អត្ថបទពាណិជ្ជកម្ម
«​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​»​សៀវភៅ​ដែល​រៀបរាប់​ពី​ជីវិត​តស៊ូ និង​ឈឺ​ចាប់ពី​កុមារ​របស់លោក​ឧកញ៉ា គួច ម៉េង​លី​
19, Sep 2018 , 5:16 pm        
រូបភាព
ដោយ:
​លោក​ឧកញ៉ា គួច ម៉េង​លី បានដាក់​សម្ពោធ​សៀវភៅ​មួយ​ថ្មី​ទៀត ដែលមាន​ចំណងជើង​ថា «​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​» នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នេះ នា​Monument Book​។ សៀវភៅ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ដ៏​ក្ដុកក្ដួល​របស់​កម្ពុជា និង​ដកស្រង់​ចេញពី​ជីវិត​តស៊ូ និង​ឈឺចាប់ កាលពី​កុមារភាព​របស់ លោក​ឧកញ៉ា គួច ម៉េង​លី​ផ្ទាល់​។
 
«​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​» ជា​ស្នាដៃ​និពន្ធ​របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន ត្រូវបាន​បោះពុម្ពផ្សាយ​ចំនួន​៣០០០​ច្បាប់ ដោយ​គ្រឹះស្ថាន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ​. គួច នៅ​ខែឧសភា ឆ្នាំ​២០១៨​។ 


 
​លោក​ឧកញ៉ា គួច ម៉េង​លី ដែល​បាន​ឲ្យ​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​នេះ​ថា ខ្លឹមសារ​នៅក្នុង​សៀវភៅ​កម្រាស់​២៥០​ទំព័រ​នេះ គឺ​រៀបរាប់​ពី​កម្រង​ជីវិត​ពិត​របស់​ក្រុមគ្រួសារ​របស់ខ្លួន ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ខេត្តបាត់ដំបង ទៅកាន់​ជំរំ​នៅ​ជាយដែន​កម្ពុជា​-​ថៃ បំណង​ភៀសខ្លួន​ទៅ​ប្រទេស​ទី​៣ ដើម្បី​ស្វែងរក​សេរីភាព​ជីវិត​។ សៀវភៅ​នេះ ក៏បាន​រៀបរាប់​ពី​ការរត់​គេចចេញ ពី​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​ពួក​ខ្មែរក្រហម ជាពិសេស​គេចចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា របស់​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា គាំទ្រ​ដោយ​កងទ័ព​វៀតណាម​ផងដែរ​។ នេះ​បើតាម​លោក​ឧកញ៉ា គួច ម៉េង​លី ដែល​បាន​បន្ត​បញ្ជាក់ថា ការរត់​គេច​នេះ គឺ​បាន​ជំរុញ​ឲ្យ​ក្រុមគ្រួសារ​លោក​ឧកញ៉ា ទៅដល់​ជាយដែន​កម្ពុជា​-​ថៃ និង​ស្នាក់​នៅក្នុង​ជំរំ​បណ្តោះអាសន្ន​ឈ្មោះ​ណង​ចាន់ ស្ថិតនៅ​ក្នុងភូមិ ឃុំ​ណង​ចាន់ ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ ឧកញ៉ា គួច ម៉េង​លី រៀបរាប់​ទៀតថា​ផ្ទុយ​ពី​សេចក្ដី​រំពឹងថា​បាន​ទៅ​ប្រទេស​ទី​៣ នៃ​ទីឋាន​សេរីភាព និង​សន្ដិភាព   ជា​អកុសល ស្នាក់នៅ​ជំរំ​នោះ​ប្រហែល​មួយ​សប្តាហ៍ ក៏ត្រូវ​ទាហាន​ប៉ា​រ៉ា​ថៃ ដឹកជញ្ជូន​ឆ្ពោះទៅ​ទម្លាក់​ជ្រោះ​ភ្នំ​ដងរែក​។ លោក ឧកញ៉ា គួច ម៉េង​លី រៀបរាប់​បន្តថា​៖«​ទី​ភ្នំ​ដងរែក​នោះ​ហើយ​ដែល​ក្រុមគ្រួសារ​ខ្ញុំ ក៏ដូចជា​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​ផ្សេងទៀត ត្រូវ​ទាហាន​ប៉ា​រ៉ា​ថៃ បង្ខំ​ឱ្យ​ដើរ​ទម្លាក់​ជ្រោះ​មរណៈ​ដ៏​សែន​ចោត និង​មហា​ប្រល័យ ព្រោះ​នៅ​ផ្នែក​ខាងក្រោម​នៃ​ជ្រោះ គឺ​ពោរពេញ​ដោយ​គ្រាប់មីន​។ គ្រាប់មីន​ទាំងនោះ បើតាម​តួលេខ បាន​ឆក់យក​ជីវិត​ជនភៀសខ្លួន​ប្រហែល​៣០០០០​នាក់ និង​ជាង​២០០០០​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន ហើយ​ជនភៀសខ្លួន​ទាំងនោះ​ប្រមាណ​៩០​ភាគរយ ត្រូវគេ​រកឃើញថា មាន​ជំងឺ​វិបល្លាស​ស្មារតី ឆាប់​ភ័យ តក់ស្លុត និង​បាក់ស្បាត​»​។ 


 
​ទោះយ៉ាងណា​ការរៀបរាប់​ខាងលើ​មិនអាច​លម្អិត​ពី​ន័យ សេចក្តី​អស់នោះ​ឡើយ ប៉ុន្តែ​ខ្លឹមសារ​លម្អិត​ពីស​ភាព​នៃ​ដំណើរ​ដើរកាត់​ជ្រោះ​មរណៈ ដ៏​មហា​សែន​ប្រល័យ ទី​ជ្រលង​ជ្រោះ​ភ្នំ​ដែល​សម្បូរ​ដោយ​គ្រាប់មីន​បង្កៃ ដំណើរ​ឆ្លងកាត់​គំនរ​សាកសពរ​ណូ​ក​រណែល ការបង្ខំចិត្ត​ផឹកទឹក​ដងអូរ​ដែលមាន​ខ្មោច​អណ្ដែត​ស្ពីង​និង​មាន​ខ្លាញ់​រលើប ការ​រើស​ចំណី​ពី​ខ្មោច សម្រែក​នៃ​សេចក្ដី​សោកសង្រេង កើតចេញពី​ការ​និរាស​ព្រាត់ប្រាស់​ក្រុមគ្រួសារ​សាច់ញាតិ សភាព​រងទុក្ខវេទនា បណ្ដាលមកពី​អត់​អាហារ អាកាសធាតុ និង​ស្ថានភាព​ផ្លូវ​មិន​អំ​ណោ​ផល ការ​វង្វេង​ក្នុងព្រៃ​ឫស្សី សភាព​ដេក​ក្នុង​ទឹក ការដើរ​សុំទាន​គេ បូករួម​នឹង​ជីវិត​ពី​កុមារភាព និង​ការឆ្លងកាត់​របប​អាវខ្មៅ​ដោយ​អន្លើ នៃ​យុវភាព​របស់លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី និង​ក្រុមគ្រួសារ ត្រូវបាន​លាតត្រដាង​នៅក្នុង​សៀវភៅ​«​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​»​។​
 
​លោក ឧកញ៉ា គួច ម៉េង​លី រៀបរាប់​ទៀតថា គួ​រម្លឹកថា គ្រឹះ​សា្ថ​ន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ​. គួច បាន​បោះពុម្ព​សៀវភៅ​ដូចខាងក្រោម ៖
 
​សៀវភៅ «​អ្នកជា​មនុស្ស​ល្អ ល្អប្រសើរ និង​ល្អ​អស្ចារ្យ​» បោះពុម្ព​នៅ​ឆ្នាំ​២០១៦​។​
​សៀវភៅ «​ទស្សន​អាជីវកម្ម គួច ម៉េង​លី​»  បោះពុម្ព​នៅ​ឆ្នាំ​២០១៦​។​
​សៀវភៅ «​ជំនួប​តុ​កាហ្វេ រវាង ដុក​ទ័​រ ម៉េង​លី និង​ខ្ញុំ​» បោះពុម្ព​នៅ​ឆ្នាំ​២០១៦​។​
​សៀវភៅ «​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​»​បោះពុម្ព​នៅ​ឆ្នាំ​២០១៨៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com