កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann ចង់បាន Ballon d'Or ក្រោយ​អន់​ចិត្តនឹង FIFA តែ​ត្រូវ Ramos រិះគន់​
20, Sep 2018 , 8:39 am        
រូបភាព
Antoine Griezmann តារា​ឆ្នើម​របស់ Atletico Madrid និយាយថា​រូបគេ​នៅតែ​មិនអាច​យល់ថា​ហេតុអ្វី​បានជា​ខ្លួន​មិន​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (FIFA) បោះឆ្នោត​ជ្រើសរើស​ក្នុងចំណោម​កីឡាករ​៣​រូប​ចុងក្រោយ​ដើម្បី​ប្រជែង​ពាន FIFA Best awards​។ ទោះ​យ៉ាងនេះ​ក្តី ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង​រូបនេះ​សង្ឃឹមថា​ខ្លួន​នឹង​ឈ្នះ​ពាន Ballon d'Or ដែលជា​ពាន​ធំជាងគេ​ដើម្បី​ជំនួស​វិញ​។ Sergio Ramos បាន​រិះគន់​ចំៗ​ចំពោះ​ការលើកឡើង​របស់ Griezmann បែបនេះ​។​


 
Griezmann ដែល​បាន​ជួយ​បារាំង​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup​នៅ​រុស្ស៊ី បាន​ប្រាប់​កាសែត​អេ​ស្ប៉ា​ញ AS ថា​៖«​នេះ​ជា​ពានរង្វាន់​របស់ FIFA តែ​វា​គួរ​ឲ្យ​អាសូរ​ណាស់​ដែល​គ្មាន​បេក្ខភាព​កីឡាករ​ដែល​ឈ្នះ World Cup សូម្បីតែ​ម្នាក់​ដើម្បី​ជ្រើសរើស​យកទៅ​ប្រជែង​៣​រូប​ចុងក្រោយ​»​។​
 
Cristiano Ronaldo រួមទាំង Luka Modric ដែល​ជួយ Real Madrid លើក​ពាន Champions Leageu ៣​រដូវ​កាល​ជាប់​គ្នា និង​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប Mohamed Salah ដែល​បង្ហាញខ្លួន​ឲ្យ Liverpool នៅ​រដូវ​កាល​ដំបូង​យ៉ាង​ល្អឥតខ្ចោះ​ស្ថិតក្នុង​បេក្ខភាព​៣​នាក់​ចុងក្រោយ​ដែល​ត្រូវ​ប្រជែង​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ២០១៨ របស់ FIFA នេះ​។​
 
​ប៉ុន្តែ​សម្រាប់ Griezmann ដែល​បាន​ជួយ Atletico ឈ្នះ​ពានរង្វាន់ Europa League និង​ដើរតួ​យ៉ាងសំខាន់​ដើម្បី​នាំ​មាន់គក​បារាំង​លើក​ពាន World Cup ជា​លើក​ទី​២ មិនត្រូវ​បាន FIFA ជ្រើសរើស​ឡើយ​។​
 
​បើទោះបី​មិនជា​ប់​ក្នុង​ជម្រើស​របស់ FIFA ក្តី ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ​សង្ឃឹម និង​មាន​មហិច្ឆតា​ថា​រូបគេ​នឹង​អាច​ឈ្នះ​ពាន Ballon d'Or ដែល​ផ្តល់​ដោយ​ទស្សនា​វ​ដ្តី​បាល់ទាត់​បារាំង​សម្រាប់​កីឡាករ​ឆ្នើម​ដែល​ត្រូវបាន​អ្នកកាសែត​កីឡា​នៅ​ជុំវិញ​ពិភពលោក​បោះឆ្នោត​ឲ្យ​។​
 
«​ខ្ញុំ​គិតថា Ballon d'Or ជា​ពានរង្វាន់​មាន​កិត្យានុភាព​លើសគេ និង​ពោ​ពេញ​ដោយ​ប្រវត្តិសាស្ត្រ​»​។ Griezmann បន្ថែម​ដូច្នេះ​។​
 
​ការលើកឡើង​របស់ Griezmann ជុំវិញ​ពាន Ballon d'Or ខាងលើ​ក៏ត្រូវ​បាន​រង​ការរិះគន់​ចំៗ​ផងដែរ​ពី​សំណាក់​ខ្សែការពារ Real Madrid កីឡាករ Sergio Ramos​។​
  
 
«​នៅពេល​ខ្ញុំ​លឺ​សម្តី​ក្មេង​ម្នាក់នេះ​និយាយ ខ្ញុំ​ចងចាំ​ថា​មាន​កីឡាករ​ដូចជា Francesco Totti, Raul, Gianluigi, Buffon, Iker, Casillas, Paolo, Maldini, Xavi ឬ Andres Iniesta ជាដើម​បានឈ្នះ​ពាន​គ្រប់យ៉ាង​ប៉ុន្តែ​មិនមែន Ballon d'Or ទេ​។ មនុស្ស​គ្រប់រូប​មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ ប៉ុន្តែ​ខ្ញុំ​គិតថា​គាត់ [Griezmann] គួរតែ​ទទួលយក​ដំបូន្មាន​ពី​លោក Diego Simeone, Diego Godin ឬ Koke ដែលមាន​តម្លៃ​បំផុត​ក្នុង​ការជួយ Atletico Madrid យ៉ាង​ល្អឥតខ្ចោះ​»​។ នេះ​ជាការ​លើកឡើង​របស់ Ramos​។​
 
​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បន្ថែមថា Griezmann មិនគួរ​មើលរំលង Lionel Messi និង Cristiano Ronaldo ដើម្បី​ក្រសោប​ពាន​លំដាប់​កំពូល​ពិភពលោក​នេះ​ទេ​៕
 

Tag:
 បាល់ទាត់​
  FIFA Best awards
  Ballon d\'Or
  Antoine Griezmann
  Sergio Ramos
© រក្សាសិទ្ធិដោយ thmeythmey.com