង​ពី​រឿងនេះ​ឬក៏​អ​ត‍់​»​។​
 
​មាន​ករណី​លួច​ចូល​កុំព្យូទ័រ​ថ្មីៗ​ពី​ប្រទេស​ចិន​ដែល​នៅ​ជិតខាង ដោយមាន​ការវាយប្រហា​រ​តាម​អ៊ីនធឺណិត​មួយចំនួន ត្រូវបាន​គេ​ជឿថា ទាក់ទង​ទៅនឹង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ឬ Belt and Road Initiative របស់​ចិន ដែលមាន​គោលបំណង​ត​ភ្ជាប់​ប្រទេស​ជាច្រើន​ពី​ទ្វីបអាស៊ី​ទៅកាន់​ទ្វីបអឺរ៉ុប​តាមរយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។ ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Fireeye បាន​បង្ហាញថា ពួក Hackers ជនជាតិ​ចិន អាច​ត្រូវបាន​គេ​ជួល​ឲ្យ​ការពារ​ដៃគូ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​គម្រោង​ផ្លូវ​ក្រវ៉ាត់ ដូចជា​នៅ​កម្ពុជា ឬក៏​ត្រូវបាន​ជួល​ឲ្យ​វាយប្រហារ​ប្រទេស​ដែល​មិន​សហការ​ដូចជា​ប្រទេស​ម៉ាឡេស៊ី​ជាដើម​។​
 
​ប្រទេស​វៀតណាម​បាន​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ចំពោះ​គម្រោង​ផ្លូវ​ក្រវ៉ាត់​នេះ ដោយមាន​ក្រុម​បញ្ញា​វ័ន​ខ្លះ​បង្ហាញ​ការព្រួយបារម្ភ អំពី​ហានិភ័យ​ដូចជា​ប្រាក់កម្ចី​ដែលមាន​បន្ទុក​ធ្ងន់ និង​ការពឹងផ្អែក​ខ្លាំងពេក​លើ​ប្រទេស​ចិន​។ ប្រទេស​វៀតណាម​ក៏មាន​ហេតុផល​ដែល​ត្រូវ​ព្រួយបារម្ភ​អំពី​ជម្លោះ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​ប្រទេស​ចិន​ផងដែរ​។ ក្នុងករណី​នៃ​ការ​លូច​ចូល Hack ព្រលានយន្តហោះ​វៀតណាម​នៅ​ឆ្នាំ​២០១៦​ដ៏​ល្បីល្បាញ​មួយ គេ​សង្ស័យថា ការ​លួច​ចូល Hack គឺ​ចេញពី​ប្រទេស​ចិន បើ​យោងតាម​លេខ​អត្តសញ្ញាណ​កុំព្យូទ័រ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត ឬ IP Addresses​។​
 
​លោក Jason Kao នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​វិបត្តិ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ចូលរួម​សិក្ខាសាលា​ក្នុង​ទីក្រុង Ho Chi Minh មួយ ដែល​ការិយាល័យ​របស់លោក​បាន​ឧបត្ថម្ភ​កាលពី​សប្ដាហ៍​មុន​។ លោក Kao បាន​ថ្លែងប្រាប់​ក្រុមហ៊ុន​តូចៗ​នៅ​ទីក្រុង​ហូជីមិញ​ថា​៖
 
«​នៅក្នុង​យុគសម័យ​ឌីជីថល តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បានក្លាយ​ជាទី​ផ្សា​រ​ឌីជីថល​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក ហើយ​បាន​បង្កើត​ឱកាស​អាជីវកម្ម​យ៉ាងច្រើន​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​»​។​
 
​លោក Kao បាន​ព្រមាន​ថា សហគ្រាស​ធុន​តូច​និង​មធ្យម​ជាច្រើន​មិនបាន យកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​។​
 
​លោក Kao មានប្រសាសន៍ថា​៖
 
«​ដោយសារតែ​អាជីវកម្ម​កាន់តែច្រើន ប្រើ​កុំព្យូទ័រ​ដើម្បី​ភ្ជាប់​អតិថិជន​របស់ខ្លួន​និង​រក្សាទុក​ទិន្នន័យ ការវាយប្រហារ​តាម​អ៊ីនធឺណិត​និង​ការ​លេច​ធ្លាយ​ទិន្នន័យ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ង​រ‍​»​។​
 
​លោក Kao បន្ថែមថា ទោះជា​យ៉ាងណាក៏ដោយ បន្ទុក​ចំណាយ​ខ្ពស់​គឺជា​ហេតុផល​សមរ​ម្យ​មួយ ដែល​សហគ្រាស​ទាំងនោះ​ព្រងើយកន្តើយ​លើ​ការការពារ​សន្តិសុខ​អ៊ីនធឺណិត​នេះ​។​
 
​ម្យ៉ាង ជំនួញ​ខ្នាតតូច​អាចមាន​ទំហំ​តូច​ពេក ហើយ​មិន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពួក Hackers​។ ម្យ៉ាងវិញទៀត ជំនួញ​ខ្នាតតូច​ទាំងនេះ អាចមាន​ទំហំ​តូច​ពេក​ក្នុងការ​រ៉ាប់រង​ចំណាយ​សម្រាប់​ការធានា​ឬ​ការការពារ​ការវាយប្រហា​រ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​
 
​អ្នកស្រី Nguyen បាន​និយាយថា​៖
 
«​នៅពេល​យើង​និយាយ​អំពី​ការចំណាយ​និង​ផលប្រយោជន៍ យើង​ដឹងថា​យើង​ត្រូវតែ​ទិញ​កិច្ចសន្យា​ធានារ៉ាប់រង យើង​ដឹងថា យើង​ត្រូវការពារ​ខ្លួន​យើង​។ ប៉ុន្តែ​យើង​មិនមាន​ធនធាន​គ្រប់គ្រាន់​ទ‍េ​»​។​
 
​នោះ​ហើយ​ជា​មូល​ហេតុដែល​កម្មវិធី​ដែល​ត្រូវបាន​លួច​ដោ​ន​ឡូត​មក​ប្រើ​ខុសច្បាប់ នៅតែមាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​វៀតណាម ដែល​ការណ៍​នេះ​បានធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ត្រូវបាន​ចាត់ថ្នាក់​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែល​ត្រូវ​តាមដាន ក្នុង​របាយការណ៍​រប​ស់​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ស្ដីពី​កម្មសិទ្ធិបញ្ញា​។ ដោយសារតែ​បាន​កម្មវិធី​ដែល​ត្រូវបាន​លួច​ដោ​ន​ឡូត​មក​ប្រើ​ខុសច្បាប់​ទាំងនេះហើយ ពួក Hackers ក្រៅប្រទេស​អាច​លួច​ចូលក្នុង​កុំព្យូទ័រ​ក្នុងប្រទេស​វៀតណាម​បាន​។​
 
​ជាមួយគ្នានេះដែរ ប្រទេស​វៀតណាម​ខ្វះ​អ្នកឯកទេស​ព័ត៌មានវិទ្យា ដែល​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ទាំងនោះ​មួយចំនួន​។ តាម​ការប៉ាន់ប្រមាណ​មួយ ប្រទេស​វៀតណាម​អាច​នឹង​ប្រឈមមុខ​នឹង​កង្វះ​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​ចំនួន ១​លាន​នាក់​នៅត្រឹម​ឆ្នាំ​២០២០​។​
 
​ក្នុង​ពេលនេះ ទីប្រឹក្សា​សន្តិសុខ​ផ្ដល់នូវ​ការ​រំលឹក​ជា​មូលដ្ឋាន​មួយចំនួន​ដើម្បី​បង្កើន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ កុំ​ចុច​លើ​តំណ ឬ Links ដែល​គួរ​ឲ្យ​សង្ស័យ​ក្នុង​អ៊ី​ម៉ែ​ល​។ ប្រើ​លេខ​សម្ងាត់​រឹងមាំ ហើយ​កុំ​ប្រើ​លេខ​សម្ងាត់​ដូចគ្នា​សម្រាប់​គណនី​ផ្សេងៗ​ទាំងអស់​ដែល​អ្នក​ប្រើ​។ ហើយ​ជាការ​ពិតណាស់ ជៀសវាង​កម្មវិធី​ដែល​ត្រូវបាន​លួច​ដោ​ន​ឡូត​មក​ប្រើ​ខុសច្បាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com