ជាតិ
ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្ដាល​អង្គរវត្ត នឹង​កើតឡើង​នៅ​ថ្ងៃទី​២៣ កញ្ញា​
20, Sep 2018 , 8:19 am        
រូបភាព
​សៀមរាប​៖ សម​រាត្រី ឬ​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត នឹង​កើត​មាននៅ​ថ្ងៃទី​២៣ កញ្ញា ។ ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ជាច្រើន ក្នុងនោះ​ក៏មាន​ភ្ញៀវទេសចរ និង​អ្នក​ថតរូប​ពី​បណ្ដា​ប្រទេសមួយ​ចំនួន​ផងដែរ​។​

 
​បើ​ពុំមាន​ភ្លៀង​ធ្លាក់ ឬ​ពពក​ទេ នោះគេ​នឹង​អាច​ឃើញច្បាស់ ពី​គន្លង​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​។ ព្រឹត្តិការណ៍​នេះ​បានកើត​ឡើងជា​ទៀងទាត់ ក្នុង​មួយឆ្នាំ​២​ដង គឺ​នៅ​រដូវប្រាំង​វា​កើតឡើង​ក្នុង​ខែ មីនា និង​រដូវវស្សា​កើតឡើង​នៅ​ខែ កញ្ញា​។ 
 
​តាម​ការផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ព្រឹត្តិការណ៍​នេះ នឹង​ចាប់ផ្តើម​នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃទី​២៣ កញ្ញា ដែល​គេ​អាច​មើលឃើញ​នៅ​ក្លោងទ្វារ​កណ្ដាល​នៃ​គុក​តា​រាជ ឬ​ក្លោង​ទ្វារធំ​ខាងលិច​។​
 
​តាម​អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ធ្លាប់បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក ធ្លាប់បាន​និយាយថា ព្រឹត្តិការណ៍​ខាងលើ មិនមែន​បាតុភូត​ចៃដន្យ​ឡើយ​។ វា​ត្រូវបាន​បុព្វបុរស​ដែល​សាងសង់​អង្គរវត្ត បាន​គុណគូរ​យ៉ាងច្បាស់ គឺ​សង់​តម្រូវឱ្យ​កើត​ព្រឹត្តិការណ៍​នេះ​តែម្តង តាមរយៈ​ការស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​សំណង់​ស្ថាបត្យកម្ម និង​វិស័យ​តារាសាស្ត្រ​។ ហើយ​រយៈពេល​នេះដែរ គឺ​ពេលវេលា​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្មើគ្នា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ឹម សុខ​រិទ្ធី ដែល​ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក​។​
 
​ក្រៅពី​កើត​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះហើយ ជា​រៀងរាល់​ឆ្នាំមាន​ព្រឹត្តិការណ៍​មួយទៀត គឺ​ពេល​វេលាយប់​វែង​ជាង​ថ្ងៃ និង​ថ្ងៃ​វែង​ជាង​យប់​។ ពេលយប់​វែង​ជាង​ថ្ងៃ កើតឡើង​នៅ​ថ្ងៃទី​២១ ខែធ្នូ ហើយ​ថ្ងៃ​វែង​ជាង​យប់ កើតឡើង​នៅ​ថ្ងៃទី ២១ ខែមិថុនា​។​
 
​ភស្ដុតាង​នេះហើយ ដែល​អ្នកស្រាវជ្រាវ​យក​មក​បញ្ជាក់​ពី​មូលហេតុ​ដែល​ដូនតា​សង់​អង្គរវត្ត​បែរមុខ​ទៅ​ទិស​ខាងលិច​។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា គេ​នឹង​មិនអាច​ឃើញ​ព្រឹត្តិការណ៍​ខាងលើ​បាន​នោះទេ ប្រសិនបើ​អង្គរវត្ត​សង់​បែរ​ទៅ​ទិសខាងកើត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com