អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃទី ១៨ កញ្ញាថា សមយុទ្ធមួយដែលបានធ្វើឡើងកាលពីសប្តាហ៍មុន នៅសមុទ្រចិនខាងត្បូង ដោយបានចូលរួមពីនាវាមុជទឹក មិនមែនជាការទប់ទល់នឹងសកម្មភាពរបស់ចិននៅតំបន់នោះទេ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បាននិយាយថា សមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១៣ កញ្ញា មានគោលបំណងពង្រឹងយុទ្ធសាស្ត្រ និងជំនាញរបស់កងកម្លាំងស្វ័យការពារជប៉ុនតែប៉ុណ្ណោះ និងមិនមានបំណងប៉ះពាល់បណ្ដាប្រទេសណាមួយនោះទេ។
នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា ខ្លួនបានបញ្ជូននាវាមុជទឹកមួយគ្រឿងឈ្មោះថា Kuroshio ទៅចូលរួមនៅក្នុងសមយុទ្ធប្រឆាំងនឹងនាវាមុជទឹកមួយ នៅសមុទ្រចិនខាងត្បូង ជាទីដែលចិនបន្តសាងសង់មូលដ្ឋានយោធាលើកោះសិប្បនិម្មិតក្នុងតំបន់នោះ។នាវាមុជទឹកនេះ បានចូលរួមធ្វើសមយុទ្ធដ៏កម្រនេះ ជាមួយនឹងនាវាយោធា ៣គ្រឿងផ្សេងទៀត ក្នុងនោះក៏មាននាវាដឹកឧទ្ធម្ភាគចក្រ Kaga ផងដែរ។
នេះជាលើកទីមួយហើយដែលជប៉ុនបានចេញមុខប្រកាសជាសាធារណៈថា ខ្លួនបានប្រើប្រាស់នាវាមុជទឹកក្នុងសមយុទ្ធនៅសមុទ្រចិនខាងត្បូង ដែលចិនបានទាមទារយកស្ទើរតែទាំងស្រុង។
ភ្លាមៗក្រោយការប្រកាសនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានថ្លែងទំនងជាសំដៅដល់ជប៉ុនថា ប្រទេសនៅក្រៅតំបន់ មិនគួរចូលមកបំផ្លាញស្ថិរភាព និងសន្តិភាពនៅដែនសមុទ្រចិនខាងត្បូងឡើយ។
តាមពិតទៅ ជប៉ុនមិនមែនជាភាគីជម្លោះដ៏ស្មុគស្មាញនេះឡើយ ប៉ុន្តែមហាអំណាចសេដ្ឋកិច្ចនេះសម្លឹងឃើញថាសមុទ្រចិនខាងត្បូងជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ធ្វើពាណិជ្ជកម្ម។ ជារួមប្រទេសដែលទាមទារនៅក្នុងជម្លោះដែនសមុទ្រនេះមានដូចជា ចិន វៀតណាម ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន និងព្រុយណេ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera ក៏បានរំឭកថា វាមិនមែនជាលើកទីមួយទេដែលខ្លួនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងដូច្នេះ។
រដ្ឋមន្ត្រីការពារជប៉ុនខាងលើនិយាយនៅថ្ងៃទី ១៨ កញ្ញាដូច្នេះថា៖ «កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានធ្វើសមយុទ្ធដែលរួមបញ្ចូលនាវាមុជទឹកនៅសមុទ្រខាងត្បូងជាង១៥ឆ្នាំមកហើយ»។
លោក Onodera បានសង្កត់ធ្ងន់ថា ទីក្រុងតូក្យូ និងទីក្រុងប៉េកាំង បានបង្កើតយន្តការប្រាស្រ័យទាក់ទងមួយ ក្នុងគោលបំណងបញ្ចៀសឲ្យបានរាល់ការប៉ះទង្គិចជាយថាហេតុទាំងក្នុងដែនសមុទ្រ និងដែនអាកាសដែរ។
ជុំវិញបញ្ហានេះដែរលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី ១៧ កញ្ញា ក៏ថ្លែងអះអាងតាមកញ្ចក់ទូរទស្សន៍ជប៉ុនថា សមយុទ្ធនាវាមុជទឹកជប៉ុនធ្វើឡើងក្នុងគោលដៅ ពង្រឹងជំនាញនិងសមត្ថភាពរបស់កងកម្លាំងជើងទឹកជប៉ុនប៉ុណ្ណោះ។ លោកបង្ហើបឲ្យដឹងដែរថា រដ្ឋាភិបាលលោកសម្រេចប្រកាសពីការធ្វើសមយុទ្ធនាវាមុជទឹកនេះជាសាធារណៈ ក៏ព្រោះមានប្រទេសជិតខាងមួយចំនួននៅតែព្រួយបារម្ភចំពោះសកម្មភាពរបស់ជប៉ុន៕