អន្តរជាតិ
លោក ថាក់ស៊ីន ចេញមុខបន្ទោសក្រុមយោធាដែលធ្វើរដ្ឋប្រហារធ្វើឲ្យស្រុកទេសដុនដាប
× អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់បានបន្ទោសរបបសឹកថៃថា ការដាក់គោលដៅប្រឆាំងនឹងក្រុមគ្រួសារលោកកំពុងធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពអាក្រក់ទៅៗក្នុងពេល ១២ឆ្នាំមកនេះ។
លោក ថាក់ស៊ីន បានចេញមុខបរិហារក្រុមយោធាដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃអង្គារទី ១៨ ខែកញ្ញា រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលដែលក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ថៃសម្រេចដកការរឹតត្បិតខ្លះៗលើសកម្មភាពនយោបាយក្នុងប្រទេសត្រៀមស្វាគមន៍ការបោះឆ្នោត។
គណបក្សភឿថៃនៅថ្ងៃអង្គារទី ១៨ ខែកញ្ញានេះក៏បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីទាមទារឲ្យរបបសឹកថៃដកការរឹតត្បិតទាំងស្រុងដោយគ្មានលក្ខខណ្ឌដែរដើម្បីធានាសេរីភាពសម្រាប់យុទ្ធនាការនយោបាយនៅពេលខាងមុខនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ថាក់ស៊ីន បានអះអាងពេញៗមាត់ថា រដ្ឋប្រហារដែលកើតមានឡើងកន្លងមកដើម្បីទម្លាក់លោក និង ទម្លាក់ប្អូនស្រីលោក លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់នោះបានធ្វើឲ្យប្រទេសជាតិធ្លាក់អន្តរាយ។
លោកកត់សម្គាល់ផងដែរថា វាមានក្រុមអ្នកនយោបាយខ្លះបានទាញប្រយោជន៍ច្រើនពីការធ្វើរដ្ឋប្រហារបន្តគ្នាដែរ ដោយមិនគិតគូរពីប្រយោជន៍របស់ប្រជាជនភាគច្រើនដែលមិនពេញចិត្តរដ្ឋប្រហារ និងវិបត្តិនយោបាយអូសបន្លាយមិនចេះចប់នេះ។
អតីតនាយករដ្ឋមន្ត្រីវ័យ ៦៩ ឆ្នាំលោក ថាក់ស៊ីន និយាយដូច្នេះ៖«វាមានមនុស្សខ្លះដែលមានបានដោយសារតែរដ្ឋប្រហារពីដងកន្លងមកនេះប៉ុន្តែវាមានរឿងច្រើនណាស់ដែលកាន់តែធ្លាក់ដុនដាបទៅ ហើយប្រទេសជាតិរបស់យើងត្រូវប្រជាជនទូទាំងពិភពលោកមើលឃើញថា ជាកន្លែងមិនល្អឡើយ។ តើនេះប្រទេសយើងមិនទាន់រងទុក្ខវេទនាគ្រប់គ្រាន់ទេអី?»។
តាមពិតទៅលោក ថាក់ស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃនៅក្នុងឆ្នាំ ២០០១ ហើយត្រូវយោធាទម្លាក់ពីអំណាចនៅក្នុងឆ្នាំ ២០០៦ ដែលវាជាពេលដែលវិបត្តិនយោបាយថៃចាប់ផ្តើមរីកដុះដាលកាន់តែធំ។ រហូតដល់ឆ្នាំ ២០១៤ ប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ វិញនោះត្រូវបានក្រុមយោធា ទម្លាក់ពីតំណែងនៅក្នុងខែឧសភាឆ្នាំ ២០១៤ ហើយចាប់ពីពេលនោះមកក្រុមយោធាបន្តកាន់កាប់រដ្ឋាភិបាលរហូតមក។ ដោយសារប្រឈមនឹងការកាត់ទោសផងនោះលោកស្រី យីងឡាក់ ក៏បាននិរទេសខ្លួនទៅបរទេសដូចគ្នា។
យ៉ាងណាក៏ដោយចុះ ខណៈដែលមានការរិះគន់ចលនារដ្ឋប្រហារ ក្រុមយោធាបានប្រកែក និងអះអាងថា ការអន្តរាគមន៍របស់ខ្លួនចូលក្នុងនយោបាយគឺជារឿងចាំបាច់បំផុតព្រោះវាបានរក្សាបានស្ថិរភាព សន្តិភាព និងសន្តិសុខផង។
Tag:
ថាក់ស៊ីន ស៊ីណាវ៉ាត់
ថៃ
របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com